Danh sách tin tức
បច្ចេកទេស បំប៉នមាន់ស្រែយកសាច់
បងប្អូនដែលចង់ចិញ្ចឹមមាន់ស្រែ ដើម្បីលក់ ផ្គត់ផ្គង់ទីផ្សារ ចង់ចិញ្ចឹមមាន់ស្រៃ ឆាប់ទទួលបានទិន្នផល សូមស្វែងយល់ ពីបច្ចេកទេសក្នុងការបំប៉នមាន់ស្រែ ដូចខាងក្រោម៖ គុណសម្បត្តិកូនមាន់ស្រែ កូនមាន់សុខភាពល្អ និងលូតលាស់លឿន កូនមាន់មានអាយុពី ២១-៣១ថ្ងៃ មានទម្ងន់សមស្របសម្រាប់ចិញ្ចឹម ចិញ្ចឹមមិនងាយឈឺ ដោយបានចាក់វ៉ាក់សាំងការពារជំងឺ ២-៣មុខ រួចជាស្រេច ដូចជាជំងឺ ញ៉ូវកាស កំបូរ៉ូ និងអុត ត្រូវបន្ថែមការចាក់វ៉ាក់សាំង ជំងឺអាសន្នរោគ នៅពេលមាន់អាយុបាន ២ខែ ការជ្រើសរើសទីតាំង ទីកន្លែងចិញ្ចឹមមិនត្រូវលិចទឹក ក្បែរផ្ទះ ងាយស្រួលថែទាំ និងឲ្យចំណី កន្លែងចិញ្ចឹមត្រូវ មានម្លប់ខ្លះ ពន្លឺខ្លះ មានខ្យល់អាកាសចេញចូលគ្រប់គ្រាន់ បើទីវាលគ្មានម្លប់ គួរដាំដើមឈើ ដូចជាល្ហុង ដំឡូងមី កន្ធំថេត រុក្ខជាតិហូបផ្លែ ដាំត្រឡាច ឃ្លោក ននោងជាដើម គួរធ្វើរបងព័ទ្ធ ពីឬស្សី កូនឈើ ឬព័ទ្ធសំណាញ់ជ័រ ឬលួសសំណាញ់ តាមលទ្ធភាព ដើម្បីការពារមាន់ ការសង់ទ្រុងគំរូចិញ្ចឹមបំប៉នកូនមាន់សាច់ សង់ទ្រុងបណ្តោយ ៦ម៉ែត្រ និងទទឹង៣ម៉ែត្រ ចែកជា២ បន្ទប់ ជើងរៀងទ្រុងកម្ពស់ ១,៧ម៉ែត្រ និងសសរកណ្តាល កម្ពស់៣,២ម៉ែត្រ បាំងសំណាញ់ចេញក្រៅពី ៣-៤ម៉ែត្រ និងចែកជាបន្ទប់ៗ សម្រាប់មាន់ដើរ និងហាលថ្ងៃ សំយ៉ាបសម្រាប់រក្សាកូនមាន់ ២,៥ម៉ែត្រ X ៥ម៉ែត្រ ធ្វើធ្នើមាន់ដេក កម្ពស់ពីដី ០,៧ម៉ែត្រ និងបន្ទាធ្នើ០,៧ម៉ែត្រ ផ្ទៃដីកន្លែងដេក ១ម៉ែត្រការ៉េ ដាក់មាន់បាន៧-៨ក្បាល សម្ភារកូនមាន់ ស្នូកចំណី អាចច្នៃពីកានជ័រ ឬប៊ីងដុងតូចធំ ប្រើស្នូកចំណី ទិញពីផ្សារក៏បាន ធុងទឹកសម្រាប់មាន់ផឹក មានចំណុះ ២លីត្រ សមា្រប់មាន់តូច ធុងទឹកសម្រាប់មាន់ផឹក មានចំណុះ ៤-៦លីត្រ សម្រាប់មាន់ធំ គេអាចប្រើប្រព័ន្ធតទុយោអោយផឹកស្វ័យប្រវត្តិក៏បាន ករណីចិញ្ចឹមច្រើន របៀបជ្រើសរើសកូនមាន់ចិញ្ចឹម រាងល្អ ក្លៀវក្លា ជើងលឿង អាយុយ៉ាងតិច២១ថ្ងៃ មិនត្រូវចិញ្ចឹមកូនមាន់ មានរោមស្អិតជាប់គ្នា ពោះធ្លាក់ ឬរឹង និងមានពណ៌ខៀវ កូនមាន់ចាក់វ៉ាក់សាំង ការពារជំងឺបានយ៉ាងតិច ៣មុខ គឺញ៉ូកាស កំបូរ៉ូ និងអុតមាន់ ទិញកូនមាន់ដែលស្គាល់ប្រភពច្បាស់លាស់ ការរបៀបចំទ្រុងមុនដាក់កូនមាន់ ផ្ទៃបាតទ្រុង ត្រូវស្ងួតជានិច្ច បាចកំបោរសក្នុងទ្រុង ឬបាញ់ថ្នាំសម្លាប់មេរោគ រៀងរាល់មុនដាក់មាន់ចិញ្ចឹម ១អាទិត្យ ក្រាលអង្កាមបាតទ្រុង កម្រាស់១-២ស.ម ការថែទាំកូនមាន់ក្រោយដឹកជញ្ជូនភ្លាម បើកូនមាន់ដឹកជញ្ជូនរយៈពេលយូរ ឬផ្លូវឆ្ងាយ ត្រូវឲ្យកូនមាន់ផឹកទឹកលាយក្រូចឆ្មារ ឬវីតាមីនសេ មានរសជាតិជូរតិច ចំណីសម្រាប់មាន់ លាយចំណីលាយស្រេច (ចំណីបាវ) ៥០% និងចំណីរកបានតាមភូមិ៥០% ដូចជា ស្រូវ ចុងអង្ករ កន្ទក់ ពោត (បុកឬកិន)ត្រកួន ស្មៅ ផ្ទី ស្លឹកបាស កន្ធំថេត ចកបាយទា ។ល។ បន្ថែមម្សៅខ្យង ខ្ចៅ លៀស ឬសំបកក្តាម លាយក្នុងចំណី ១ស្លាបព្រាហ្វេ រៀងរាល់ ២-៣ថ្ងៃម្តង 👉 វិធីផ្សំចំណីសម្រាប់ បំប៉នមាន់ស្រែ កម្រិតសារធាតុចិញ្ចឹមសម្រាប់មាន់បំប៉នយកសាច់ ប្រូតេអីន ១៨-២០% ជាតិខ្លាញ់ ៤% ជាតិសែលុយឡូស ៣-៥% កាល់ស្យូម ១% ផូស្វ័រ ០,៧% អំបិល ០,៣-០,៥% អនាម័យការចិញ្ចឹមមាន់ មុនដាក់មាន់ចិញ្ចឹម ១អាទិត្យ ត្រូវសម្អាតទ្រុង និងបាចទឹកកំបោរស សម្លាប់មេរោគ ដាក់ចិញ្ចឹមជាក្រុម តាមអាយុ ដាក់ទឹកកំបោរស នៅមាត់ទ្វារចូល ដើម្បីសម្លាប់មេរោគ នៅបាតស្បែកជើងមុនចូលទ្រុង ផ្លាស់ប្តូរ ទឹកស្អាត ឲ្យមាន់ផឹក ឲ្យបានញឹកញាប់ ត្រូវបញ្ចេញមាន់លក់ទាំងអស់ ក្នុងទ្រុងជាមួយគ្នា ចំពោះមាន់ងាប់ដោយជំងឺ ត្រូវកប់ឬដុតចោល ហាមមិនឲ្យឈ្មួញទិញមាន់ និងអ្នកដទៃ ចូលក្នុងទ្រុងមាន់ ឬទីធ្លាចិញ្ចឹមមាន់ វិធានការការពារជំងឺឆ្លង ដើម្បីកុំឲ្យមាន់កើងជំងឺ ចាំបាច់ត្រូវ៖ ចាក់វ៉ាក់សាំងការពារ មុនពេលសត្វឈឺ ត្រូវចាក់វ៉ាក់សាំង ការពារដល់មាន់ទាំងអស់ និងទៀងទាត់ពេលវេលា មាន់១ក្បាល ត្រូវចាក់វ៉ាក់សាំង យ៉ាងតិចបំផុត ៤មុខ គឺ ជំងឺ ញ៉ូកាស កំបូរ៉ូ អុតមាន់ និងអាសន្នរោគ ត្រូវផ្តល់ថ្នាំទម្លាក់ព្រូន រៀងរាល់៣ខែម្តង កម្មវិធី ចាក់វ៉ាក់សាំង និងទម្លាក់ព្រូន អាយុពី ១-៣ថ្ងៃ បន្តក់វ៉ាក់សាំងញ៉ូកាស នៅភ្នែក ឬច្រមុះ អាយុពី ៧-១០ថ្ងៃ ចាក់វ៉ាក់សាំងអុត ជួសស្លាបរង អាយុ ២ខែ ចាក់វ៉ាក់សាំងអាសន្នរោគ នៅសាច់ដុំទ្រូង អាយុ ២ខែកន្លះ ដាក់ថ្នាំទម្លាក់ព្រូន លាយជាមួយចំណី ប្រមូលផល រយៈពេល៣-៤ខែ អាចប្រមូលផលបានហើយ អាស្រ័យលើការថែទាំនិងផ្តល់ចំណីបានគ្រប់គ្រាន់ មាន់សាច់មានទម្ងន់ចាប់ពី ១,២ គ.ក្រ/ក្បាល។ ប្រិយមិត្តអាចទិញលក់ទីផ្សារកសិផល តាមរយះតំណរនេះ 🏪 https://t.me/agmarketplace ចំណាប់អារម្មណ៍ តាមរយៈអត្ថបទខាងលើនេះ មានប្រយោជន៍ណាស់ សម្រាប់អ្នកដែលស្រលាញ់សត្វ ចង់ចិញ្ចឹមសត្វ ក៏ដូចជាចង់ចិញ្ចឹមមាន់ស្រែដោយខ្លួនឯង អាចមើលពីបច្ចេកទេសសាមញ្ញៗ ក្នុងការចាប់ផ្តើមការចិញ្ចឹមមាន់ស្រែបំប៉នយកសាច់នេះបាន។ ការចិញ្ចឹមមាន់ស្រែ ជាលក្ខណៈគ្រួសារ អាចជួយផ្គត់ផ្គង ការហូបចុកប្រចាំថ្ងៃ និងជាមុខរបរមួយ ជួយបង្កើតឳកាសការងារ និងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារបានមួយផ្នែក។
2 months ago
8
វិធីសាស្ដ្រ​នៃ​ការចិញ្ចឹម​មាន់ស្រុក​
ប្រទេសកម្ពុជាយើងជាប្រទេសមួយមានបរិយាកាសក្ដៅខ្លាំងនៅរដូវក្ដៅ តែក្នុងករណីខ្លះក្នុងរដូវវស្សាក៏មានអាកាសធាតុក្ដៅដែរ។ កំដៅក្ដៅខ្លាំងគឺជាកត្តាមួយដែលធ្វើឲ្យសត្វចិញ្ចឹមភាគច្រើនជួបប្រទះនូវជម្ងឺរាតត្បាតបណ្ដាលឲ្យអ្នកចិញ្ចិមជួបការខាតបង់។ទោះបីការចិញ្ចឹមនោះជាលក្ខណៈគ្រួសារ ឬក្នុងទម្រង់ជាកសិដ្ធានក្ដីសឹងតែងតែជួបប្រទះនូវការខាតបង់ការខាតបង់គឺបណ្ដាលមក ពីសត្វឈឺងាប់ មិនមានមធ្យោបាយក្នុងការព្យាបាល ឬការពារសត្វទាំងនោះពីជម្ងឺរាតត្បាតនានា។ ចំពោះវិធីសាស្ដ្រក្នុងការចិញ្ចឹមមាន់ស្រុកមានច្រើនបែប៖ 1- ការចិញ្ចឹមដោយលែងឲ្យដើររកស៊ីដោយសេរី 2- ការចិញ្ចឹមដោយមានធ្វើរបងព័ទ្ធជុំវិញបរិវេណចិញ្ចឹម 3- ការចិញ្ចឹមក្នុងរោងនៅផុតពីដី (1) ការចិញ្ចឹមឲ្យដើរដោយសេរី ការចិញ្ចឹមមាន់ឲ្យដើររកស៊ីដោយសេរីច្រើនជួបប្រទះនៅបញ្ហាច្រើនជាងគេ ព្រោះមាន់អាចស៊ីប៉ះចំ ចំណីដែលមានមេរោគឆ្លង ឬក៏ពួកវាអាចផឹកទឹកដែលកខ្វក់មានមេរោគ។ មាន់ដែលលែងឲ្យដើររកស៊ីដោយសេរីងាយឆ្លងជម្ងឺបំផុតក្រៅពីនោះវាអាចត្រូវបានបាត់បង់ ដោយឆ្កែខាំ ឬឈឺងាប់ដោយម្ចាស់មិនបានដឹង និងមានការលូតលាស់យឺតជាទីបំផុត ព្រោះជួនកាលវាអាចរកចំណីស៊ីបានគ្រប់គ្រាន់តែពេល ខ្លះក៏មិនបានគ្រប់គ្រាន់។ ក្នុងករណីដែលវាមិនអាចរកចំណីបានគ្រប់គ្រាន់ទេនោះ មាន់អាចខ្សោយកម្លាំងងាយឲ្យមេរោគរាតត្បាត និងងាយ ឆ្លងជម្ងឺ។ ដូច្នេះការចិញ្ចឹមមាន់បែបប្រយោលដោយលែងឲ្យដើររកចំណីមិនមែនជាវិធិសាស្ដ្រមួយល្អនោះឡើយ និងគួរជៀសវាងបើសិនជា អាចធ្វើបាន។ (2)ការចិញ្ចឹមមាន់ដោយមានព័ទ្ធរបងជុំវិញ វិធីចិញ្ចឹមមាន់ដោយមានព័ទ្ធរបងបង្ខាំងកុំឲ្យវាដើរដោយសេរីជាជម្រើសមួយល្អជាងការចិញ្ចឹមដោយលែងឲ្យវាដើរដោយសេរី ពីព្រោះយើងអាចគ្រប់គ្រងវាបានស្ទើរតែទាំងស្រុង អាចការពារវាបានពីការឆ្លងមេរោគពីទីដ៏ទៃ និងមានលទ្ធភាពផ្ដល់ចំណីឲ្យវាបានគ្រប់គ្រាន់ ដូចនេះការធំលូតលាស់របស់វាក៏ប្រសើរជាងមាន់ដែលលែងឲ្យដើររកស៊ីដោយខ្លូនវាដែរ។ (3)ការចិញ្ចឹមដាក់ក្នុងទ្រុង វិធីចិញ្ចឹមមាន់ដាក់ក្នុងរោងមានការចំណាយច្រើនបន្តិច និងទាមទារឲ្យមានការថែទាំដិតដល់ជាងវិធីទាំងពីរខាងដើម ព្រោះមាន់ ទាំងនោះត្រូវពឹងទាំងស្រុងទៅលើការផ្ដល់ចំណីនិងទឹកឲ្យវាឲ្យបានគ្រប់គ្រាន់ ដូច្នេះការធំលូតលាស់ក៏លឿនជាងវិធីផ្សេងដែរ។ ការឆ្លងជំងឺរាតត្បាត គឺមានអត្រាតិចជាង ឯការខាតបង់វិញក៏មានតិចដែរ ប៉ុន្តែវាទាមទារឲ្យអ្នកចិញ្ចឹមត្រូវមានទុនគ្រប់គ្រាន់ ក្នុងការទិញចំណីមកផ្ដល់ឲ្យ និងមានមធ្យោបាយសម្រាប់ដាក់ចំណី និងទឹកឲ្យវាបានត្រឹមត្រូវ។ ដើម្បីឲ្យការចិញ្ចឹមមាន់ស្រុកទទួលបានជោគជ័យវាទាមទារឲ្យមាន៖ -ទីកន្លែងសម្រាប់ចិញ្ចឹមមួយសមស្របមានម្លប់ពីដើមឈើមិនស្ថិតនៅក្នុងភូមិដែលមានផ្ទះសម្បែងជិតៗគ្នាពេក។ -មានបរិយាកាសល្អ -មានប្រភពទឹកស្អាត -មានថ្នាំសម្រាប់ការពារសត្វពីជម្ងឺ -មានថ្នាំសម្រាប់ព្យាបាលពេលមាន់ឈឺ -ចេះវិធីផលិតចំណីផ្សំ ឬមានលទ្ធភាពទិញចំណីបានសម្រាប់ឲ្យវាស៊ី -ចេះបច្ចេកទេសក្នុងការថែទាំបានត្រឹមត្រូវ ការសាងសង់រោងចិញ្ចឹមមាន់បែបមានទីធ្លា: រោងទីធ្លាសម្រាប់ចិញ្ចឹមមាន់ត្រូវធ្វើរបងសំណាញ់ព័ទ្ធជុំវិញ និងគ្របសំណាញ់ពីលើ ត្រង់ទីធ្លាសម្រាប់ចិញ្ចឹម។ ទ្រុងមាន់ដែល សង់សម្រាប់ការចិញ្ចឹមបែបមានទីធ្លាត្រូវធ្វើនៅផ្នែកខាងៗរបស់ទីធ្លាចិញ្ចឹមប្រក់ដោយស្បូវ ឬស្លឹកត្នោតការពារកុំឲ្យក្ដៅនៅរដូវក្ដៅ ទ្រុងត្រូវ ធ្វើផុតពីដីកំពស់ប្រហែល70 ស.ម យ៉ាងតិច និងក្រាលបាតក្រុងដោយសំណាញ់ ឬបន្ទះរនាបឬស្សី ឬឈើនីវ (ឈើរនាបគ្រែ)ដោយមាន ទុកប្រហោង 2 ឬ 3ស.ម ឲ្យអាចម៍មាន់អាចធ្លាក់មកដីបាន។ ដាំដើមអង្កាញ់ ឬដើមឆ័ត្រ សម្រាប់ធ្វើជាម្លប់ការពារនារដូវក្ដៅ។ ក្រៅពីនេះត្រូវដាំដើមកន្ធុំថេតទុកសម្រាប់ធ្វើជាចំណីឲ្យវា។ ចក បាយទា ត្រកួន ក៏អាចប្រើជាចំណីឲ្យមាន់បានដែរ គួរជីកប្រឡាយក្រាលផ្លាស្ទិចដាំវាឲ្យបានច្រើននៅក្បែរៗបរិវេណកន្លែងដែលយើង ចិញ្ចឹមវា។ ការចិញ្ចឹមដោយមានទុកទីធ្លានៅចំកណ្ដាល គឺជាមធ្យោបាយមូយសមស្របបំផុតសម្រាប់ការចិញ្ចឹមជាលក្ខណៈគ្រួសារបែប កសិដ្ធានខ្នាតតូច ព្រោះវិធីនេះចំណាយលុយតិច អាចធ្វើបានទៅតាមធនធានដែលមាន និងអាចពង្រីកនៅពេលក្រោយៗបាន។ សម្រាប់ទីធ្លាដែលមានទំហំប្រហែល 10ម៉ែត្របួនជ្រុង យើងអាចចិញ្ចឹមមាន់បានចំនួនប្រហែល 500ក្បាល ប៉ុន្តែរោងសម្រាប់ ឲ្យវាដេកពេលយប់ត្រូវធ្វើឲ្យបានគ្រប់គ្រាន់មិនត្រូវឲ្យមាន់ដេកផ្ទាល់លើដីនោះឡើយ។ វិធីចិញ្ចឹមបែបនេះ គឺជាជម្រើសល្អជាងគេ ទាំងការគ្រប់គ្រង និងការពារមាន់ពីការឆ្លងជម្ងឺ។ ថ្នាំសម្រាប់ការពារមាន់កុំឲ្យឈឺ ឬងាប់: -ផ្កាម្លិះ100ក្រាម -មេថ្នាំ20សេសេ (អាចទិញបាននៅអង្គការ CNAD ជិតផ្សារទួលគោក) -ស្ករ 20សេសេ -ទឹកស្អាត 10លីត្រ និងធុងទឹកមួយចំណុះ20លីត្រ វិធិធ្វើ៖ ហាន់ផ្កាម្លិះ (ស្រស់ ឬក្រៀម) ឲ្យល្អិតទុកមួយអន្លើដាក់ឆ្នាំងដាំទឹកឲ្យពុះដាក់ផ្កាម្លិះដែលបានហាន់រួចដាក់ចូលរម្ងាស់ប្រហែល 10នាទី លើកចេញពីចង្ក្រានទុកឲ្យត្រជាក់ដាក់មេថ្នាំចូលស្កររងូ ចូលកូរល្បាយនេះឲ្យសព្វល្អ គ្របវាទុកនៅទីមួយត្រជាក់មិនត្រូវពន្លឺថ្ងៃចំនួន7 ថ្ងៃ អាចយកមកប្រើការបានហើយ។ វិធីប្រើ៖ យកទឹកល្បាយនេះចំនួន2ស្លាបព្រាបាយលាយទឹកចំនួន5លីត្រដាក់ឲ្យមាន់ផឹក ឬយកមកលាយជាមួយចំណីឲ្យសើមៗទឹក ដែលសល់អាចទុកលាយទឹកធម្មតាឲ្យមាន់ផឹក។ ការប្រើប្រាស់ល្បាយទឹកផ្កាម្លិះសម្រាប់ផ្ដល់ឲ្យមាន់ គឺជាវិធីមួយជួយការពារទាំងស្រុងមិនឲ្យមាន់ឈឺ ឬងាប់បានវាងាយស្រួលធ្វើ និងមានប្រសិទ្ធិភាព ដូចថ្នាំព្យាបាលដែរ។ ក្នុងករណីដែលយើងចិញ្ចឹមក្នុងទ្រង់ទ្រាយធំ យើងក៏អាចទិញមេចំណី និងមេថ្នាំការពារសត្វកុំឲ្យឈឺនេះ ពីអង្គការ CNAD ដែលមានដាក់ជាឈុតក្នុងមួយឈុតមាន មុខ តម្លៃ21000រៀល។ ចំពោះការប្រើប្រាស់វិញ គឺដូចគ្នាគ្រាន់តែលាយជាមួយចំណីឲ្យមាន់ស៊ី និងលាយជាមួយទឹកឲ្យមាន់ផឹក គឺជាការស្រេច។ ការផលិតចំណី និងការទិញចំណីសម្រាប់មាន់៖ មាន់ក៏ដូចជាសត្វផ្សេងៗឯទៀតដែរ វាត្រូវការអាហារចំណីដេលមានសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យវាធំលូតលាស់ បានលឿន ដូច្នេះចំណីដែលផ្សំសម្រាប់ឲ្យមាន់ត្រូវមានប្រូតេអ៊ីនសាច់ និងប្រូតេអ៊ីពីបន្លែ -ត្រីហាលស្ងួត មានប្រូតេអ៊ីនសាច់ -សណ្ដែកសៀងមានប្រូតេអ៊ីនបន្លែ -ពោតក្រហមអាហារផ្ដល់ថាមពល -កន្ទក់លេខមួយ -ត្រកួន -ចក បាយទា -ព្រីម៉ិច -មេចំណី -វីតាមីន -ថ្នាំការពារកុំឲ្យឈឺ ទាំងប៉ុន្មានមុខខាងល់នេះ គឺជាអ្វីដែលល្មមគ្រប់គ្រាន់សម្រាប់ធ្វើជាចំណីឲ្យមាន់បាន ប៉ុន្តែសម្រាប់តែការចិញ្ចឹមក្នុងទ្រង់ទ្រាយធំ ចាំបាច់ត្រូវប្រើចំណីផលិតស្រាប់ៗ ពីរោងចក្រផលិតចំណីសត្វព្រោះការផលិត និងការប្រមូលទិញវត្ថុធាតុដើម និងកម្លាំងពលកម្មពេលវេលា អាចនឹងស្មើតម្លៃចំណីទិញស្រាប់ៗ។ នៅឯអង្គការCNAD មានវគ្គបង្រៀនច្រើនយ៉ាង យើងអាចចុះឈ្មោះចូលរៀន ដើម្បីឲ្យបានដឹងពីវិធីចិញ្ចឹម និងអាចទិញឈុតថ្នាំ ការពារបូកមេចំណី និងមេថ្នាំជួយឲ្យសត្វធំលូតលាស់លឿនបាន។ ការយល់ដឹងឲ្យបានច្រើនពីវិធីចិញ្ចឹម គឺជាកត្តាមួយសំខាន់ជាងគេ ព្រោះវាជួយឲ្យយើងកាត់បន្ថយបាននូវការខាតបង់ ចេះពីវិធី ចិញ្ចឹមច្បាស់លាស់ ប្រសើរជាងធ្វើឲ្យពុំដឹងអ្វីទាំងអស់ និងជៀសបាននូវការខាតបង់ប្រាក់កាស។ ស្វែងរកកន្លែងដែលមានបង្រៀនពីវិធីចិញ្ចឹមសត្វមាន់ ឲ្យបានច្រើនកន្លែងចុះឈ្មោះចូលរៀនឲ្យបានច្រើនតាមដែលអាច ធ្វើទៅបាន ព្រោះគ្រូច្រើននេះ ប្រសើរជាងមានគ្រូតែមួយ ដូច្នេះយើងអាចទទួលបានបទពិសោធន៍ច្រើន និងបានជួបស្គាល់អ្នកចិញ្ចឹម សត្វមាន់ និងអ្នកដែលមានពូជមាន់ល្អៗ សម្រាប់ទិញយកមកចិញ្ចឹម។ ការយកចិត្តទុកដាក់ឲ្យបានល្អ គឺជាកត្តាមួយសម្រាប់ជោគជ័យក្នុងការចិញ្ចឹមមាន់ឲ្យទទួលបានប្រាក់ចំណេញ ក្រៅពីនោះត្រូវចេះ សម្រាំងទុកពូជមាន់ល្អៗ និងទិញទូភ្ញាស់កូនមាន់ដោយខ្លួនឯងកុំឲ្យពិបាកត្រូវទិញពីគេ។ ចំណែកវិធីចិញ្ចឹមដោយដាក់ក្នុងរោងវិញ គឺជាវិធីមួយដែលចំណាយប្រាក់អស់ច្រើនណាស់ និងសម្រាប់ការចិញ្ចឹមក្នុងទ្រង់ទ្រាយធំ សូមគិតវានូវពេលក្រោយវិញ បន្ទាប់ពីយើងទទួលបានបទពិសោធន៍គ្រប់គ្រាន់នៅពេលនេះ។ សូមដើររកសាលាបង្រៀនពីវិធីចិញ្ចឹមមាន់ឲ្យបានច្រើន និងរៀនឲ្យបានច្រើនទើបជាការប្រសើរ។
2 months ago
16
ពូជមាន់ ថ្លៃជាងគេលើពិភពលោក
ជាធម្មតា មាន់មួយក្បាលមានតម្លៃប្រហែល ៥ ដុល្លារ តែមាន់ខ្មៅប្រភេទនេះវិញ មានតម្លៃរហូតដល់ទៅ ២៥០០ ដុល្លារ ក្នុងមួយក្បាល ដែលធ្វើអោយវាឈរនៅលំដាប់លេខមួយ ជាប្រភេទមាន់ថ្លៃជាងគេលើពិភពលោក ។ តម្លៃខ្លួនរបស់វា បានធ្វើអោយមានការចាប់អារម្មណ៍ ជា ពិសេសកសិករ ដែលចង់យកវាមកចិញ្ចឹម ។ មាន់ប្រភេទនេះ មានពណ៍ខ្មៅខ្លឹបតែម្តង មិនថា រោម ក្បាល ភ្នែក អណ្តាតរួមទាំងគ្រឿងក្នុងផងនោះគឺសុទ្ធតែខ្មៅ មានទំហំខ្លួន ដូចនិងមាន់ទូទៅដែរ ដែលឈ្មោលមានទំងន់ចន្លោះពី 2 – 3.5 Kg ​ រីឯញីវិញមានទំងន់ចន្លោះពី 1.5 – 2 Kg ។ មាន់ខ្មៅនេះ មានឈ្មោះថា Ayam Cemani​ (អាយ៉ាម សេម៉ានី) ដែលមានប្រភពពី លើកោះឈ្វា ប្រទេសឥណ្ឌូនេសុី រាប់ពាន់ឆ្នាំមកហើយ វាត្រូវបានជនជាតិឈ្វានិយមចិញ្ចឹម ដោយមានជំនឿរថា មាន់ខ្មៅ អាយ៉ាម សេម៉ានី នេះអាចនាំលាភសំណាង និងភាពរីករាយ មកអោយម្ចាស់របស់វាបាន ។ មិនតែប៉ុណ្ណោះ អាយ៉ាម សេម៉ានី វាត្រូវបានជ្រើសរើសយកទៅធ្វើជា អាហារសម្រាប់អភិជន និងក្នុងពិធីជួបជុំក្នុងឪកាសពិសេសៗសម្រាប់ប្រជាជនចិន ដោយសារតែតម្លៃរបស់វា រួមជាមួយសាច់របស់វាផុយ និងជួយប៉ូវសុខភាពកាន់តែ ធ្វើឲ្យ មាន់ អាយ៉ាម សេម៉ានី មានភាពល្បី ល្បាញថែមទៀត។ ដោយសារភាពល្បីល្បាញ ទាំងនេះហើយ ទើបមានការបញ្ជារទិញ យកទៅចិញ្ចឹមបន្ត និងចែកចាយលើទីផ្សារពិភលោក មានការកើនឡើង តែបើទោះជាយ៉ាងនេះក្តី ចំនួនរបស់វាមិនមាន ការកើនឡើងច្រើនឡើយ​ ព្រោះតែមាន់ប្រភេទនេះពិបាកចិញ្ចឹម និងត្រូវការ ការថែទាំជាពិសេស ដើម្បីទទួលបានមាន់ដែលគុណភាពល្អ ជាពិសេសម្រាប់ការនាំយក ទៅចិញ្ចឹមនៅអាមេរិច និងអឺរ៉ុប វាក៏ពិបាកក្នុងការដឹកជញ្ជូនផង និង អាកាសធាតុមិនដូចគ្នាផង។ មាន់ អាយ៉ាម សេម៉ានី មិនមានអត្រាពង និងញាស់កូនបានច្រើននោះទេ ធ្វើអោយចំនួនមាន់នេះថយចុះពីមួយឆ្នាំ ទៅមួយឆ្នាំ ហើយវាក៏កាន់តែកម្រទៅកម្រទៅផងដែរ។ ជារួម មាន់អាយ៉ាម សេម៉ានី ជាមាន់មានតម្លៃថ្លៃជាងគេលើពិភពលោក ដោយសារតែវាមានពណ៍ខ្មៅពិសេស បូករួមនិងជំនឿក្នុងការចិញ្ចឹម ការយកមកធ្វើជាអាហារសម្រាប់អភិជន និងភាពកម្ររបស់វា ។
2 months ago
6
តើ​មាន់​ជល់ ដែល​ត្រូវបាន​ប្រហារជីវិត ពិត​ជាមាន​កំហុស​ទេ​?
«​តើ​មាន់​មាន​កំហុស​អ្វី​»? នេះ​ជា​សំនួរ​ដែល​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ចោទសួរ​ទៅខាង​អាជ្ញាធរ ដែល​ប្រហារជីវិត​សត្វ​មាន់ ៩២​ក្បាល ក្រោយ​ប្រមូល​ពីស​ង្វៀន​ជល់​មាន់​ខេត្តកណ្ដាល​។ គ្មាន​ចម្លើយ​អ្វី​ឡើយ ក្រៅពី​ដីកា​សម្រេច​របស់​ចៅក្រម​សាលាដំបូង​ខេត្តកណ្ដាល ដែល​សម្រេច​កម្ទេចចោល នូវមាន់​ចំនួន​៩២​ក្បាល​នេះ​។ រូបភាព​ប្រហារជីវិត​មាន់ (​អាករ​មាន់​) បាន​ចែកចាយ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក តាមរយៈ​វីដេអូ​២​នាទី ដែល​បង្ហាញ​ពី​សកម្មភាព​សមត្ថកិច្ច មានការ​មមាញឹក​ញាប់​ដៃ​ញាប់ជើង​យ៉ាងខ្លាំង ដើម្បី​សម្លាប់សត្វ​មាន់​ទាំងនោះ​ឲ្យ​អស់ តាម​សេចក្តីសម្រេច​របស់​ចៅក្រម​។​ ​សកម្មភាព​ប្រហារជីវិត​សត្វ​មាន់​នេះ បែរជា​មានតែ​ពាក្យរិះគន់​ទៅ​ការខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ​ទៅវិញ​។ ពាក្យរិះគន់​បាន​រំ​លេចឡើង​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ដូចជា​«​ចប់​បាត់​ច្បាប់​ស្រុក​ខ្មែរ មិន​កាត់ទោស​ម្ចាស់​មាន់ មក​កាត់ទោស​ប្រហារជីវិត​មាន់​ទៅវិញ ។​មាន់​គ្នា​មានដឹងរឿងអ្វី​វា​»​។ «​មាន់​អត់​ដឹងអ្វីផង​ត្រូវគេ​កាត់ទោស​ប្រហារជីវិត អយុត្តិធម៌៌ណាស់ »​។​«បាបកម្ម! បើ​មាន​ករណីបែបនេះ​លើក​ក្រោយ គួរ​យកគ្នា​ទៅ​ចិញ្ចឹម​នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ​ក៏បាន សត្វ​គ្មាន​កំហុស​សោះ​ត្រូវគេ​ប្រហារឡើយ។ ចង់​លុបបំបាត់​សំខាន់​ពិន័យ​អ្នកប្រព្រឹត្ត​ឲ្យ​ធ្ងន់ធ្ងរ និង​បញ្ឈប់​វប្បធម៌​និ​ទណ្ឌ​ភាព​នៅ​កម្ពុជា​»​ជាដើម​។ ទាំងនេះ​ជា​អារម្មណ៍​មិន​ពេញចិត្ត​របស់​មជ្ឈដ្ឋាន​ទូទៅ ចំពោះ​សេចក្តីសម្រេច​សម្លាប់​មាន់​ជល់​ខាងលើនេះ​។​ ​ប៉ុន្តែ​អ្វីដែល​នាំ​ឲ្យ​ប៉ះពាល់​ផ្លូវចិត្ត​របស់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ធ្ងន់ធ្ងរ​ទៀត​នោះ គឺ​សកម្មភាព​សម្លាប់សត្វ​មាន់​នេះ​តែម្ដង​។ ការសម្លាប់​មាន់​បង្ហោះ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​ជា​សាធារណៈ​នេះ បានបង្ហាញ​ពី​រូបភាព​ហិង្សា និង​ភាព​ឃោ​ឃៅ​ព្រៃផ្សៃ​នៃ​ការកាប់​សម្លាប់សត្វដោយគ្មានធម៌មេត្តា ដែល​ប៉ះពាល់​អារម្មណ៍​សាធារណៈជន​ផងដែរ​។​ ​បើ​និយាយ​តាមការអប់រំរបស់​ព្រះ​ពុទ្ធសាសនា​ មនុស្ស ជា​សត្វ​មួយ​ប្រភេទ ដែលមាន​ធម្ម​សញ្ញា គឺ​ការដឹង​ខុសត្រូវ ដូច្នេះ​ត្រូវ​ពិចារណា​ឲ្យ​បាន​ជារឿយៗ​ថា​៖«​គ្រប់​សត្វលោក តែងតែ​ប្រាថ្នា​ចង់​រស់​។ អាត្មាអញ មិន​ចង់​ឲ្យ​អ្នកដទៃ បៀតបៀន​ជីវិត​អាត្មាអញ​។​យ៉ាងណា អ្នកដទៃ ឬ​សព្វ​សត្វ​ទាំងពួង ក៏​មិន​ចង់​ឲ្យ​អាត្មាអញ បៀតបៀន​ជីវិត​របស់គេ យ៉ាង​ដូច្នោះ​ដែរ​។ អាត្មាអញ អាច​រស់​នៅបាន ក៏​ព្រោះតែ​អ្នកដទៃ មិន​សម្លាប់​អាត្មាអញ ហេតុដូច្នេះ​អាត្មាអញ ក៏​មិនត្រូវ​សម្លាប់​គេ​ដូចគ្នា​»​។ ​នៅពេល​អ្នកធ្វើ​ទុក​នៅក្នុង​ចិត្ត​បែបនេះហើយ អ្នក​នឹងមាន​អភ័យ​និង​ក្តីមេត្តា​ចំពោះ​ជីវិត​សត្វ​។ សត្វ​ត្រូវការ​មេត្តាធម៌ ពី​មនុស្ស​ដើម្បី​រស់​។ ប្រសិនបើ​ប្រាសចាក​មេត្តាធម៌​ហើយ អ្នក​ប្រាកដជា​ក្លាយជា​មនុស្ស​ឃោរឃៅ និង​គ្មាន​ត្រា​ប្រណី រហូត​នាំ​ឲ្យ​អ្នក​ហ៊‌ា​ន​សម្លាប់​ជីវិត​សត្វ ដោយ​គ្មាន​ញញើត និង​ខ្លាច​អំពើ​បាប​។ មិនថាតែ​សត្វ​នោះទេ សូម្បីតែ​មនុស្ស ក៏​ត្រូវការ​មេត្តាធម៌​ដែរ ពីព្រោះថា ឲ្យ​តែ​សង្គម​ណា​ប្រាសចាក​មេត្តាធម៌​ហើយ សង្គម​នោះ​កើត​ភាពវឹកវរ ដោយសារតែ​កាប់សម្លាប់​គ្នា​ជាមិនខាន​។ ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង ទ្រង់​ឲ្យ​មនុស្ស​គ្រប់រូប វៀរចាក​ការសម្លាប់​ជី​វីត​សត្វ​។ ហើយ​ការ​សម្លាប់សត្វ គឺជា​ប្រការ​ទីមួយ ដែល​ព្រះអង្គ បាន​ហាមប្រាម​នៅក្នុង​សីលប្រាំ​។​ ​ហើយ​បើ​យើង​មើល​នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ក៏​គ្មាន​មាត្រា​ណា ចែង​អំពី​ទោស​ប្រហារជីវិត​ដែរ​។ ប៉ុន្តែ​មាន់​ជល់​៩២​ក្បាល​នេះ បាន​រង​ទោស​ប្រហារជីវិត តាម​ដីការ​សម្រេច​របស់​ចៅក្រម​សាលាដំបូង​ខេត្តកណ្ដាល ក្រោម​ហេតុផល​កម្ទេចចោល​ទៅហើយ​។ ដូច្នេះ​សរុបមក​វិញ ថា​តើ​មាន់​ជល់​ទាំង​៩២​ក្បាល ដែល​ត្រូវបាន​មនុស្ស​យកទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​ខ្លួន ក្នុង​វង់ល្បែង​ជល់​មាន់​នេះ ពិត​ជាមាន​កំហុស ដែល​សាក​សម​នឹង​កាត់ទោស​ប្រហារជីវិត​មែន​?
2 months ago
22
ប្រតិកម្ម​ផ្សេងៗ​បាន​ផ្ទុះឡើង​ពេញ​បណ្តាញសង្គម​ហ្វេសប៊ុក​​ ​ក្រោយ​ការ​ប្រហារ​ជីវិត​មាន់​ជល់​ជាង​៩០ក្បាល​
ការសម្រេច​​របស់​តុលាការ​សម្លាប់​មាន់​ជល់ បាន​ប្រឈមនឹង​ប្រតិកម្ម​តាម​បណ្តាញ​សង្គម​ថា ជា​ការសម្រេច​ចិត្ត​មួយ​ដែល​មិន​ដែល​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ ​ហើយ​វា​បង្ហាញ​អំពី​និទណ្ឌភាព​ផងដែរ។ ភ្នំពេញ — ប្រតិកម្ម​អំពី​ការ​ប្រហារ​ជីវិត​សត្វ​មាន់​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ​បាន​កើត​មាន​ឡើង​ជា​ហូរហែរ​ ​តាំងពី​ថ្ងៃ​ពុធ​ រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​ ​នៅ​លើ​បណ្តាញ​សង្គមហ្វេសប៊ុក​ដ៏ពេញ​និយមនៅ​ប្រទេស​កម្ពុជា។​ ​ក្រុម​មន្ត្រី​អង្គការ​សង្គមស៊ីវិល​នានា​ បាន​ធ្វើការ​រិះគន់​ និង​បានចាត់​ទុក​ថា​ ការ​សម្រេចប្រហារ​ជីវិត​សត្វមាន់នេះ​ជា​ការ​សម្រេច​ចិត្ត​មួយ​ដែល​កម្រ​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​ ក៏ដូចជា​ក្នុង​ពិភព​លោក​ ​ហើយក៏​មាន​ចំណោទ​អំពីបញ្ហា​និទណ្ឌ​ភាពផង​ដែរ​ ​ព្រោះមាន់​ត្រូវ​សម្លាប់ តែ​មនុស្ស​ ដែលជា​សង្ស័យ​ប្រព្រឹត្ត​ល្បែង​ស៊ីសង​ប្រជល់​មាន់​ខុស​ច្បាប់​បែរ​ជា​មាន​សេរីភាព។​ ការ​ប្រហារ​ជីវិត​មាន់​ចំនួន​៩២​ក្បាល​ ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ដីកា​សម្រេច​របស់​សាលា​ដំបូង​ខេត្ត​កណ្តាល​ ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដ៏​ពេញ​និយម​នៅ​កម្ពុជា។ ​នេះ​បើយោង​តាម​ការ​បង្ហោះ​សារ​ផ្សេងៗ​ ដែល​បាន​ធ្វើឡើង​ក្រោយ​ការ​ប្រហារ​ជីវិត​មាន់ជល់​ទាំង​នោះ។​ ដីកា​សម្រេច​របស់​លោក ហុក វ៉ាន់ធីណា​ ​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​កណ្តាល​ ចុះ​ថ្ងៃទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៧​ ​បាន​រៀបរាប់​ពី​ដំណើរ​រឿង​ព្រហ្មទណ្ឌ​ដែល​ផ្តើម​ចេញ​ពី​ការ​បើក​ល្បែង​ស៊ី​សង​ខុស​ច្បាប់​ដ៏​ល្បីល្បាញ​ ​នៅ​ឃុំ​អរិយ​ក្សត្រ​ ​ស្រុក​ល្វាឯម​ ខេត្ត​កណ្តាល​ ដោយ​ឈ្មោះ​ថៃ ផានី​ ហៅ​ម៉ាប់​ ​ភេទ​ប្រុស​ ​កើត​ឆ្នាំ​១៩៧២។​ ​ដីកា​នោះ​បាន​បកស្រាយ​ថា​ ​ការ​បើក​ល្បែង​ស៊ី​សងនេះ​ជា​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ ដែល​មាន​ចែង​ឲ្យ​ផ្តន្ទា​ទោស​តាម​បញ្ញត្តិ​មាត្រា​០៥​នៃ​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​ល្បែងស៊ីសង។​ ដើម្បី​បំពេញ​ឲ្យបាន​ពេញ​លេញ​នៃ​ការ​ផ្តន្ទាទោស​នេះ​ តុលាការ​ក៏​បាន​សម្រេច​កម្ទេច​ចោល​នូវ​មាន់​ជល់​ចំនួន​៩២​ក្បាល​ បន្ទាប់​ពី​សមត្ថកិច្ច​បាន​រឹបអូស​មាន់​ទាំងនោះ​ នៅ​ក្នុង​ការ​ចុះ​បង្ក្រាប​ទីតាំង​លែង​ល្បែង​ស៊ីសង​ខុស​ច្បាប់​នោះ។ ​មុន​ពេលអាជ្ញាធរ​មាន​សមត្ថកិច្ច​ធ្វើការកម្ទេច​មាន់​ទាំង​នោះ​កាលពី​ថ្ងៃ​ពុធ​ តុលាការ​បាន​ពន្យល់​ថា​ ការ​ថែរក្សា​មាន់​ជល់​ចំនួន​៩២​ក្បាលមាន​ការ​លំបាក​ និង​ចំណាយ​សោហ៊ុយ​ផ្សេងៗ​ និង​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​បទល្មើស​កើត​មាន​ជាថ្មី​ និង​ដើម្បី​ពន្លឿន​នូវ​នីតិវិធី​នៃ​ការ​ស៊ើប​សួរ​ឲ្យ​បាន​ឆាប់រហ័ស​ គប្បី​ចៅក្រម​ស៊ើប​សួរ​សម្រេច​កម្ទេច​ចោល​នូវ​មាន់​ចំនួន​៩២​ក្បាល។​ លោក​ ហុក វណ្ណធីណា​ ប្រធាន​សាលា​ដំបូង​ខេត្ត​កណ្តាល​ និង​ជា​ចៅក្រម​ស៊ើបសួរបាន​បញ្ជាក់​នៅ​ក្នុង​ដីកា​សម្រេច​របស់​ខ្លួន​ ចុះថ្ងៃទី១៩​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ​តាម​ន័យដើម​យ៉ាង​ដូច្នេះ៖​ «ហេតុដូច្នេះ​ អនុញ្ញាត​ឲ្យ​ធ្វើការ​កម្ទេច​ចោល​នូវ​មាន់​ជល់​ចំនួន​៩២​ក្បាល​ ចាប់​ពីពេល​នេះ​តទៅ»។​ ក្រោយ​ការ​សម្លាប់​មាន់​ឈ្មោល​ទាំង​នោះ​ ​គេឃើញ​មាន​ការ​ចែក​រំលែក​ឃ្លីប​វីដេអូ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដែល​បង្ហាញ​ពី​សកម្មភាព​មន្ត្រី​ប៉ូលិស​ពីរ​នាក់​កាត់​ក្បាល​ប្រហារ​ជីវិត​មាន់​ជល់​ ​សម្រក់​ឈាម​មាន់​ទាំង​នោះ​ដាក់​ក្នុង​ចាន​គោម​ចំនួន​បី​ដែល​ត្រូវ​បាន​រៀប​ទន្ទឹម​គ្នា។​ លោក​ ​ព្រាប កុល​ ​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា​ ​បាន​បង្ហោះ​សារ​ដែល​មាន​លក្ខណៈ​រិះគន់​ ចំអក​ដល់​ការ​កាត់​ក្បាល​មាន់​ឈ្មោល​ទាំងនោះ​ថា​ ជាការ​សម្រេច​ចិត្ត​ប្រវត្តិ​សាស្ត្រ​នៃ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា។​ លោក​បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ តាម​ន័យ​ដើម​ថា៖​ «ការ​សម្រេច​ចិត្ត​ជា​ប្រវត្តិ​សាស្ត្រ​១​ទៀត​នៃ​ប្រព័ន្ធ​យុត្តិ​ធម៍​ខ្មែរ​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ​ គឺ​ការ​ប្រហារ​ជីវិត​មាន់​គក​៩២​ក្បាល។ ​មក​ទល់​ពេល​នេះ ​អ្នក​ជាប់​ពាក់​ព័ន្ធ ​ឬ​អ្នក​បាន​ឃុបឃិត​ក្នុង​ការ​បង្កើត​ល្បែង​ជល់​មាន់​ មិន​ទាន់ត្រូវ​បាន​ផ្តន្ទាទោស​នៅ​ឡើយ​ទេ...អនិច្ចា​អីតែ​អាគក​ ដែល​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត»។​ មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​រូប​នេះបាន​លើក​ជា​ចម្ងល់​ថា ​តើ​ក្រោយ​ការ​ប្រហារ​ជីវិត​មាន់​ទាំង​នោះ ​សាក​សព​របស់​មាន់​ទាំង​នោះនឹង​ត្រូវ​យក​ទៅ​ណា​ដែរ? លោក​បាន​សរសេរ​ក្នុង​ន័យ​ដើមថា៖​ «តើ​ក្រោយ​អារក​សម្លាប់​ពួក​គេ​ហើយយក​សាក​សព​ទៅ​ណា?» ចំណែក​លោក​ ​ប៉ាវ ស៊ីណា​ ​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ ហៅ​កាត់ថា​ ​(CCW)​ បាន​ចាត់​ទុក​ព្រឹត្តិ​ការណ៍​សម្លាប់​សត្វមាន់​នេះជា​រឿង​គួរឲ្យ​ចាប់​អារម្មណ៍​មួយ។​ លោក​បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​យ៉ាងដូច្នេះ៖ ​«រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​មុន​ ​បំណាច់​ឆ្នាំ​២០១៧»។​ សម្រាប់​អ្នកការពារ​សិទ្ធិ​មនុស្ស​ ការ​សម្លាប់​សត្វ​មាន់​នេះ​អាច​ឆ្លុះ​បញ្ចាំង​ពីការ​កាត់​ក្តី​មក​លើ​មនុស្ស​ផង​ដែរ។​ លោក ស៊ឹង​ សែន​ករុណា​ អ្នក​នាំពាក្យ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស អាដហុក បាន​សរ​សេរ​លើ​គណនី​ហ្វេសប៊ុករបស់​លោក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​តាម​ន័យ​ដើម​ថា៖​ «បញ្ចេញ​មតិ​រឿង​អយុត្តិធម៌សម្រាប់​មាន់ត្រូវ​ច្រើន​អី​ចឹងហើយ។​ ​រឿង​អយុត្តិ​ធម៌​សម្រាប់​មនុស្ស​ក៏​គេ​ដឹង​ច្រើន​ដែរ​ គ្រាន់​តែ​អ្នក​ហ៊ាន​និយាយ​ចេញ​មក​នោះ​តិច»។ អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូបនេះបាន​ប្រាប់​ VOA ​ថា​ ការ​សម្រេច​របស់​តុលាការ​ខេត្ត​កណ្តាល​បាន​ស្តែង​ឲ្យ​ឃើញ​ពី​វប្បធម៌​និទណ្ឌ​ភាព​ ​ដែល​នៅមិន​ទាន់​អាច​បំបាត់​បាន នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ហេតុ​ថា​ មនុស្ស​ ដែល​ជា​អ្នក​បង្កហេតុ​ ​មិន​បាន​ជាប់​ឃុំ​ តែបែរ​ជា​មក​កម្ទេច​សត្វមាន់​ដែល​ជា​ឧបករណ៍​ជន​សង្ស័យ​បាន​ប្រើ​ដើម្បី​ធ្វើ​ប្រតិបត្តិ​ការ​វង់ល្បែង​ស៊ី​សង​ខុស​ច្បាប់។ លោក​ថ្លែង​ថា៖​ «អ្វី​ដែល​យើង​ផ្តោត​សំខាន់​នោះ​គឺ​ទៅ​លើ​និទណ្ឌភាព​ ដែល​ជន​ប្រព្រឹត្តបាន​ប្រព្រឹត្ត​ហ្នឹង ​បែរ​ជា​បាន​នៅ​ក្រៅ​ឃុំ​ មាន​សេរីភាព​ ហើយ​បែរ​ជា​យើង​ហ្នឹង​ទៅប្រហារ​នូវ​ជីវិត​មាន់។​ ហើយ​យើង​ដឹង​ហើយ​ថា​ ប្រទេស​កម្ពុជា​យើង​គឺ​ប្រទេស​កាន់​ព្រះ​ពុទ្ធ​សាសនា​ ហើយ​យើង​ឃើញ​ហើយ​មាត្រា​នៅ​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​ប្រទេស​យើង​ ដែល​យើង​គិត​ហើយ​ថា ទោស​ប្រហារ​ជីវិតមិន​មាន​អា​ហ្នឹង។​ ការណ៍​ពិត​យើង​មិន​ចែង​ហ្នឹងគឺយើង​សំដៅ​ទៅ​លើ​មនុស្ស​ទេ​ ​ប៉ុន្តែ​ក្នុង​ន័យ​ហ្នឹង​ដោយសារ​តែ​ប្រទេស​យើង​កាន់​ព្រះពុទ្ធ​សាសនា​ លោក​យើង​មាន​ការ​អនុគ្រោះដល់​ជីវិត​សត្វ​លោក​យើង​ទាំង​អស់​គ្នា»។​ លោកស៊ឹង​ សែន​ករុណាបាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​ អ្នក​ដែល​ត្រូវ​ទទួល​ទោស​ធ្ងន់ធ្ងរ​នោះ​ គឺ​មនុស្ស​ដែល​ជា​ជន​សង្ស័យ​ប្រព្រឹត្ត​ល្បែង​ស៊ីសង​ខុស​ច្បាប់​ទៅ​វិញ​ទេ។​ ​«ក៏ប៉ុន្តែ​ចំពោះ​រឿងនេះ​ យើង​ឃើញ​ហើយ​ថា​ វា​ជា​រឿង​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​មាន​ការណ៍​ពល​រដ្ឋ​ហួស​ចិត្ត​ និង​មិន​អស់​ចិត្ត​ចំពោះ​ការ​កាត់​ ការ​កាត់​ទោស​ដែល​បង្ហាញ​នូវ​កាយ​វិការ​ ដែល​សម្លាប់​សត្វ​ ដែល​មាន​លក្ខណៈ​របៀប​ឃោរ​ឃៅ​បែប​ហ្នឹង​បាទ»។​ ការ​ប្រហារ​សត្វមាន់​នេះ​ក៏ត្រូវ​បាន​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​រាយ​ការណ៍​ផង​ដែរ។​ ​អង្គភាព​ព័ត៌មាន ​Fresh News ​ដែល​មាន​និន្នាការ​លម្អៀង​ទៅ​រក​រដ្ឋាភិបាល​កម្ពុជា​ ​បាន​ឲ្យ​ដឹងថា​ ​ការ​ប្រហារ​ជីវិត​សត្វ​មាន់​ទាំង​៩២​ក្បាល​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ការ​បង្ក្រាប​កាល​ពី​ពេល​ថ្មីៗ​នេះ​ របស់​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ទៅ​លើ​កន្លែង​ជល់​មាន់​ពីរ​កន្លែង​ដែល​មួយ​នៅ​ក្នុង​ឃុំ​អរិយ​ក្សត្រ​ ខេត្ត​កណ្តាល​ និងមួយ​ទៀត​នៅ​ស្រុក​បាទី​ ខេត្ត​តាកែវ។ ​នៅ​ក្នុង​ការ​បង្ក្រាប​នោះ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ចាប់​ខ្លួនជនឈ្មោះ​ថៃ ផានី​ ហៅ​ម៉ាប់​ ដែល​ត្រូវ​ជា​កូន​ប្រសារ​របស់លោក​ ហ៊ុន​ សាន។​ លោក​ ហ៊ុន សានជា​ប្អូន​ប្រុស​បង្កើតរបស់​នាយក​រដ្ឋ​មន្ត្រីលោក ហ៊ុន សែន។​ ក្រៅ​ពី​ការ​ចាប់​ខ្លួន​ជនឈ្មោះ​ថៃ ផានី​ អាជ្ញាធរ​បាន​ឃាត់​ខ្លួន​មនុស្ស​ជាង​ ១៥០​នាក់​ តែតួលេខ​បាន​ធ្លាក់​មក​ត្រឹម​៦៤​នាក់​ ដោយសារ​ខ្លះ​ក្នុង​ចំណោម​ជន​ទាំង​នោះ​ដែល​ជា​ជាង​សំណង់​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ធ្វើការ​ងាររបស់ខ្លួន​វិញ។ ​ក្នុង​ការ​បង្ក្រាប​នោះ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ប្រមូល​បាន​ភ័ស្តុតាង​ដែល​រួម​មាន​ រថយន្ត​មាន​ចំនួន​ជិត​៦០​គ្រឿង​ ម៉ូតូ​ជាង​១០០​គ្រឿង​ ព្រម​ទាំង​មាន់​ជល់​ជាង​១០០​ក្បាល។ ​នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​អង្គភាព​ព័ត៌មាន​ Fresh News។​ VOA ​ព្យាយាម​សុំការ​អធិប្បាយ​ពីលោក​ អ៊ាវ​ ចំរើន​ ស្នងការ​ប៉ូលិស​ខេត្ត​កណ្តាល​តែ​លោក​កំពុង​ជាប់​រវល់​ក្នុង​កិច្ច​ប្រជុំ​មួយ។ ​លោក​ ហុក វណ្ណធីណា ប្រធាន​សាលា​ដំបូង​ខេត្ត​កណ្តាល​ បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយទេ ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​សារ​ផុត​ម៉ោង​រដ្ឋបាល។​ ទោះ​យ៉ាង​ណា​ក៏​ដោយ​ លោក​ ​រឿន ណារ៉ា​ ស្នងការ​រង​ប៉ូលិស​ខេត្ត​កណ្តាល​ បានប្រាប់​បណ្តាញ​ព័ត៌មាន​ ​AFP​ ​ថា ​ មាន់ជល់​ទាំង​៩២​នេះ​ ​ត្រូវ​បាន​ប្រគល់​ឱ្យ​កង​កម្លាំង​អាជ្ញាធរ​ធ្វើ​ជា​ម្ហូប​អាហារ ​ក្រោយ​ការប្រហារ​ជីវិត​កាល​ពីថ្ងៃ​ពុធ​កន្លង​ទៅ។​ ការ​បង្ក្រាប​ទីតាំង​ល្បែង​ជល់​មាន់​ខុស​ច្បាប់​នេះ​ក៏បាន​ធ្វើ​ឲ្យ​លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​ជា​បង​ប្អូនបង្កើតរបស់​លោក​ ហ៊ុន សាន​បានប្រតិកម្ម​ខ្លាំងៗ​ផង​ដែរ​ ដោយ​នាយក​រដ្ឋមន្ត្រី​ដែល​កាន់អំណាច​ជាង​៣០​ឆ្នាំ​រូប​នេះ​ ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាញ់​សម្លាប់​ជន​សង្ស័យ​តែ​ម្តង ​ប្រសិន​បើ​មាន​ការ​តដៃ​ ពេល​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចូល​ទៅ​ចាប់​ខ្លួន។ សារ​សំឡេងរបស់​លោក​ហ៊ុន សែន​បង្ហោះ​និយាយ​ថា៖​ ​ «តាម​ខេត្ត​ ខេត្ត​កណ្តាល​ និង​ខេត្ត​តាកែវ​អនុវត្ត​ត្រូវ​ម៉ឺងម៉ាត់​ តាម​ចាប់​អា​ដែង​ស្អី​ អាដេញ​កូន​ប្រសារ​ ហ៊ុន សាន​នេះ​ចាប់​ឲ្យ​បាន។ ​បើ​វា​ត​ដៃ​គឺ​អនុញ្ញាត​ឲ្យ​បាញ់​ចោល​តែ​ម្តង​ បាញ់​ចោល​នៅ​ហ្នឹង​កន្លែង​តែ​ម្តង»។​ យោង​តាម​ដីកា​សម្រេច​របស់​លោក​ ហុក វ៉ាន់​ធីណា​ ជន​ត្រូវ​ចោទ​ឈ្មោះ​ថៃ ផានី ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅក្រោម​ការ​ពិនិត្យ​ពីបទ​បើក​កន្លែង​លេង​ល្បែង​ស៊ីសង​ខុស​ច្បាប់។ ​ហើយសេចក្តី​រាយ​ការណ៍​របស់​អង្គភាព​ព័ត៌មាន​ ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ បាន​ឲ្យដឹង​ថា​ អ្នក​លេង​ល្បែង​ជល់មាន់​៦៤​នាក់​ ត្រូវ​បាន​តុលាការ​ជំនុំ​ជម្រះ​ភ្លាម​ រួចផ្តន្ទាទោស​មួយ​ខែ​ ទោស​នោះ​ត្រូវ​ព្យួរ ​ហើយ​ពួកគេត្រូវ​បានដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ៕
2 months ago
4
កសិដ្ឋានចិញ្ចឹមមាន់ស្រែមួយកន្លែង បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ផ្គត់ផ្គង់មាន់សាច់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
កសិដ្ឋានចិញ្ចឹមមាន់ស្រែមួយកន្លែង បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ផ្គត់ផ្គង់មាន់សាច់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កំពង់ឆ្នាំង៖ ផ្ទះមាន់ស្រែ ជាកសិដ្ឋានចិញ្ចឹមមាន់ស្រែមួយកន្លែងដែលមានចំនួនមាន់រហូតដល់រាប់ពាន់ក្បាលនោះ បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះប្រមាណ ៣០០០ក្បាល។ បើតាមលោក ភាស់ ប្រុស ជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ «ផ្ទះមាន់ស្រែ» មានទីតាំងស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ឱ្យដឹងថា ៖ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ កសិដ្ឋានរបស់លោកបានត្រៀមមាន់សាច់ប្រមាណ ៣០០០ក្បាល សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារ ខណៈដែលជារៀងរាល់ថ្ងៃកសិដ្ឋានមួយនេះផ្គត់ផ្គង់ជាមធ្យមប្រមាណ ៣០០ក្បាល។ លោកបន្តថា សម្រាប់អតិថិជនដែលមកគាំទ្រភាគច្រើនជាឈ្មួញមកពីភ្នំពេញដែលមកចាប់ដល់កសិដ្ឋានតែម្ដង ដោយតម្លៃមាន់សាច់អាចលក់បានចន្លោះពី ១៦៥០០-១៨០០០រៀល ក្នុង១គីឡូក្រាម អាស្រ័យលើចំនួនដែលគេចាប់ ហើយជាទូទៅតម្លៃមានញីអាចថ្លៃជាងមាន់ឈ្មោលតិចតួច។ ក្រៅពីនេះ លោកក៏មានលក់កូនមាន់ពូជ ក្នុងតម្លៃចាប់ពី ២៨០០-៥៦០០រៀលក្នុងមួយក្បាល អាស្រ័យលើអាយុរបស់កូនមាន់ចាប់ពី ១២-៣០ ថ្ងៃ។ ដោយឡែកសម្រាប់ការចិញ្ចឹម និងការឱ្យចំណីប្រចាំថ្ងៃ ត្រូវបានម្ចាស់កសិដ្ឋានខាងលើប្រាប់ឱ្យដឹងថា ដើម្បីកាត់បន្ថយការចំណាយ អ្នកចិញ្ចឹមគួរតែដាំដំណាំផ្សេងៗដើម្បីឱ្យមាន់ស៊ីចៀសវាងការប្រើចំណីសុទ្ធដែលត្រូវចំណាយច្រើន។ ជាក់ស្ដែង លោកផ្ទាល់ ប្រើចំណីសម្រេចលាយជាមួយនឹងដំណាំដែលលោកដាំបាន ដូចជា ត្រកួន ផ្ទី ជាដើម។ ចំពោះរយៈពេលចិញ្ចឹម ប្រភេទមាន់សាច់គេត្រូវចំណាយពេល ៣-៤ខែ ហើយការថែទាំទៀតសោត ក៏ត្រូវយកចិត្តទុកដាក់ផងដែរ ជាពិសេសនៅរដូវភ្លៀងធ្លាក់ ឬក៏ក្ដៅខ្លាំង ដោយសារវាអាចប៉ះពាល់ដល់សុខភាពមាន់ដែលអាចប្រឈមនឹងជំងឺផ្សេងៗ។ នេះជាអ្វីដែលលោក ភាស់ ប្រុស បានលើកឡើង។ គួររំឭកដែរថា លោក ភាស់ ប្រុស បានចាប់ផ្ដើមអាជីវកម្មនេះនៅឆ្នាំ២០១៨ ដោយដំបូងឡើយលោកមានចិញ្ចឹមមាន់ស្រែជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ប៉ុន្តែក្រោយមកដោយមើលឃើញពីតម្រូវការទីផ្សារ ហើយមានតម្លៃថ្លៃគួរសម លោកក៏ចាប់ផ្តើមពង្រីកការចិញ្ចឹមបន្តិចម្ដងៗរហូតបង្កើតជាកសិដ្ឋានទ្រង់ទ្រាយមធ្យមដូចពេលបច្ចុប្បន្ននេះ។ ពាក់ព័ន្ធទៅនឹងដំណើរការនៃការចិញ្ចឹមវិញ ដំបូងឡើងលោកបានចំណាយដើមទុនប្រមាណ ២០០០ដុល្លារ ក្នុងការរៀបចំជាកសិដ្ឋាន ដោយត្រូវការទិញសម្ភារមួយចំនួន រួមជាមួយថ្លៃដើមទិញមេមាន់ និងមាន់ឈ្មោលពូជ។ ដោយឡែកចំពោះផលលំបាក លោកក៏ជួបច្រើនផងដែរ ជាពិសេសទាក់ទងទៅនឹងតម្រូវការទីផ្សាររវាងមាន់ស្រែ និងមាន់ផ្សេងៗទៀតដែលនាំចូលពីក្រៅប្រទេស មានតម្លៃទាបជាង ហើយក្រៅពីនេះគឺបញ្ហាថ្នាំសម្រាប់ព្យាបាលមាន់នៅពេលមានជំងឺតាមរដូវកាល។ ចំពោះថ្ងៃអនាគត ម្ចាស់កសិដ្ឋានរូបនេះចង់ពង្រីកកសិដ្ឋានឱ្យកាន់តែធំជាងពេលបច្ចុប្បន្ន ហើយក៏ចង់បានដៃគូសហការផ្សេងៗទៀតក្នុងការចែកចាយបន្តនូវផលិតផលមាន់ស្រែឱ្យមានទីផ្សារធំទូលាយ។ ចុងក្រោយ លោកក៏សូមអរគុណដល់អតិថិជនដែលតែងតែគាំទ្រដល់ទីផ្សារសាច់មាន់ចិញ្ចឹមក្នុងស្រុក និងសូមអំពាវនាវឱ្យបងប្អូនខ្មែរជួយគាំទ្រមាន់ស្រែបន្តទៀតដើម្បីចូលរួមលើកស្ទួយវិស័យមួយនេះឱ្យកាន់តែប្រសើរ៕
2 months ago
6
ទីផ្សារ​មាន់​ជល់​កំពុង​ពេញ​និយម តែ​អ្នក​ចិញ្ចឹម​មិន​បាន​លក់
ពូជ​មាន់​ជល់ ឬ​មាន់​ប្រជល់​ដែល​អ្នក​និយម​លេង​មាន់ តែងតែ​ទៅ​ជល់​ភ្នាល់​គ្នា នៅ​តាម​ទីកន្លែង​ផ្សេង​ៗ​បាន​កំពុង​តែ​មាន​ទីផ្សារ​ខ្ពស់ តែ​មិន​ងាយ​ចិញ្ចឹម​បាន​លក់​នោះ​ទេ ។ យ៉ាងណាមិញ​មាន់​ជល់​ត្រូវ​បាន​អ្នក​ចិញ្ចឹម​ត្អូញត្អែរ​ថា ចិញ្ចឹម​បាន​សូវ​បាន​ដូច​មាន់​ស្រែ​ធម្មតា… ពូជ​មាន់​ជល់ ឬ​មាន់​ប្រជល់​ដែល​អ្នក​និយម​លេង​មាន់ តែងតែ​ទៅ​ជល់​ភ្នាល់​គ្នា នៅ​តាម​ទីកន្លែង​ផ្សេង​ៗ​បាន​កំពុង​តែ​មាន​ទីផ្សារ​ខ្ពស់ តែ​មិន​ងាយ​ចិញ្ចឹម​បាន​លក់​នោះ​ទេ ។ យ៉ាងណាមិញ​មាន់​ជល់​ត្រូវ​បាន​អ្នក​ចិញ្ចឹម​ត្អូញត្អែរ​ថា ចិញ្ចឹម​បាន​សូវ​បាន​ដូច​មាន់​ស្រែ​ធម្មតា និង​មាន់​ផ្សេង​ៗ​ទៀត​នោះ​ទេ ដោយសារ​វា​ត្រូវការ​អាកាសធាតុ និង​ថ្នាំ​វ៉ាក់សាំង​ការ​ជំងឺ​ជា​ហូរហែរ ។ លោកប្រុស​ដែល​ជា​អ្នក​ចិញ្ចឹម​មាន់​ជល់​មួយ​កន្លែង ស្ថិត​ក្នុង​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា​ការ​ចិញ្ចឹម​មាន់​ជល់​មានការ​ពិបាក​ណាស់ ដោយ​ត្រូវការ​ថែម​ទាំ ហើយ​ការ​ចិញ្ចឹម​មិន​ទាន់​មាន​អ្នក​ដែល​មក​ទិញ​យក​ទៅ​ជល់​នោះ​ទេ ។ ដោយសារ​មាន់​ជល់​ជា​ប្រភេទ​មាន់​ដែល​មិនសូវ​ធន់​នឹង​អាកាសា​ធាតុ ហើយ​ត្រូវការ​មើលថែ និង​ចាក់​ថ្នាំ​ការពារ​ជំងឺ​ផ្សេង​ៗ​ជា​ច្រើ ន​មុខ ហើយ​វា​ត្រូវការ​ចាក់​វ៉ាក់សាំង និង​មើលថែ​ឲ្យ​បាន​ល្អ ។
2 months ago
5
បទ ពាក្យ៧មាន់ជល់!
មាន់ជល់ភ្នាល់ចាញ់ម្ចាស់ខ្នាញ់ខឹង មាន់ជល់ម្ជូរថ្នឹងស្ងោរអាំងឆា មាន់ជល់ច្បាស់ជាគេក្លែមស្រា មាន់ជល់សង្ខារមិនវែងអី។ មាន់ជល់ៗឈ្នះម្ចាស់ត្រេកអរ មាន់ជល់ពូជល្អអ្នកផងល្បី មាន់ជល់ការពិតគ្មានបានអ្វី មាន់ជល់ឈ្នះល្បីបានទៅម្ចាស់។ មាន់ជល់ៗឈ្នះបានត្រឹមរស់ មាន់ជល់គ្មានយសយើងឃើញច្បាស់ មាន់ជល់កុំអួតថាខ្លួនណាស់ មាន់ជល់ជើងចាស់ដូចជើងថ្មី។ មិត្តអើយបើអាចសូមកុំត្រាប់ តាមមាន់ស្មេរប្រាប់ដោយភក្តី ជល់ឈ្នះឬចាញ់គ្មានបានអី បានត្រឹមដេកដីឆីក្នុងទ្រុង។ កុំជល់កុំចាក់តាមគេចង់ គិតឲ្យត្រឹមត្រង់បានគ្រប់ជ្រុង មេឃធំកុំស្មានស្មើជើងមុង រួមគ្នាវេញធ្លុងទើបមិនធ្លោយ៕
2 months ago
7
សត្វមាន់មួយក្បាលសម្លាប់ម្ចាស់ខ្លួនឯង នៅឯសង្វៀនជល់មាន់ខុសច្បាប់
មាន់ជល់មួយក្បាលដែលត្រូវបានគេតខ្នាយកូនកាំបិត សម្រាប់ល្បែងជល់មាន់ខុសច្បាប់ បានចាក់សម្លាប់ម្ចាស់របស់ខ្លួនឯងនៅឯភាគខាងត្បូង ប្រទេសឥណ្ឌា។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។ បុរសជាម្ចាស់មាន់ជល់ខាងលើត្រូវបានមាន់របស់ខ្លួនឯងចាក់ជាច្រើនខ្នាយចំក្រលៀន ខណៈកំពុងព្យាយាមចាប់មាន់មួយក្បាលនេះដែលរត់ចេញពីសង្វៀន។ បុរសរូបនេះ បានស្លាប់នៅតាមផ្លូវបញ្ជូនទៅមន្ទីរពេទ្យដោយសារតែបាត់បង់ឈាមច្រើនពេក រីឯសត្វមាន់ជល់នោះត្រូវបាននាំទៅកាន់ប៉ុស្ដិ៍ប៉ូលិស មុននឹងគេបញ្ជូនវាទៅកាន់កសិដ្ឋានមួយកន្លែង។ គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅឯសង្វៀនជល់មាន់ខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិឡូតធូនួរ (Lothunur) នៃរដ្ឋតេឡាន់ហ្គាណា (Telangana)។ បច្ចុប្បន្ន ប៉ូលិស កំពុងតាមស្វែងរកមនុស្ស១៥នាក់ផ្សេងទៀត ដែលមានជាប់ពាក់ព័ន្ធនឹងសង្វៀនជល់មាន់ខុសច្បាប់។ បើតាមប៉ូលិសឥណ្ឌា មាន់ជល់ខាងលើត្រូវបានម្ចាស់របស់វាតខ្នាយកូនកាំបិតមានប្រវែង៧សង់ទីម៉ែត្រ៕
2 months ago
5
មាន់ព្រៃ​បក្សី​មាន​រូបរាង​ដូច​មាន់ស្រុក​
​មាន់ព្រៃ​គឺជា គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ ដែលមាន​រូបរាង​ដូច​មាន់ស្រុក ប៉ុន្តែ​មានកំណើត​នៅក្នុង​ព្រៃ​។ ចំពោះ​បក្សី​ឈ្លោ​ល គឺមាន​ជើង​ពណ៌​ប្រផេះ រោម​ស​លើ​គល់​កន្ទុយ ក និង​ចុង​ខ្នង​មាន​រោម​ពណ៌​ទង់ដែង​លាយ​ពណ៌​មាស​ភ្លឺ ផ្នែក​លើ​ខ្នង​ពណ៌​ក្រហមជាំ កន្ទុយ​ពណ៌​បែ​តង​រលោង ផ្នែក​ពោះ​ពណ៌​ខ្មៅ​។ ចំណែក​បក្សី​ញី​វិញ មាន​ពណ៌​ត្នោត​ទុំ កន្ទុយ​មាន​រាង​ដូច​ផ្លិត​និង​ពណ៌​មាស​។ ជាទូទៅ​បក្សី​ប្រភេទ​នេះ តែង​រស់​នៅតាម​ជាយព្រៃ ព្រៃ​ពាក់កណ្ដាល​ស្រោង វាលស្មៅ គុម្ពោត​ព្រៃ ហើយក៏​ជា​ប្រភេទ​បក្សី​ដែល​បង្ហាញ់ខ្លួន​គ្រប់​រដូវ​ពេញ​មួយឆ្នាំ​។ ចំពោះ​រដូវ​បន្ត​ពូជ​វិញ គឺ​មិនមាន​រដូវ​កំណត់​ដូច​មាន់ស្រុក​ដែរ​៕
2 months ago
6
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi