Tin tức
វិធីសាស្ដ្រ​នៃ​ការចិញ្ចឹម​មាន់ស្រុក​
ប្រទេសកម្ពុជាយើងជាប្រទេសមួយមានបរិយាកាសក្ដៅខ្លាំងនៅរដូវក្ដៅ តែក្នុងករណីខ្លះក្នុងរដូវវស្សាក៏មានអាកាសធាតុក្ដៅដែរ។ កំដៅក្ដៅខ្លាំងគឺជាកត្តាមួយដែលធ្វើឲ្យសត្វចិញ្ចឹមភាគច្រើនជួបប្រទះនូវជម្ងឺរាតត្បាតបណ្ដាលឲ្យអ្នកចិញ្ចិមជួបការខាតបង់។ទោះបីការចិញ្ចឹមនោះជាលក្ខណៈគ្រួសារ ឬក្នុងទម្រង់ជាកសិដ្ធានក្ដីសឹងតែងតែជួបប្រទះនូវការខាតបង់ការខាតបង់គឺបណ្ដាលមក ពីសត្វឈឺងាប់ មិនមានមធ្យោបាយក្នុងការព្យាបាល ឬការពារសត្វទាំងនោះពីជម្ងឺរាតត្បាតនានា។ ចំពោះវិធីសាស្ដ្រក្នុងការចិញ្ចឹមមាន់ស្រុកមានច្រើនបែប៖ 1- ការចិញ្ចឹមដោយលែងឲ្យដើររកស៊ីដោយសេរី 2- ការចិញ្ចឹមដោយមានធ្វើរបងព័ទ្ធជុំវិញបរិវេណចិញ្ចឹម 3- ការចិញ្ចឹមក្នុងរោងនៅផុតពីដី (1) ការចិញ្ចឹមឲ្យដើរដោយសេរី ការចិញ្ចឹមមាន់ឲ្យដើររកស៊ីដោយសេរីច្រើនជួបប្រទះនៅបញ្ហាច្រើនជាងគេ ព្រោះមាន់អាចស៊ីប៉ះចំ ចំណីដែលមានមេរោគឆ្លង ឬក៏ពួកវាអាចផឹកទឹកដែលកខ្វក់មានមេរោគ។ មាន់ដែលលែងឲ្យដើររកស៊ីដោយសេរីងាយឆ្លងជម្ងឺបំផុតក្រៅពីនោះវាអាចត្រូវបានបាត់បង់ ដោយឆ្កែខាំ ឬឈឺងាប់ដោយម្ចាស់មិនបានដឹង និងមានការលូតលាស់យឺតជាទីបំផុត ព្រោះជួនកាលវាអាចរកចំណីស៊ីបានគ្រប់គ្រាន់តែពេល ខ្លះក៏មិនបានគ្រប់គ្រាន់។ ក្នុងករណីដែលវាមិនអាចរកចំណីបានគ្រប់គ្រាន់ទេនោះ មាន់អាចខ្សោយកម្លាំងងាយឲ្យមេរោគរាតត្បាត និងងាយ ឆ្លងជម្ងឺ។ ដូច្នេះការចិញ្ចឹមមាន់បែបប្រយោលដោយលែងឲ្យដើររកចំណីមិនមែនជាវិធិសាស្ដ្រមួយល្អនោះឡើយ និងគួរជៀសវាងបើសិនជា អាចធ្វើបាន។ (2)ការចិញ្ចឹមមាន់ដោយមានព័ទ្ធរបងជុំវិញ វិធីចិញ្ចឹមមាន់ដោយមានព័ទ្ធរបងបង្ខាំងកុំឲ្យវាដើរដោយសេរីជាជម្រើសមួយល្អជាងការចិញ្ចឹមដោយលែងឲ្យវាដើរដោយសេរី ពីព្រោះយើងអាចគ្រប់គ្រងវាបានស្ទើរតែទាំងស្រុង អាចការពារវាបានពីការឆ្លងមេរោគពីទីដ៏ទៃ និងមានលទ្ធភាពផ្ដល់ចំណីឲ្យវាបានគ្រប់គ្រាន់ ដូចនេះការធំលូតលាស់របស់វាក៏ប្រសើរជាងមាន់ដែលលែងឲ្យដើររកស៊ីដោយខ្លូនវាដែរ។ (3)ការចិញ្ចឹមដាក់ក្នុងទ្រុង វិធីចិញ្ចឹមមាន់ដាក់ក្នុងរោងមានការចំណាយច្រើនបន្តិច និងទាមទារឲ្យមានការថែទាំដិតដល់ជាងវិធីទាំងពីរខាងដើម ព្រោះមាន់ ទាំងនោះត្រូវពឹងទាំងស្រុងទៅលើការផ្ដល់ចំណីនិងទឹកឲ្យវាឲ្យបានគ្រប់គ្រាន់ ដូច្នេះការធំលូតលាស់ក៏លឿនជាងវិធីផ្សេងដែរ។ ការឆ្លងជំងឺរាតត្បាត គឺមានអត្រាតិចជាង ឯការខាតបង់វិញក៏មានតិចដែរ ប៉ុន្តែវាទាមទារឲ្យអ្នកចិញ្ចឹមត្រូវមានទុនគ្រប់គ្រាន់ ក្នុងការទិញចំណីមកផ្ដល់ឲ្យ និងមានមធ្យោបាយសម្រាប់ដាក់ចំណី និងទឹកឲ្យវាបានត្រឹមត្រូវ។ ដើម្បីឲ្យការចិញ្ចឹមមាន់ស្រុកទទួលបានជោគជ័យវាទាមទារឲ្យមាន៖ -ទីកន្លែងសម្រាប់ចិញ្ចឹមមួយសមស្របមានម្លប់ពីដើមឈើមិនស្ថិតនៅក្នុងភូមិដែលមានផ្ទះសម្បែងជិតៗគ្នាពេក។ -មានបរិយាកាសល្អ -មានប្រភពទឹកស្អាត -មានថ្នាំសម្រាប់ការពារសត្វពីជម្ងឺ -មានថ្នាំសម្រាប់ព្យាបាលពេលមាន់ឈឺ -ចេះវិធីផលិតចំណីផ្សំ ឬមានលទ្ធភាពទិញចំណីបានសម្រាប់ឲ្យវាស៊ី -ចេះបច្ចេកទេសក្នុងការថែទាំបានត្រឹមត្រូវ ការសាងសង់រោងចិញ្ចឹមមាន់បែបមានទីធ្លា: រោងទីធ្លាសម្រាប់ចិញ្ចឹមមាន់ត្រូវធ្វើរបងសំណាញ់ព័ទ្ធជុំវិញ និងគ្របសំណាញ់ពីលើ ត្រង់ទីធ្លាសម្រាប់ចិញ្ចឹម។ ទ្រុងមាន់ដែល សង់សម្រាប់ការចិញ្ចឹមបែបមានទីធ្លាត្រូវធ្វើនៅផ្នែកខាងៗរបស់ទីធ្លាចិញ្ចឹមប្រក់ដោយស្បូវ ឬស្លឹកត្នោតការពារកុំឲ្យក្ដៅនៅរដូវក្ដៅ ទ្រុងត្រូវ ធ្វើផុតពីដីកំពស់ប្រហែល70 ស.ម យ៉ាងតិច និងក្រាលបាតក្រុងដោយសំណាញ់ ឬបន្ទះរនាបឬស្សី ឬឈើនីវ (ឈើរនាបគ្រែ)ដោយមាន ទុកប្រហោង 2 ឬ 3ស.ម ឲ្យអាចម៍មាន់អាចធ្លាក់មកដីបាន។ ដាំដើមអង្កាញ់ ឬដើមឆ័ត្រ សម្រាប់ធ្វើជាម្លប់ការពារនារដូវក្ដៅ។ ក្រៅពីនេះត្រូវដាំដើមកន្ធុំថេតទុកសម្រាប់ធ្វើជាចំណីឲ្យវា។ ចក បាយទា ត្រកួន ក៏អាចប្រើជាចំណីឲ្យមាន់បានដែរ គួរជីកប្រឡាយក្រាលផ្លាស្ទិចដាំវាឲ្យបានច្រើននៅក្បែរៗបរិវេណកន្លែងដែលយើង ចិញ្ចឹមវា។ ការចិញ្ចឹមដោយមានទុកទីធ្លានៅចំកណ្ដាល គឺជាមធ្យោបាយមូយសមស្របបំផុតសម្រាប់ការចិញ្ចឹមជាលក្ខណៈគ្រួសារបែប កសិដ្ធានខ្នាតតូច ព្រោះវិធីនេះចំណាយលុយតិច អាចធ្វើបានទៅតាមធនធានដែលមាន និងអាចពង្រីកនៅពេលក្រោយៗបាន។ សម្រាប់ទីធ្លាដែលមានទំហំប្រហែល 10ម៉ែត្របួនជ្រុង យើងអាចចិញ្ចឹមមាន់បានចំនួនប្រហែល 500ក្បាល ប៉ុន្តែរោងសម្រាប់ ឲ្យវាដេកពេលយប់ត្រូវធ្វើឲ្យបានគ្រប់គ្រាន់មិនត្រូវឲ្យមាន់ដេកផ្ទាល់លើដីនោះឡើយ។ វិធីចិញ្ចឹមបែបនេះ គឺជាជម្រើសល្អជាងគេ ទាំងការគ្រប់គ្រង និងការពារមាន់ពីការឆ្លងជម្ងឺ។ ថ្នាំសម្រាប់ការពារមាន់កុំឲ្យឈឺ ឬងាប់: -ផ្កាម្លិះ100ក្រាម -មេថ្នាំ20សេសេ (អាចទិញបាននៅអង្គការ CNAD ជិតផ្សារទួលគោក) -ស្ករ 20សេសេ -ទឹកស្អាត 10លីត្រ និងធុងទឹកមួយចំណុះ20លីត្រ វិធិធ្វើ៖ ហាន់ផ្កាម្លិះ (ស្រស់ ឬក្រៀម) ឲ្យល្អិតទុកមួយអន្លើដាក់ឆ្នាំងដាំទឹកឲ្យពុះដាក់ផ្កាម្លិះដែលបានហាន់រួចដាក់ចូលរម្ងាស់ប្រហែល 10នាទី លើកចេញពីចង្ក្រានទុកឲ្យត្រជាក់ដាក់មេថ្នាំចូលស្កររងូ ចូលកូរល្បាយនេះឲ្យសព្វល្អ គ្របវាទុកនៅទីមួយត្រជាក់មិនត្រូវពន្លឺថ្ងៃចំនួន7 ថ្ងៃ អាចយកមកប្រើការបានហើយ។ វិធីប្រើ៖ យកទឹកល្បាយនេះចំនួន2ស្លាបព្រាបាយលាយទឹកចំនួន5លីត្រដាក់ឲ្យមាន់ផឹក ឬយកមកលាយជាមួយចំណីឲ្យសើមៗទឹក ដែលសល់អាចទុកលាយទឹកធម្មតាឲ្យមាន់ផឹក។ ការប្រើប្រាស់ល្បាយទឹកផ្កាម្លិះសម្រាប់ផ្ដល់ឲ្យមាន់ គឺជាវិធីមួយជួយការពារទាំងស្រុងមិនឲ្យមាន់ឈឺ ឬងាប់បានវាងាយស្រួលធ្វើ និងមានប្រសិទ្ធិភាព ដូចថ្នាំព្យាបាលដែរ។ ក្នុងករណីដែលយើងចិញ្ចឹមក្នុងទ្រង់ទ្រាយធំ យើងក៏អាចទិញមេចំណី និងមេថ្នាំការពារសត្វកុំឲ្យឈឺនេះ ពីអង្គការ CNAD ដែលមានដាក់ជាឈុតក្នុងមួយឈុតមាន មុខ តម្លៃ21000រៀល។ ចំពោះការប្រើប្រាស់វិញ គឺដូចគ្នាគ្រាន់តែលាយជាមួយចំណីឲ្យមាន់ស៊ី និងលាយជាមួយទឹកឲ្យមាន់ផឹក គឺជាការស្រេច។ ការផលិតចំណី និងការទិញចំណីសម្រាប់មាន់៖ មាន់ក៏ដូចជាសត្វផ្សេងៗឯទៀតដែរ វាត្រូវការអាហារចំណីដេលមានសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យវាធំលូតលាស់ បានលឿន ដូច្នេះចំណីដែលផ្សំសម្រាប់ឲ្យមាន់ត្រូវមានប្រូតេអ៊ីនសាច់ និងប្រូតេអ៊ីពីបន្លែ -ត្រីហាលស្ងួត មានប្រូតេអ៊ីនសាច់ -សណ្ដែកសៀងមានប្រូតេអ៊ីនបន្លែ -ពោតក្រហមអាហារផ្ដល់ថាមពល -កន្ទក់លេខមួយ -ត្រកួន -ចក បាយទា -ព្រីម៉ិច -មេចំណី -វីតាមីន -ថ្នាំការពារកុំឲ្យឈឺ ទាំងប៉ុន្មានមុខខាងល់នេះ គឺជាអ្វីដែលល្មមគ្រប់គ្រាន់សម្រាប់ធ្វើជាចំណីឲ្យមាន់បាន ប៉ុន្តែសម្រាប់តែការចិញ្ចឹមក្នុងទ្រង់ទ្រាយធំ ចាំបាច់ត្រូវប្រើចំណីផលិតស្រាប់ៗ ពីរោងចក្រផលិតចំណីសត្វព្រោះការផលិត និងការប្រមូលទិញវត្ថុធាតុដើម និងកម្លាំងពលកម្មពេលវេលា អាចនឹងស្មើតម្លៃចំណីទិញស្រាប់ៗ។ នៅឯអង្គការCNAD មានវគ្គបង្រៀនច្រើនយ៉ាង យើងអាចចុះឈ្មោះចូលរៀន ដើម្បីឲ្យបានដឹងពីវិធីចិញ្ចឹម និងអាចទិញឈុតថ្នាំ ការពារបូកមេចំណី និងមេថ្នាំជួយឲ្យសត្វធំលូតលាស់លឿនបាន។ ការយល់ដឹងឲ្យបានច្រើនពីវិធីចិញ្ចឹម គឺជាកត្តាមួយសំខាន់ជាងគេ ព្រោះវាជួយឲ្យយើងកាត់បន្ថយបាននូវការខាតបង់ ចេះពីវិធី ចិញ្ចឹមច្បាស់លាស់ ប្រសើរជាងធ្វើឲ្យពុំដឹងអ្វីទាំងអស់ និងជៀសបាននូវការខាតបង់ប្រាក់កាស។ ស្វែងរកកន្លែងដែលមានបង្រៀនពីវិធីចិញ្ចឹមសត្វមាន់ ឲ្យបានច្រើនកន្លែងចុះឈ្មោះចូលរៀនឲ្យបានច្រើនតាមដែលអាច ធ្វើទៅបាន ព្រោះគ្រូច្រើននេះ ប្រសើរជាងមានគ្រូតែមួយ ដូច្នេះយើងអាចទទួលបានបទពិសោធន៍ច្រើន និងបានជួបស្គាល់អ្នកចិញ្ចឹម សត្វមាន់ និងអ្នកដែលមានពូជមាន់ល្អៗ សម្រាប់ទិញយកមកចិញ្ចឹម។ ការយកចិត្តទុកដាក់ឲ្យបានល្អ គឺជាកត្តាមួយសម្រាប់ជោគជ័យក្នុងការចិញ្ចឹមមាន់ឲ្យទទួលបានប្រាក់ចំណេញ ក្រៅពីនោះត្រូវចេះ សម្រាំងទុកពូជមាន់ល្អៗ និងទិញទូភ្ញាស់កូនមាន់ដោយខ្លួនឯងកុំឲ្យពិបាកត្រូវទិញពីគេ។ ចំណែកវិធីចិញ្ចឹមដោយដាក់ក្នុងរោងវិញ គឺជាវិធីមួយដែលចំណាយប្រាក់អស់ច្រើនណាស់ និងសម្រាប់ការចិញ្ចឹមក្នុងទ្រង់ទ្រាយធំ សូមគិតវានូវពេលក្រោយវិញ បន្ទាប់ពីយើងទទួលបានបទពិសោធន៍គ្រប់គ្រាន់នៅពេលនេះ។ សូមដើររកសាលាបង្រៀនពីវិធីចិញ្ចឹមមាន់ឲ្យបានច្រើន និងរៀនឲ្យបានច្រើនទើបជាការប្រសើរ។
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi