Tin tức
ពូជមាន់ ថ្លៃជាងគេលើពិភពលោក
ជាធម្មតា មាន់មួយក្បាលមានតម្លៃប្រហែល ៥ ដុល្លារ តែមាន់ខ្មៅប្រភេទនេះវិញ មានតម្លៃរហូតដល់ទៅ ២៥០០ ដុល្លារ ក្នុងមួយក្បាល ដែលធ្វើអោយវាឈរនៅលំដាប់លេខមួយ ជាប្រភេទមាន់ថ្លៃជាងគេលើពិភពលោក ។ តម្លៃខ្លួនរបស់វា បានធ្វើអោយមានការចាប់អារម្មណ៍ ជា ពិសេសកសិករ ដែលចង់យកវាមកចិញ្ចឹម ។ មាន់ប្រភេទនេះ មានពណ៍ខ្មៅខ្លឹបតែម្តង មិនថា រោម ក្បាល ភ្នែក អណ្តាតរួមទាំងគ្រឿងក្នុងផងនោះគឺសុទ្ធតែខ្មៅ មានទំហំខ្លួន ដូចនិងមាន់ទូទៅដែរ ដែលឈ្មោលមានទំងន់ចន្លោះពី 2 – 3.5 Kg ​ រីឯញីវិញមានទំងន់ចន្លោះពី 1.5 – 2 Kg ។ មាន់ខ្មៅនេះ មានឈ្មោះថា Ayam Cemani​ (អាយ៉ាម សេម៉ានី) ដែលមានប្រភពពី លើកោះឈ្វា ប្រទេសឥណ្ឌូនេសុី រាប់ពាន់ឆ្នាំមកហើយ វាត្រូវបានជនជាតិឈ្វានិយមចិញ្ចឹម ដោយមានជំនឿរថា មាន់ខ្មៅ អាយ៉ាម សេម៉ានី នេះអាចនាំលាភសំណាង និងភាពរីករាយ មកអោយម្ចាស់របស់វាបាន ។ មិនតែប៉ុណ្ណោះ អាយ៉ាម សេម៉ានី វាត្រូវបានជ្រើសរើសយកទៅធ្វើជា អាហារសម្រាប់អភិជន និងក្នុងពិធីជួបជុំក្នុងឪកាសពិសេសៗសម្រាប់ប្រជាជនចិន ដោយសារតែតម្លៃរបស់វា រួមជាមួយសាច់របស់វាផុយ និងជួយប៉ូវសុខភាពកាន់តែ ធ្វើឲ្យ មាន់ អាយ៉ាម សេម៉ានី មានភាពល្បី ល្បាញថែមទៀត។ ដោយសារភាពល្បីល្បាញ ទាំងនេះហើយ ទើបមានការបញ្ជារទិញ យកទៅចិញ្ចឹមបន្ត និងចែកចាយលើទីផ្សារពិភលោក មានការកើនឡើង តែបើទោះជាយ៉ាងនេះក្តី ចំនួនរបស់វាមិនមាន ការកើនឡើងច្រើនឡើយ​ ព្រោះតែមាន់ប្រភេទនេះពិបាកចិញ្ចឹម និងត្រូវការ ការថែទាំជាពិសេស ដើម្បីទទួលបានមាន់ដែលគុណភាពល្អ ជាពិសេសម្រាប់ការនាំយក ទៅចិញ្ចឹមនៅអាមេរិច និងអឺរ៉ុប វាក៏ពិបាកក្នុងការដឹកជញ្ជូនផង និង អាកាសធាតុមិនដូចគ្នាផង។ មាន់ អាយ៉ាម សេម៉ានី មិនមានអត្រាពង និងញាស់កូនបានច្រើននោះទេ ធ្វើអោយចំនួនមាន់នេះថយចុះពីមួយឆ្នាំ ទៅមួយឆ្នាំ ហើយវាក៏កាន់តែកម្រទៅកម្រទៅផងដែរ។ ជារួម មាន់អាយ៉ាម សេម៉ានី ជាមាន់មានតម្លៃថ្លៃជាងគេលើពិភពលោក ដោយសារតែវាមានពណ៍ខ្មៅពិសេស បូករួមនិងជំនឿក្នុងការចិញ្ចឹម ការយកមកធ្វើជាអាហារសម្រាប់អភិជន និងភាពកម្ររបស់វា ។
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi