ថៃនាំចេញសាច់មាន់ជាង២៧០០លានដុល្លារ,ជាប់លេខបីពិភពលោក 
                                    
                                     
                                        ទីក្រុងបាងកក៖ ប្រទេសថៃចិញ្ចឹមមាន់ច្រើនប៉ុណ្ណឹងហើយនៅមិនទាន់ជាប់ចំណាត់ថ្នាក់លេខមួយទៀត។ ប៉ុន្តែប្រទេសនេះក៏កំពុងកាក់កបសម្បើមណាស់ដែរនឹងការនាំចេញសាច់មាន់ស្រស់ទៅលក់នៅក្រៅប្រទេស និងដណ្ដើមបានតំណែងលេខបីពិភពលោក។ ពិតជាមិនអន់ទេ, ជាមួយនឹងការនាំចេញសាច់មាន់ជាង១សែនតោនកាលពីឆ្នាំ២០២៣ ប្រទេសថៃអាចរកចំណូលបាន១០០ពាន់លាតបាត ឬជាង២៧០០លានដុល្លារ។សព្វថ្ងៃនេះ ប្រទេសប្រេស៊ីលបន្តក្ដោបក្ដាប់តំណែងលេខមួយ, ខណៈដែលអាមេរិកក្ដោបក្ដាប់តំណែងលេខពីរពិភពលោកខាងនាំចេញសាច់មាន់។ ប៉ុន្តែគុណភាពសាច់មាន់របស់ថៃ និងប្រទេសទាំងពីរនេះមិនដឹងថាមានលក្ខណៈបែបណាខ្លះទេ។យ៉ាងហោចណាស់ចំណាត់ថ្នាក់នាំចេញសាច់មាន់របស់ថៃកាន់តែប្រសើរជាងមុន។ ពោលគឺកាលពីឆ្នាំ២០២២ ថៃជាប់ចំណាត់ថ្នាក់លេខ៤ពិភពលោក។ ឆ្នាំ២០២៣ចំណាត់ថ្នាក់ឡើងមួយកាំទៀតមកឈរលេខបី។ នេះបើយោងតាមលោកស្រីឆាវីវ៉ាន់ ខាំផា (Chaweewan Kampa) ជាប្រធានសមាគមអ្នកចិញ្ចឹមមាន់។