កសិករចិញ្ចឹមមាន់ស្រែជំនួយពីសហគមន៍ទឹកហូតមានជ័យក្តីសង្ឃឹម ជួយឲ្យជីវភាពធូរធារមួយកម្រឹត
                     
                      
                     
                   
                     កំពង់ឆ្នាំង៖ ប្រជាកសិករនៅក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានជីវភាពធូរធារជាងពេលមុន ក្រោយពួកគាត់ទទួលបានពូជមាន់ស្រែបច្ចេកទេសចិញ្ចឹម ការថែទាំ និងថវិកាមួយចំនួន ពីសហគមន៍ទឹកហូតមានជ័យក្តីសង្ឃឹម យកមកដាក់ចិញ្ចឹមជិត១ឆ្នាំកន្លងមកនេះ ។ ថវិកាចំណាយផ្សេងៗ និងអោយកូនទៅរៀនសូត្រ បានពីការចិញ្ចឹមមាន់ស្រែនេះទាំងអស់ ។ ពួកគាត់សប្បាយចិត្តខ្លាំង ក្រោយទទួលបានមុខរបរពិតប្រាកដបែបនេះ ។
                         
                             
                                             ប្រជាកសិករ២នាក់ ដែលទទួលជោគជ័យលើការងារចិញ្ចឹមមាន់ស្រែបានអោយដឹងថា ពីមុនជីវភាពគ្រួសារពួកគាត់មិនសូវធូរធារនោះទេ តែក្រោយពីបានការជួយគាំទ្រពីសហគមន៍ទឹកហូតមានជ័យក្តីសង្ឍឹមរួចមក ទាំងពូជមាន់ស្រែ ទាំងបច្ចេកទេសចិញ្ចឹម ការថែទាំ និងថវិកាមួយចំនួនរួចមក ក្រុមគ្រួសារពួគគាត់លែងលំបាកដូចពេលមុនទៀតហើយ ព្រោះសព្វថ្ងៃពួគគាត់បានមាន់នេះ យកទៅលក់បានកម្រៃមកចាយវាយផ្សេងៗក្នុងគ្រួសារ ហើយក៏ជាចំណែកមួយសម្រាប់ជួយដល់ជីវភាពគ្រួសារផងដែរ។ សម្រាប់ពួកគាត់ជាកសិករ ក្រៅពីការដាំដំណាំខ្ទឹមស្លឹក គឺការចិញ្ចឹមមាន់ស្រែនេះ មិនមានអ្វីគួរអោយលំបាកនោះឡើយ ដោយគ្រាន់តែប្រើពេលត្រឹម១ម៉ោងពេលព្រឹក និង១ម៉ោងពេលល្ងាចដាក់ចំណីអោយមាន់ និងចំណាយពេលខ្លះមើលសុខភាពមាន់ ការថែទាំសម្អាតទ្រុងជាប្រចាំ និងការដាំចកជំនួយសុខភាពមាន់ជាការស្រេច។ នៅពេលមាន់ធំត្រូវលក់ចេញ សហគមន៍ទឹកហូតមានជ័យក្តីសង្ឍឹម បានទទួលទិញវិញទាំងអស់ដោយអោយតម្លៃលើសពីទីផ្សារទូទៅពី១ពាន់ទៅ២ពាន់រៀលក្នុង១គីឡូ។
                         
                             
                                             លោកស្រី រឹទ្ធ ចន្ថា ប្រធានសហគមន៍ទឹកហូតមានជ័យក្តីសង្ឈឹមបានថ្លែងថា ការចំណាយពេលវេលាក្រៅពីការងារផ្ទាល់ខ្លួនរបស់បងប្អូនប្រជាកសិករ មកចិញ្ចឹមមាន់ស្រែនេះ គឺជាពេលវេលាដ៏សំខាន់មួយ ព្រោះការចិញ្ចឹមមាន់ស្រែត្រូវតាមបច្ចេកទេស និងការណែនាំរបស់សហគមន៍ គឺបានជួយច្រើនដល់ជីវភាពគ្រួសារពួកគាត់ រួមនិងជីវភាពប្រជាកសិករក្នុងសហគមន៍។ សហគមន៍បានផ្តល់ពូជមាន់ស្រែដល់ប្រជាកសិករក្នុងសហគមន៍ចំនួន១២គ្រួសារហើយ ដែលក្នុង១គ្រួសារទទួលបានកូនមាន់ចំនួន ២០០ក្បាល នៅពេលលក់ចេញ គឺសហគមន៍ទទួលទិញទាំងអស់វិញ។
                         
                             
                                             សព្វថ្ងៃ ប្រជាកសិករនៅក្នុងភូមិត្រពាំងក្រពើកំពុងរីកចម្រើនខ្លាំងលើជីវភាពគ្រួសារ ដោយពួកគាត់បានកែប្រែពីការធ្វើស្រែ មកជាការដាំដំណាំខ្ទឹមស្លឹក និងចិញ្ចឹមមាន់លក់អោយសហគមន៍ទឹកហូតមានជ័យក្តីសង្ឍឹមវិញ៕