Tin tức
សហគមន៍ចិញ្ចឹមមាន់ស្រែ បន្លែសុវត្ថិភាពមួយកន្លែង ស្នើរដ្ឋាភិបាល ផ្ដល់​ទុន និងរកទីផ្សារដល់ពួកគេ
ភ្នំពេញ៖ កង្វះទុន និងទីផ្សារ បានក្លាយជាបញ្ហាប្រឈមរបស់សហគមន៍កសិកម្មមានជ័យរស្មីរុងរឿង ដែលមាន​ទីតាំង​នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង​ ក្នុងការពង្រីកសក្ដានុពលចិញ្ចឹមមាន់ស្រែ និងបន្លែសុវត្ថិភាពរបស់ពួកគេ។ បច្ចុប្បន្ន កសិករខ្លះ បានសម្រេចចិត្តបោះបង់មុខរបរកសិកម្មជាង១០ឆ្នាំរបស់ខ្លួន ដោយសារពុំមានលទ្ធភាពបន្តការងារនេះបាន។សហគមន៍កសិកម្មមានជ័យរស្មីរុងរឿង ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ ដែលផ្ចុងផ្ដើមដោយមន្ទីរកសិកម្ម ខេត្តបាត់ដំបង។ បច្ចុប្បន្ន សហគមន៍នេះ មានសមាជិកចំនួន១២៩គ្រួសារ ស្មើនឹង៣២៣​នាក់ ដោយផ្ដោតសំខាន់លើការចិញ្ចឹមមាន់ស្រែ និងបន្លែសុវត្ថិភាព។ ក្នុងមួយថ្ងៃ ពួកគេ អាចផលិតបន្លែបានពី៥០០គីឡូក្រាម ទៅ១តោន និងមាន់ស្រែចាប់ពី១០០ ទៅ២០០ក្បាលក្នុងមួយសប្ដាហ៍។
ស្របពេលដែល​កសិផល អាច​ផ្គត់ផ្គង់ទីផ្សារបាន បែរ​ជា​ទីផ្សា​រ​មិនសម្បូរ។​ ពាក់ព័ន្ធបញ្ហានេះ ប្រធានសហគមន៍កសិកម្មមានជ័យរស្មីរុងរឿង ទទូចដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអង្គការពាក់ព័ន្ធនានា ជួយផ្ដល់ជាដើមទុន និងទីផ្សារ ដល់សហគមន៍ខ្សត់ខ្សោយរបស់ខ្លួន។អ្នកស្រី ឡុង ម៉ុម ប្រធានសហគមន៍កសិកម្មមានជ័យរស្មីរុងរឿង បានឱ្យដឹងថា កង្វះដើមទុន និងទីផ្សារគ្មានលំនឹង គឺជាឧបសគ្គរាំងស្ទះដល់លទ្ធភាពផលិតកម្មបន្លែសុវត្ថិភាព និងចិញ្ចឹមមាន់ស្រែក្នុងសហគមន៍ ដែលទាមទារឱ្យមានការគាំទ្របន្ថែមទៀតពីរដ្ឋាភិបាល និងអង្គការដៃគូ។ អ្នកស្រី បារម្ភថា សហគមន៍កសិកម្មមួយនេះ​ អាចនឹងត្រូវក្ស័យធននៅពេលខាងមុខ​ ក្រោយកសិករចាប់ផ្ដើមបាក់ទឹកចិត្ត និងចង់បោះបង់ការងារដែលខ្លួនកសាងរាប់ឆ្នាំ។ប្រធានសហគមន៍រូបនេះ រៀបរាប់ថា សព្វថ្ងៃ ទីផ្សារមាន់ស្រែ និងបន្លែសុវត្ថិភាព អាចលក់បានឱ្យតែឈ្មួញ ឬហាងបាយតិចតួចប៉ុណ្ណោះ។ ការលក់បែបនេះ ពេលខ្លះ ត្រូវឈ្មួញបង្អាប់តម្លៃ ឬមិនជួយទិញតែម្ដង ដែលនេះជាមូលហេតុធ្វើឱ្យកសិករខាតបង់ និងគ្មានដើមទុន បន្តដំណើរទៅមុខបាន។ ចំពោះមុខ សហគមន៍កសិកម្មរស្មីរុងរឿង ចង់បានក្រុមហ៊ុន ឬឈ្មួញ ដែលទទួលទិញផលិតផលកសិកម្មរបស់ខ្លួន តាមរយៈកិច្ចសន្យា ឬរបៀបណាមួយ ដើម្បីធានាដល់តម្លៃ និងទីផ្សារ។
ផលិតកម្មបន្លែ និងចិញ្ចឹមសត្វ ក្នុងសហគមន៍កសិកម្មមានជ័យរស្មីរុងរឿង ត្រូវបានអនុវត្តតាម បច្ចេកទេស និងស្តង់ដារគុណភាពត្រឹមត្រូវ។ ការផលិតមានចំនួនច្រើន ប៉ុន្តែទីផ្សារជាក់ស្ដែង លក់បានត្រឹមតែហាងបបរ ឬបាយប៉ុណ្ណោះ ដោយក្នុងរយៈពេល១ថ្ងៃអាចលក់មាន់ស្រែបាន ១៥ក្បាល។ «​បញ្ហាខ្លាំងបំផុត គឺខ្វះដើមទុន ហើយទីផ្សារអត់ជាក់លាក់ជាមួយពួកគាត់ (កសិករ) អ៊ីចឹង ពួកគាត់គ្មានកម្លាំងធ្វើនោះទេ។ ចំពោះទីផ្សារចេះតែមានហើយ តែនៅពេលយើងផលិតបាន ឈ្មួញអត់មកយកជាដើម អ៊ីចឹង ធ្វើឱ្យពួកគាត់បាក់ទឹកចិត្ត។ ខ្ញុំចង់បានក្រុមហ៊ុនណាមួយ ដែលអាចជួយទាំងដើមទុន ទីផ្សារ និងបច្ចេកទេស គ្រប់គ្រាន់ដល់សហគមន៍»។ នេះជាការលើកឡើងរបស់​អ្នកស្រី ឡុង ម៉ុម ដោយបន្ថែមថាអ្នក​ស្រី​ចង់ឃើញសហគមន៍កសិកម្ម របស់ខ្លួនរីកចម្រើន ដែលអាចផ្ដល់ការងារ និងចំណូលដល់ពលរដ្ឋ។ ស្រ្តីរូបនេះ បានអំពាវនាវ ដល់រដ្ឋាភិបាល អង្គការ និងក្រុមហ៊ុនទទួលទិញបន្លែនានា ជួយផ្ដល់ ទីផ្សារ បច្ចេកទេស និងដើមទុនបន្ថែមទៀតដល់ពួកគេ៕
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi