ចំណាត់ការក្រសួងកសិកម្ម ផ្អាកនាំចូលមាន់រស់ ចាប់ផ្ដើមមានការតវ៉ា, ក្រសួងកសិកម្មឆ្លើយតបថា ដើម្បីការពារអ្នកចិញ្ចឹមក្នុងស្រុក
ក្នុងរយៈពេលថ្មីៗចុងក្រោយនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញវិធានការថ្មីមួយទៀត នោះគឺការផ្អាកនាំចូលពីប្រទេសថៃ ដោយទុកតែការនាំចូលពី វៀតណាមនោះ បានបង្កឲ្យក្រុមអាជីវករ ដែលធ្លាប់រកស៊ីនាំសត្វបក្សី (មាន់) រស់ពីប្រទេសថៃរាប់សិបឆ្នាំ បានជួបការលំបាក និងជាពិសេសប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃតគ្នា ទាំងអ្នកនាំចូល និងអ្នកទទួលទិញយកទៅលក់បន្ដឲ្យអ្នកបរិភោគ។
ចំណាត់ការថ្មីមួយនេះរបស់ក្រសួងកសិកម្ម បានធ្វើឡើងក្រោមហេតុផលថា តម្រូវការជាក់ស្ដែង នៃការនាំចូលសត្វមាន់រស់ពីប្រទេសជិតខាង មានការកើនឡើងយ៉ាងគំហុក លើសពីតម្រូវការក្នុងស្រុក និងហេតុផលមួយទៀតនោះ គឺប៉ះពាល់ដល់អ្នកចិញ្ចឹមសត្វមាន់ និងសត្វបក្សីផ្សេងទៀតនៅក្នុងស្រុកផងដែរ។
តែយ៉ាងណាក៏ដោយ ក្រុមអាជីវករ និងអ្នកធ្លាប់រកស៊ីនាំមាន់រស់ពីប្រទេសថៃ នៅតែទទូចសុំឲ្យមានដំណោះស្រាយផ្លូវកណ្ដាលណាមួយ ពីក្រសួងកសិកមុ្ម ដើម្បីឲ្យអាជីពរបស់ពួកគេបន្ដដំណើរការ ហើយបើផ្អាកភ្លាមៗបែបនេះ នោះពួកគេមិនអាចបត់បែន ឬប្ដូរទិសដៅនាំចេញពីវៀតណាម ដែលមិនធ្លាប់ដើរនោះឡើយ។
ក្រុមអាជីវករទាំងនេះ ក៏នៅតែសុំឲ្យរដ្ឋមន្ដ្រីក្រសួងកសិកម្ម បើអាចបានសុំបន្តការអនុញ្ញាតនាំចូលពីថៃ ដោយបន្ថយចំនួននៃការនាំចូលខ្លះ និងកាត់បន្ថយពីការនាំចូលពីវៀតណាមខ្លះ ដើម្បីស្មើភាពគ្នា ទើបមិនប៉ះពាល់ខ្លាំង។
ជុំវិញការសម្រេចផ្អាកផ្តល់គោលការណ៍នាំចូលបក្សី (មាន់) បណ្តោះអាសន្ននេះ ត្រូវបានលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ជាវិធានការទប់ទល់នឹងការនាំចូលលើសតម្រូវការ ដែលនាំឲ្យខាតបង់ដល់អ្នកចិញ្ចឹមក្នុងស្រុក។
លោកបញ្ជាក់ថា តម្រូវការសត្វបក្សក្នុង១ថ្ងៃៗកម្ពុជា ត្រូវការតែ១៧,០០០ក្បាលប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នគោលការណ៍នាំចូលមានរហូតដល់ ៤៤០០០ក្បាលក្នុងថ្ងៃឯណោះ។