«រៀនដាំ» ជាឈ្មោះបណ្តាញផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងកសិកម្មបែបទំនើប
ជាការចូលរួមដើម្បីជាជំនួយស្មារតីក្នុងការធ្វើកសិកម្ម ដាំដំណាំចម្រុះផ្សេងៗតាមបែបទំនើប ក៏ដូចជាការចិញ្ចឹមសត្វ បច្ចុប្បន្ននេះយើងសង្កេតឃើញថា យុវជនខ្មែរមួយចំនួនងាកមកបង្កើតមាតិកាផ្សេងៗទាក់ទងនឹងការចែករំលែកចំណេះដឹង បទពិសោធផ្នែកកសិកម្មជាច្រើន និងទទួលបានការគាំទ្រច្រើន។
«រៀនដាំ» ជាគេហទំព័រមួយដែលមានចែករំលែកចំណេះដឹងកសិកម្មចម្រុះ ការចិញ្ចឹមសត្វ ក៏ដូចជាបទពិសោធផ្ទាល់របស់ម្ចាស់កសិដ្ឋានផ្ទាល់តែម្ដង តាមរយៈវីដេអូបង្រៀន និងការប្រឹក្សាយោបល់ផងដែរ។
ជាអ្នកកសិកម្ម និងអ្នកចូលចិត្តធ្វើវីដេអូផង លោក នី ប៊ុនថា មានទីលំនៅ ស្រុកស្រែអំបិល ខេត្តកោះកុង និងជាស្ថាបនិក «រៀនដាំ» បានមានប្រសាសន៍ថា លោកបង្កើតផេក (page) នេះឡើងគឺដើម្បីចែករំលែកចំណេះដឹងមូលដ្ឋានគ្រឹះផ្នែកកសិកម្មចម្រុះ ការចិញ្ចឹមសត្វ និងបទពិសោធផ្ទាល់ដល់បងប្អូនកសិករថ្មីដែលទើបតែចាប់ផ្ដើមធ្វើកសិកម្មជាដើម។