កសិដ្ឋានចិញ្ចឹមមាន់យកស៊ុតក្នុងស្រុកមួយកំពុងមមាញឹក ខណៈតម្រូវការទីផ្សារ និងតម្លៃមានភាពល្អប្រសើរ
ស្របទៅនឹងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅលើការចេះយកបញ្ហាបិតព្រំដែនមកកែប្រែទៅជាឱកាសពង្រឹងសមត្ថភាព និងពង្រីកទីផ្សារក្នុងស្រុកឱកាន់តែទូលាយនោះ កសិដ្ឋានចិញ្ចឹមមាន់យកស៊ុតមួយកន្លែង ស្ថិតនៅក្នុងខេត្តបាត់ដំបង បាន និងកំពុងមានភាពមមាញឹកក្នុងការបង្កើនលទ្ធភាពផលិតឱ្យបានលើសពី ១ម៉ឺនគ្រាប់ក្នុង ១ថ្ងៃ ជាមួយនឹងការបំប៉នមេមាន់ជំទន់បន្ថែមប្រមាណ១ម៉ឺនក្បាលទៀត ដែលអាចទទួលបានផលនៅអំឡុងខែកញ្ញាខាងមុខនេះ ពោលគឺសរុបអាចទទួលបានជិត២ម៉ឺនគ្រាប់ក្នុង១ថ្ងៃ។
លោក មឿន ចាន់រិទ្ធ ជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់មួយកន្លែងស្ថិតនៅភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ន ស៊ុតមាន់គឺមានតម្រូវការខ្ពស់ ខណៈដែលតម្លៃលក់ចេញក៏ទទួលបានកាន់តែប្រសើរជាងមុន ជាពិសេស ក្រោមស្មារតីជាតិនិយមរបស់បងប្អូនប្រជាជនខ្មែរ ងាកមកគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើនក្រោយការបិតច្រកព្រំដែនកម្ពុជា-ថៃ។