សារៈប្រសោជន៍ និង គោលការណ៍ទូទៅសាំខាន់ៗ ៥ យ៉ាង នៃការចិញ្ចឹមមាន់
១. សារៈប្រយោជន៍នៃការចិញ្ចឹមមាន់លក្ខណៈគ្រួសារ
•បង្កើនប្រាក់ចំណូលបន្ថែម ដោយមិនចាំបាច់បោះបង់មុខរបរមានស្រាប់
ការចិញ្ចឹមមាន់លក្ខណៈគ្រួសារ គឺមិនទាមទារពេលវេលាវែង ហើយកសិករអាចទទួលបានចំណូលបន្ថែម ដោយមិនចាំបាច់បោះបង់មុខរបរផ្សេងដែលមានស្រាប់នោះទេ ។
•ប្រភពចំណូលមួយយ៉ាងទៀងទាត់
ការធ្វើស្រែ អាចទទួលបានផលតែមួយដង ឬពីរដងក្នុងមួយឆ្នាំ។ ការចិញ្ចឹមជ្រូកត្រូវការរយៈពេលវែង ដើម្បី អាចលក់បាន។ ផ្ទុយពីមុខរបរទាំងនោះ ការចិញ្ចឹមមាន់លក្ខណៈគ្រួសារ ផ្តល់នូវចំណូលមួយទៀងទាត់ ពី ព្រោះមាន់ឆាប់ធំលឿនជាង និងងាយស្រួលលក់។ កសិករចិញ្ចឹមមាន់ជោគជ័យម្នាក់ បានប្រាប់ថា គាត់ មានប្រាក់ សម្រាប់សងទៅធនាគារទាន់ពេល ដោយសារគាត់មានមាន់លក់ជារៀងរាល់ខែ ។
•ចាប់ផ្តើមដោយប្រើប្រាស់ដើមទុនតិច
ការចិញ្ចឹមមាន់លក្ខណៈគ្រួសារមិនទាមទារដើមទុនច្រើននោះទេ កសិករអាចពង្រីកវាបានជាជំហ៊ានៗ ដោយប្រើប្រាស់ធនធានដែលខ្លួនមានស្រាប់។
•ទទួលបានប្រាក់ចំណូល ដោយមិនចាំបាច់ស្វែងរកមុខរបរឆ្ងាយពីផ្ទះឡើយ
វាមិនងាយស្រួលទេ សម្រាប់កសិករក្នុងការស្វែងរកប្រាក់ចំណូលនៅឆ្ងាយពីផ្ទះ។ ពេលខ្លះ មានបញ្ហា ប្រឈមជាច្រើនអាចកើតមានឡើង។ ការចិញ្ចឹមមាន់លក្ខណៈគ្រួសារ គឺផ្តល់ចំណូលមួយសមរម្យ និង ឱកាសដល់សមាជិកគ្រួសាររស់នៅជួបជុំគ្នាទៀតផង។
•ផ្តល់ឱកាសដល់ស្ត្រីចូលរួមរកប្រាក់ចំណូលសម្រាប់គ្រួសារ
មុខរបរចិញ្ចឹមមាន់ គឺផ្តល់ឱកាសដ៏ល្អ សម្រាប់ស្ត្រីចូលរួមក្នុងសកម្មភាពរកប្រាក់ចំណូលគ្រួសារ ដោយស្ត្រី អាចចិញ្ចឹមមាន់នៅផ្ទះ។
ចំណូលបន្ថែមពីការលក់មាន់ និង ស៊ុត
ស៊ុតមាន់សម្រាប់ជាអាហារ
លាមកមាន់សម្រាប់ធ្វើជី
សាច់មាន់ជាអាហារដ៏មានរសជាតិ