មាន់ជាង ៣០ ម៉ឺនក្បាលនៅអាហ្រ្វិកខាងត្បូង ត្រូវគេសំឡះចោល ដោយសារពួកវាចឹកគ្នាឯងស៊ី ខណៈក្រុមហ៊ុនដែលចិញ្ចឹមគ្មានលុយទិញចំណីឱ្យ
កាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ សារព័ត៌មានបរទេស បានរាយការណ៍ពីករណីសត្វមាន់ចំនួន ៣៥០ ០០០ ក្បាល ដែលត្រូវបានគេបញ្ជូនទៅសម្លាប់ ដោយសារតែពួកវាចឹកស៊ីគ្នាឯង ព្រោះក្រុមហ៊ុនដែលចិញ្ចឹមគ្មានលុយទិញចំណីឱ្យស៊ី។
ទីភ្នាក់ងារជាតិការពារសត្វនៃប្រទេសអាហ្រ្វិកខាងត្បូង (NSPCA) បានឱ្យដឹងថា មាន់ទាំងនេះមិនបានស៊ីចំណីជាង ១ សប្តាហ៍មកហើយ ពួកវាសុទ្ធតែអត់ឃ្លានដល់ថ្នាក់ចឹកស៊ីគ្នាឯងគួរឱ្យអាណិត ព្រោះតែក្រុមហ៊ុនចិញ្ចឹមពួកវាមិនបានដាក់ចំណីឱ្យស៊ី។ ក្នុងនោះ NSPCA បានជួយសង្រ្គោះមាន់ទាន់ពេលវេលាចំនួន ៥០០ ០០០ ក្បាល ហើយ NSPCA ក៏នឹងប្តឹងក្រុមហ៊ុនខាងលើក្រោមច្បាប់ការពារសត្វផងដែរ។
កសិដ្ឋាន និងមាន់ទាំងនេះ វាជាកម្មសិទ្ធិរបស់ Daybreak Foods ដែលជាក្រុមហ៊ុនផលិត និងអ្នកចែកចាយសាច់មាន់ធំមួយនៅអាហ្វ្រិកខាងត្បូង។ ខាងក្រុមហ៊ុនបានឱ្យដឹងថា មាន់ទាំងនេះមិនបានស៊ីចំណី ដោយសារតែក្រុមហ៊ុនកំពុងប្រទះបញ្ហាហិរញ្ញវត្ថុ ហើយក្រុមហ៊ុនក៏កំពុងតែប្រឹងប្រែងដោះស្រាយនូវបញ្ហានេះដែរ៕