Tin tức
ការងារ​របស់​សត្វ​មាន់​ជា​ការ​បង្កើត​ព្រះអាទិត្យ ? ខ្មែរ​បុរាណ​សម្គាល់​ពេលវេលា
មាន់ គឺជា​សត្វ​ដែល​ជនជាតិ​ខ្មែរ​និយម​ចិញ្ចឹម​តាំងពី​សម័យ​បុរេប្រវត្ដិសាស្ដ្រ​មក​ម្ល៉េះ ។ ការ​ចិញ្ចឹម​មាន់​គឺ​ក្នុង​បំណង​ធ្វើ​ម្ហូបអាហារ​ឬ​មាន​ការ​លក់ដូរ​យក​កម្រៃ​ផង​ដែរ ។ ក្រៅពី​នេះ គេ​ចិញ្ចឹម​មាន់​ដើម្បី​ទុកជា​មាន់​ជល់​និង​បង្កាត់​ពូជ​មាន់​ជល់​បន្ត ព្រមទាំង​ទុក​គ្រាន់​រងាវ​ស្ដាប់​បាន​ពីរោះ​ផង និង​បានដឹង​ពេលវេលា​ផង ។​ មាន់​ជា​សត្វ​ងាយស្រួល​ក្នុង​ការ​ចិញ្ចឹម ហើយ​ក៏​ជា​សត្វ​ដែល​មាន​ទម្លាប់​ចាំ​កន្លែង​ទាំង​កន្លែងដេក​នៅ និង​ទាំង​កន្លែង​ពង​កូន ។ សំខាន់​គឺ​នៅ​តាម​តំបន់​ស្រុកស្រែ​ចម្ការ​ ប្រជាជន​ខ្មែរ​យើង​ចូល​ចិត្ដ​ចិញ្ចឹម​មាន់​ណាស់ ។ ជា​ពិសេស​មាន់​វា​ចេះ​ដើរ​កកាយ​រក​ចំណី​ដោយ​ខ្លួន​វា បើ​ទោះជា​មិនបាច​ស្រូវ​អង្ករ​ឲ្យ​វា​ស៊ី​ ក៏​វា​ចេះ​តែ​រស់​បាន​ដែរ​ដោយសារ​វា​កកាយ​ពំនូក​សំរាម​ស្លឹកឈើ ចំបើង ឬ​សត្វល្អិត​ ដូចជា​ ស្រមោច ​កណ្ដៀរ ជន្លេន….. ។ល។​ សុទ្ធតែ​ជា​ចំណី​របស់​មាន់ ។ តាំងពី​ព្រឹក​ព្រលឹម​ស្រាងៗ​រហូត​ដល់​ព្រលប់​ មាន់​ចឹក​កកាយ​បាន​តែ​មួយ​គែ​ប៉ុណ្ណោះ ។​ នៅ​ពេល​មាន​ភ្ញៀវ​ទៅ​លេង​ផ្ទះ​ម្ដងៗ នៅ​ស្រុកស្រែ​ចម្ការ​ជនបទ​ឆ្ងាយ​ពី​ផ្សារ គេ​តែង​ដោះស្រាយ​ម្ហូបអាហារ​ដោយ​មាន់ គឺ​គេ​និយាយ​ថា​ កាប់​មាន់​ទទួល​ក្នុង​ការ​ជួបជុំ​មិត្ដភក្ដិ​បងប្អូន​ញាតិសន្ដាន ។ ប្រពៃ​ណាស់​ចំពោះ​សាច់​មាន់​ឬ​គេ​យក​មាន់​ស្ងោរ​ទៅ​ថ្វាយ​អ្នកតា​ទៀត​ផង ឬ​មាន​ពិធីសែនព្រេន​នានា​ជា​ប្រពៃណី​ខ្មែរ ក៏​មិន​ចោល​ពី​រឿង​មាន់​ស្ងោរ និង​មាន់​ឆ្កាង​ដែរ ។​ មាន​បញ្ហា​សំខាន់​ចំពោះ​ពូជ​មាន់​ជល់ គឺជា​បក្សីកីឡា​ដែល​ជនជាតិ​ខ្មែរ​ចូល​ចិត្ដ​កំសាន្ត​និង​មាន​ការ​ដាក់​ភ្នាល់​គ្នា ដែល​គេ​ឃើញ​មាន​រូបចម្លាក់​នៅ​តាម​ជញ្ជាំង​ប្រាសាទ​បាយ័ន​ជា​សក្ខីភាព​ស្រាប់ ហើយ​ដែល​បក្សីកីឡា​គឺ​ការ​បញ្ជល់មាន់​ក៏​បន្ត​និយម​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ផង​ដែរ ។​ ប្រការ​សំខាន់​ក្នុង​អំឡុង​កាល​ដែល​វិទ្យាសាស្ដ្រ​មិន​ទាន់​មាន​ការ​រីក​ចម្រើន គឺ​ប្រជាជន​នៅ​តាម​ជនបទ​ស្រែ​ចម្ការ​មិន​ទាន់​មាន​នាឡិកា​សម្រាប់​ដឹង​ពេលវេលា​ធ្វើការ​នោះ​តែង​ចំណាំ​តាម​សម្លេង​មាន់រងាវ ។ គេ​តែង​សួរ​គ្នា​ថា​ថ្មើរម៉ាន​ហើយ ?​ ឬ​ថា​យប់មិញ​ឯង​ភ្ញាក់​ម៉ោង​ថ្មើរម៉ាន ? ថ្មើរម៉ាន​យើង​ចេញ​ទៅ ?….. ។ល។​ គេ​តែង​ឆ្លើយ​ថា ​មាន់រងាវ​២​ដង​ហើយ ឬ​គេ​ឆ្លើយ​ថា ដល់​មាន់រងាវ​៣​ដង​ហើយ​ទើប​ចេញដំណើរ ឬ​គេ​ថា ខំ​ឡើង​ដាំបាយ​តាំងពី​មាន់រងាវ​ម្ដង​មក​ម្ល៉េះ ។ ជា​ពិសេស​គេ​និយម​និយាយ​គ្នា​យ៉ាង​ទៀងទាត់​ថា បើ​មាន់រងាវ​លើក​ទី​៣ ឬ​ហៅ​ថា មាន់រងាវ​៣​ដង​នោះ ទើប​ភ្លឺ​ឬ​ទើប​ថ្ងៃ​រះ​ព្រាងៗ​ពី​ទិស​ខាងកើត ។​ ត្រង់​ចំណុច​នេះ​ហើយ​ដែល​គេ​និយាយ​ថា ដោយសារ​តែ​មាន់រងាវ​ដល់​៣​ដង​បាន​ភ្លឺ អ៊ីចឹង​ហើយ​ទើប​គេ​ថា «មាន់​បង្កើត​ព្រះអាទិត្យ» នោះ​ណា !… ។​ ជា​ទម្លាប់​ដែល​គេ​និយាយ​នោះ​ថា បើ​មាន់​មិន​ទាន់​រងាវ​លើក​ទី​៣​ទេ ពិតជា​ពុំ​ភ្លឺ​ឡើយ គឺ​ភ្លឺ​នេះ​ភ្លឺ​ដោយសារ​ព្រះអាទិត្យ​រះ ។ បើ​ព្រះអាទិត្យ​មិន​ទាន់​រះ​ទេ​ក៏​ពុំ​ភ្លឺ​ដែរ ។​ ជនជាតិ​ខ្មែរ​ជា​អ្នក​គោរព​ពេលវេលា​មើល​ថ្ងៃ​មើល​ខែ ។ ជាក់ស្ដែង​ដូចជា​ការ​ជ្រើសរើស​រក​ថ្ងៃ​រៀប​មង្គលការ​កូនចៅ​ ធ្វើបុណ្យ​ទាន​ ឡើងផ្ទះ លើក​ផ្ទះ ។​ ជា​ពិសេស​ការ​ប្រកប​របរ​កសិកម្ម​របស់​ជនជាតិ​ខ្មែរ​តែង​ភ្ញាក់​ក្រោក​ពី​យប់​ពី​យាម​ទៅ​ភ្ជួរ​រាស់ស្រែ​ចម្ការ​ដើម្បី​ឲ្យ​បាន​ចំណេញ​ពេលវេលា ។ ដូច​ពាក្យចាស់​ពោល​ថា​ «ចូល​ព្រៃ​ទាន់​ព្រឹក សឹក​ទាន់​ខ្លួន​នៅ​ក្មេង ​ពេលវេលា​ជា​មាសប្រាក់»… ។​ យ៉ាងនេះ​ហើយ​ទើប​នៅ​លើដំបូល​ផ្ទះ​ខ្មែរ​បុរាណ​គេ​ឃើញ​មាន​លម្អ​ដោយ​រូប​មាន់ ដែល​ជា​និមិត្ដរូប​នៃ​សិរី​មង្គល​រុងរឿង​ត្រជាក់ត្រជំ​នៅ​ក្នុង​គ្រួសារ ។ ដូចជា​ផ្ទះ​ដែល​សល់​ពី​បុរាណ​នៅ​ខេត្ដព្រៃវែង និង​ខេត្ដ​កំពង់ធំ​ជាដើម គេ​តែង​ឃើញ​នៅ​លើដំបូល​ផ្ទះ​មាន​ដាក់​រូប​សត្វ គឺ​តំណាង​សត្វ​មាន់ ដែល​រងាវ​ទៀងទាត់​ពេលវេលា ដាស់​កសិករ​ឲ្យ​ភ្ញាក់​ក្រោក​ពី​ដំណេក​ឡើង​ធើ្វ​ការ សន្សំទ្រព្យ​សម្បត្ដិ និង​សេចក្ដីសុខ​ចម្រើន សម្បូរ​សប្បាយ​រកស៊ី​កាក់កប​កើត​កាល​វាលគុម្ព​ត្រជាក់ត្រជំ​ដូច​ទឹក​អង្គ​បំពង់​ខ្ចី ។​ យប់​នឹង​ថ្ងៃជា​គូ​គ្នា ។ នៅ​ពេល​យប់​គេ​ស្ដាប់​សម្លេង​មាន់រងាវ​គឺ​ចាប់តាំងពី​សម្លេង​មាន់រងាវ​ទឹកជោរ​ឡើង​ទៅ… ។ ឯ​នៅ​ពេល​ថ្ងៃ​គេ​មើល​ថ្ងៃ​ (ព្រះអាទិត្យ) ដោយ​និយាយ​ថា​ ថ្ងៃ​ថ្មើរម៉ាន​ហើយ ល្មមទៅ​ណា​មក​ណា ឬ​ល្មម​ដាំបាយ​ឬ​នៅ ?​ អ៊ីចឹង​មាន់​និង​ព្រះអាទិត្យ​ក៏​គូ​គ្នា​ដែរ ។ មន្ដ្រីរាជការ​ពី​សង្គមចាស់​តែង​និយាយ​ថា​ផ្លាស់​ដល់​ណា​ក៏​បាន​ដែរ ឲ្យ​តែ​មាន​ឮ​សូរ​មាន់រងាវ ។ មាន់រងាវ​គឺជា​ក្ដី​សង្ឃឹម​ក្នុង​ការ​រស់នៅ​របស់​ខ្មែរ​បុរាណ​ព្រោះ​មាន់រងាវ​ជិត​ភ្លឺ​ឲ្យ​ឈប់​ភ័យ​ព្រួយ​ហើយ ៕
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi