Tin tức
ទីផ្សារមាន់ស្រែ និងការបង្កើនប្រាក់ចំណូលគ្រួសារ
(បាត់ដំបង)៖ ភូមិធ្មាត្រូវបានជ្រើសរើស ជាភូមិគោលដៅរបស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច កាលពីឆ្នាំ២០១៨ ដោយផ្តោតលើផលិតផលមាន់ស្រែ។ ភូមិនេះ ស្ថិតនៅក្នុងឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានប្រជាជនសរុប ២៦១គ្រួសារ ស្មើនឹង ១ ១២១នាក់ (ស្រ្តី៥៤៦នាក់) ក្នុងនោះប្រភពចំណូលសំខាន់របស់ប្រជាពលរដ្ឋបានមកពីការធ្វើស្រែ ការចិញ្ចឹមសត្វ និងការចំណាក់ស្រុកទៅធ្វើការនៅប្រទេសថៃ។ ភូមិនេះធ្លាប់បានទទួលការគាំទ្រច្រើនពីអង្គការបន្ទាយស្រី គម្រោងជំរុញផលិតកម្មស្បៀង(BFP) និងកម្មវិធីASPIRE ផងដែរ។ ពាក់ព័ន្ធការចិញ្ចឹមមាន់ ភូមិនេះមានលក្ខណះអំណោយផលល្អ ដោយប្រជាពលរដ្ឋភាគច្រើនគឺមានដីធំទូលាយ សំបូរធនធានសម្រាប់ផ្សំចំណី ផ្លូវដឹកជញ្ជូនល្អប្រសើ ពិសេសមានការប្រមូលទិញច្រើនពីឈ្មួញក្នុងនិងក្រៅតំបន់ ជាអាទិ៍ក្នុង១ថ្ងៃមានការបញ្ជាទិញចាប់ពី ២០០ ដល់៣០០គីឡូក្រាម ។ ជាក់ស្តែងទោះការបញ្ជាទិញមានទំហំធំ តែការផ្គត់ផ្គង់របស់កសិករនៅ តែមានបរិមាណតិចតួចដោយការចិញ្ចឹមនៅជួបប្រទះបញ្ហាច្រើនពិសេសពាក់ព័ន្ធនឹងបច្ចេកទេសចិញ្ចឹម និងការគ្រប់គ្រងជំងឺ។
គម្រោងAIMS បានបង្កើតចង្កោមជាផ្លូវការនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ ដោយមានសមាជិកផលិតសរុប ១៨នាក់ ស្រី០៥នាក់។ តាមរយៈការសម្របសម្រួលវេទិការពហុអ្នកពាក់ព័ន្ធ ក្រុមនេះបានកំណត់ចេញនូវផែនការជាអទិភាពដើម្បីដោះស្រាយតម្រូវការទីផ្សារ ដែលក្នុងនោះគម្រោងAIMS បានសម្របសម្រួលទស្សនះកិច្ចសិក្សាទៅតំបន់ដែលចិញ្ចឹមជោគជ័យ និងរៀបចំផែនការអាជីវកម្មសម្រាប់សមាជិកម្នាក់ៗ។ជាលទ្ធផលក្រោមការសម្របសម្រួលពីគម្រោងAIMS ក្រុមនេះបានស្ម័គ្រចិត្តផលិតមាន់ស្រែតាមកិច្ចសន្យាដើម្បីផ្គង់ផ្គង់ទីផ្សារ ក្នុងនោះមានសមាជិក ៨គ្រួសារ បានស្ម័គ្រចិត្តផលិតមាន់សាច់ក្នុងបរិមាណសរុប ១ ១៧៦ក្បាល(ប្រហែល ១ ៥០០គីឡូក្រាម) និងកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់កូនមាន់សរុប៧គ្រួសារ (១ ៧៥០ក្បាល)។ ការវិនិយោគនេះ ភាគច្រើន គឺប្រើប្រាស់ធនធានផ្ទាល់ខ្លួន និងមួយចំនួនប្រើប្រាស់កម្ចីពីខាងក្រៅ សម្រាប់ការទិញកូនមាន់ ចំណី និងសាងសង់ទ្រុង។ក្នុងការអនុវត្តកិច្ចសន្យារយៈពេល ៣ខែកន្លងមកនេះ ឃើញថាការផ្គត់ផ្គង់កូនមាន់ គឺផ្គត់ផ្គង់បានគ្រប់តាមកិច្ចសន្យា១០០% និងមាន់សាច់បានប្រមាណ ៧០% នៃផែនការ ដោយសមាជិកមួយចំនួននៅជួបបញ្ហាប្រឈម។ ជារួមក្នុងអំឡុងពេលអនុវត្តកិច្ចសន្យាឃើញថា បរិមាណនៃការផ្គត់ផ្គង់មាន់សាច់ទៅកាន់ទីផ្សារមានការកើនឡើងជាលំដាប់ ហើយតម្លៃវិញ គឺមានការប្រែប្រួល និងប្រសើជាងមុន ដែលឆ្នាំមុនៗបានត្រឹម ១៤ ០០០ ដល់ ១៥ ០០០រៀលក្នុង ១គីឡូក្រាម ហើយបច្ចុប្បន្នកើនដល់១៦ ០០០ ដល់ ១៨ ០០០រៀលក្នុង១គីឡូក្រាម។
ជារួមតាមរយៈការជំរុញទីផ្សារមាន់ស្រែសម្រាប់ចង្កោមភូមិធ្មា កសិករភាគច្រើនមានការពេញចិត្ត និងទទួលបានប្រាក់ចំណូលបន្ថែមគ្រួសារ ការចិញ្ចឹមមិនសូវជួបបញ្ហា មានការសាយភាយ និងចម្លងពីអ្នកជិតខាង បន្ថយចំណាកស្រុកទៅប្រទេសថៃ ពិសេសពួកគាត់កំពុងចាប់អារម្មណ៍ និងរៀបផែនការពង្រីកមុខរបរនេះបន្ថែមទៀត។ជាអាទិ៍ លោក កែប វិបុល ជាតំណាងចង្កោមមាន់ស្រែភូមិធ្មា អាចផ្គត់ផ្គង់មាន់សាច់បានប្រមាណ១០០ក្បាល ក្នុង១ខែ ដែលអាចរកចំណូលសុទ្ធបានប្រមាណ ពី ៤០០ ០០០ ទៅ ៧០០ ០០០រៀលបន្ថែមក្នុង១ខែ។ បច្ចុប្បន្ន លោក កែប វិបុល និងក្រុមគ្រួសារកំពុងមានការចាប់អារម្មណ៍ និងពេញចិត្តចំពោះមុខរបរចិញ្ចឹមមាន់នេះ លោកគ្រោងពង្រីកការចិញ្ចឹមឱ្យបាន ២០០ក្បាលក្នុង១ខែ ដើម្បីផ្គង់ផ្គង់ផ្សារ ហើយគ្រួសាររបស់គាត់ក៏ឈប់ធ្វើចំណាក់ស្រុកដែរ។
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi