កសិករត្អូញត្អែរ ក្រោយតម្លៃពងមាន់កសិកម្មនៅកម្ពុជាចុះថោក ព្រោះមានការនាំចូលពងមាន់ពីប្រទេសជិតខាង
ខេត្តព្រៃវែង៖ កសិករចិញ្ចឹមមាន់កសិកម្មយកពង កំពុងប្រឈមការបោះបង់មុខរបរមួយនេះចោល ដោយសារតែតម្លៃពងមាន់ នៅក្នុងទីផ្សារចុះថោកយ៉ាងគំហុក ព្រោះមានការនាំចូលពងពីប្រទេសជិតខាង ដូចជាប្រទេសថៃ និងប្រទេសវៀតណាម ជាដើម។
លោកស្រី ឡាំង ស្រីម៉ុម រស់នៅភូមិព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង ជាកសិករចិញ្ចឹមមាន់កសិកម្មយកពងលក់ បានត្អូញត្អែរថា ក្នុងចន្លោះឆ្នាំ២០១៨រហូតមកដល់ដើមឆ្នាំ២០១៩នេះ អ្នកស្រីជួបការខាតបង់លុយជាច្រើន ពីព្រោះតម្លៃពងមាន់កសិកម្មរបស់គាត់លក់បានថោកខុសពីមុន ខណ:បច្ចុប្បន្នតម្លៃពងមាន់១គ្រាប់ លក់ក្នុង ទីផ្សារបានតែជាង២០០រៀល ទៅ៣០០រៀលតែប៉ុណ្ណោះ ខុសពីមុនលក់ក្នុង១គ្រាប់៣៤០រៀល ហើយគេមកទិញដល់កន្លែងតែម្តង តែឥឡូវលក់បានថោកហើយត្រូវយកទៅលក់ចែកចាយដល់កន្លែងគាត់ទិញទៀត។
លោកស្រីបានបន្តថា ព្រោះតែតម្លៃពងមាន់ចុះថោកយ៉ាងនេះហើយ ធ្វើឲ្យគាត់កាត់បន្ថយការចិញ្ចឹមនៅតែ៥ពាន់ក្បាល ខណ:ពេលមុនគាត់ចិញ្ចឹម១មឺុនក្បាល ព្រោះលោកស្រីខាត់បង់លុយ ក្នុងមួយថ្ងៃ ទៅមួយថ្ងៃ ច្រើនពេក ទើបសម្រេចចិត្តកាត់បន្ថយការចិញ្ចឹមដោយលក់មាន់ពាក់កណ្តាលយកលុយសងធនាគា។
លោកស្រីបានបន្ថែមទៀតថា ការចិញ្ចឹមមាន់បើកជាកសិដ្ឋានបែបនេះ វាមិនងាយនោះទេ ដោយយើងត្រូវចំណាយដើមទុនជាច្រើន ក្នុងចន្លោះណាមួយដែលយើងមានលទ្ធភាព ហើយពេលខ្លះក៏មិនចំណេញដែរ ដូចជាបច្ចុប្បន្ននេះ តម្លៃចំណីមាន់ថ្លៃ ថ្នាំបាញ់សម្លាប់មេរោគ បំបាត់ក្លិនស្អុយចំណាយប្រចាំថ្ងៃច្រើនណាស់ តែទិន្និផលនិងតម្លៃក្នុងទីផ្សារវិញលក់មិនបានលុយមិនស្មើការចំណាយផង។
ជុំវិញបញ្ហាមានការនាំចូលមាន់ពីប្រទេសជិតខាង អ្នកស្រី ឡាំង ស្រីម៉ុម សូមណូមពរទៅមន្រ្តីជំនាញពាក់ព័ន្ធជួយទប់ស្កាត់ផង ព្រោះបើសិនមិនដូច្នេះទេ គាត់មានតែបិទកសិដ្ឋាននេះចោលលក់យកលុយសងធនាគាប៉ុណ្ណោះនិ ងមានតែធ្វើការចំណាក់ស្រុកទេ ព្រោះការលក់កសិដ្ឋាននេះសងធនាគាមិនគ្រាន់ផង។
ពាក់ព័ន្ធរឿងមានពងមាន់ហូរចូលពីប្រទេសជិតខាងនេះ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានថ្លែងយ៉ាងខ្លីថា បើមាន លោកនិងចាប់យកមកស្ងោរស៊ី ពោលគឺគ្មានមួយគ្រាប់ទេ៕ យឺត ភារ៉ា