កសិករខេត្តសៀមរាបជោគជ័យក្នុងការចិញ្ចឹមមាន់ស្រែ ដោយមួយខែអាចរកចំណូលបានជាង៥០ម៉ឺនរៀល
                     
                      
                     
                   
                     លោក ចៅ មាន ជាប្រធានក្រុមផលិតនៃសហគមន៍ចិញ្ចឹមមាន់ត្បែងខាងលិចជោគជ័យ ស្ថិតនៅក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាបបានឱ្យដឹងថា សមាជិកចិញ្ចឹមមាន់របស់លោកក្នុងមួយខែៗ អាចរកចំណូលបានពី៤០ម៉ឺនទៅ៥០រៀល ឬច្រើនជាងនេះ ទៅតាមការឧស្សាហ៍ព្យាយាមនិងការចិញ្ចឹមតិចឬច្រើន ។ លោកបានបញ្ជាក់ថា ការចិញ្ចឹមមាន់នេះជួយ លើកកម្ពស់ជីវភាពកសិករបានយ៉ាងច្រើន បន្ទាប់ពីការងារធ្វើស្រែចម្ការ។
                         
                             
                                             លោកបន្តថា ការចិញ្ចឹមមាន់ស្រែត្រូវប្រើរយៈពេលប្រមាណ៣ខែកន្លះទៅ៤ខែទើបអាចលក់ចេញបាន ក្នុងនោះដើម្បីឱ្យការ ចិញ្ចឹមឆាប់បានផល កសិករត្រូវស្វែងយល់ឱ្យបានច្បាស់ពីរបៀបនៃការចិញ្ចឹមដែលមានកត្តាសំខាន់ៗមួយចំនួន ដូចជា៖ការផ្តល់វ៉ាក់សាំង ការទម្លាក់ព្រូន ការផ្តល់ចំណីទៅតាមដំណាក់កាលនៃអាយុកាលរបស់មាន់ជាដើម។លោកបន្តទៀតថា កសិករក៏ត្រូវចងក្រងជាសហគមន៍ផងដែរ ដើម្បីឱ្យការលក់ចេញមិនបារម្ភពីបញ្ហាទីផ្សារ ព្រោះថានៅពេលមានមាន់លក់ ស្របតាមតម្រូវការហើយនោះ និងមានឈ្មួញកណ្តាលមកទទួលទិញដល់ទីកន្លែងតែម្ដង ដោយក្នុងមួយគីឡូក្រាមតម្លៃចន្លោះពី១៥០០០រៀលទៅ១៧០០០រៀល។
                         
                             
                                             រយៈពេលដល់លក់០៣ខែកន្លះទៅបួនខែ ទី១យើងត្រូវមើលប្រវត្តិមាន់ដែរ តើមាន់យើងអាយុកាលប៉ុន្មាន ធ្លាប់ធ្វើវ៉ាក់សាំងអត់ ហើយបានទម្លាក់ព្រូន ទាក់ទងជំងឺយើងត្រូវតាមដានវា ដើម្បីយើងចិញ្ចឹមបានធំធាត់លឿននិងស្ថិរភាព ទី២ចំណីតើចំណីនោះយើងគួរដាក់ប្រភេទណា ដំណាក់កាលលូតលាស់ដាក់ចំណីមានប្រូតេអ៊ីនប៉ុន្មាន ដំណាក់កាលកូន ប្រូតេអ៊ីនប៉ុន្មាន មេប្រូតេអ៊ីនប៉ុន្មាន ទី៣ការធ្វើវ៉ាក់សាំងយើងត្រូវចេះឱ្យច្បាស់ ថាត្រូវធ្វើប៉ុន្មានដំណាក់កាលសម្រាប់ មាន់សាច់។គួរជម្រាបផងដែរថា សហគមន៍ត្បែងខាងលិចជោគជ័យ មានសមាជិកសរុប៣២នាក់ ក្នុងនោះចំនួន១០នាក់ ជាអ្នកចិញ្ចឹមមាន់យកសាច់លក់ បានចងក្រងជាក្រុមទៅតាមផ្នែកនីមួយៗ ដូចជាក្រុមផលិតកូនមាន់លក់ ក្រុមចិញ្ចឹមមាន់សាច់សម្រាប់លក់ ក្រុមផលិតពងមាន់និងមេពូជ និងផ្នែកប្រមូលលក់ទៅកាន់ទីផ្សារជាដើម៕