Tin tức
របរចិញ្ចឹមមាន់ កង្កែប តាមរយៈគម្រោងរេដបូក កំពុងជួយផ្លាស់ប្ដូរជីវភាពប្រជាពលរដ្ឋ នៅអូរសោម
(ពោធិ៍សាត់)៖ ប្រជាសហគមន៍ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានក្លាយជាភូមិគំរូ ផ្នែកកសិកម្ម មួយ នៅក្នុងតំបន់ជួរភ្នំក្រវាញ និងជាក្ដីសង្ឃឹម សម្រាប់ការអភិវឌ្ឍភូមិ ឬសហគមន៍ផ្សេងទៀត តាមរយៈគម្រោងរេដ​បូកតំ​បន់​ជួរភ្នំក្រវាញខាងត្បូង ខណៈគម្រោងនេះ ជួយលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ ដោយក្នុងនោះគម្រោងបាន​ផ្តល់​ជូនពូជ​មាន់ កង្កែប និងបច្ចេកទេសសម្រាប់ពលរដ្ឋចិញ្ចឹម​...។
លោក ទូច សុផានី ប្រធានគម្រោងអភិវឌ្ឃន៍សហគមន៍ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA)បានឱ្យដឹងថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២​០​​២២ មក គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង បានផ្តល់បច្ចេកទេសចិញ្ចឹមមាន់ ចិញ្ចឹមកង្កែប បច្ចេកទេសរៀប​ចំ​ទ្រុង​មាន់ និងអាងកង្កែប ដល់សមាជិកគម្រោងអភិវឌ្ឍន៍ ជីវភាពសហគមន៍មូលដ្ឋាន ពិសេសនៅក្នុងភូមិឆាយលូក ឃុំអូ​រ​សោ​​ម។ តាមរយៈ គម្រោងនេះដែរ មានពលរដ្ឋចំនួន១០គ្រួសារ បានស្ម័គ្រចិត្តដើម្បីចិញ្ចឹមមាន់ និង១១គ្រួសារផ្សេង​ទៀ​ត បានចិញ្ចឹមកង្កែប ហើយទទួលបានលទ្ធផលល្អប្រសើរ។ លោកថា«ក្នុងគម្រោងនេះ មិនត្រឹមតែបានផ្តល់ នូវបច្ចេក​ទេ​ស​​ ដោយមានបុគ្គលិកអង្គការ ចុះជួយជាប់ជាប្រចាំទេ តែខាង​អង្គការរបស់លោក ក៏បានផ្តល់នូវពូជមាន់ កង្កែប និងចំណី​ស​ត្វ​​មួយចំនួន ដល់ពួកគាត់ថែមទៀត»។
ដោយឡែកអ្នកនាង សំបាន កូលាប ដែលកំពុងតែចិញ្ចឹមមាន់តាមរយៈគម្រោងអភិវឌ្ឃន៍សហគមន៍ អង្គការសម្ព័ន្ធ​មិត្តស​ត្វព្រៃ​ (WA) បានឱ្យដឹងថា តាមរយៈគម្រោងរេដបូក បានធ្វើឱ្យអ្នកនាង សម្រេចចិត្តចិញ្ចឹមមាន់ឡើង ហើយក្នុងនោះខាង​គ​ម្រោ​ង ក្រៅពីផ្តល់ពូជមាន់ បច្ចេកទេស ចិញ្ចឹម បច្ចេកទេស ធ្វើទ្រុង និងបណ្តុះបណ្តាលជំនាញ ហើយបានឱ្យអ្នកជំនាញ ចុះមកមើលការខុសត្រូវ នៅពេលមាន់ឈឺផងដែរ ។ អ្នកនាងថា« មុខរបរថ្មីចិញ្ចឹមមាន់ ដាំដំណាំកសិកម្ម នៅផ្ទះសម្បែង គឺ​ជាមុ​ខ​របរល្អបំផុត សម្រាប់គ្រួសារខ្ញុំ ពីព្រោះថា ក្រៅពីអាចរកប្រាក់ចំណូល សម្រាប់គ្រួសារហើយ យើងមិន​ចាំបាច់ចេ​ញ​ទៅ​ឆ្ងាយៗ ដើរស៊ីឈ្នួលគេផង។ ពេលនេះ ខ្ញុំបាននៅផ្ទះសម្បែងថែរក្សាកូនចៅ មិនព្រួយបារម្ភ ដូចមុនទៀតទេ»។
ដោយឡែកលោក ហ៊ុន សិលា ដែលកំពុងតែចិញ្ចឹមកង្កែប តាមរយៈគម្រោងអភិវឌ្ឃន៍សហគមន៍ អង្គការសម្ព័ន្ធ​មិត្តស​ត្វព្រៃ​ (WA) បានឱ្យដឹងថា មុននេះ លោកជាអ្នកដើរស៊ី ឈ្នួលដើរកាត់ស្មៅឱ្យគេ ដែលប្រាក់ឈ្នួលចាយមិនគ្រប់សម្រាប់​គ្រួសា​រ​ទេ​ តែចាប់ពីចុងឆ្នាំ២០២២មក លោកបានចាប់ផ្តើមចិញ្ចឹមកង្កែប ដែលមានអ្នកជំនាញ គម្រោងអភិវឌ្ឍន៍សហគមន៍ អង្គ​ការ​សម្ព័​ន្ធមិត្តសត្វព្រៃ មកជួយជ្រោមជ្រែង ពេលនេះ បានហុចជាផ្លែផ្កា គួរជាទីកក់ក្ដៅ ដោយក្នុងនេះ​អាចរកចំណូលពី​ការលក់​កូន​កង្កែប និងលក់កង្កែបធំយកសាច់ បានថវិកា អាចជួយឱ្យសេដ្ឋកិច្ច​ល្អប្រសើរជាងមុនឆ្ងាយណាស់។ លោកថា «ការចិញ្ចឹមកង្កែប ត្រឹមរយៈពេល ៣ខែ បានលក់ហើយ ដោយក្នុងនេះ កង្កែបធំ លក់បានក្នុងមួយគីឡូក្រាម ១៥.០០០ ដល់ ២០.០០០ រៀល។ មួយថ្ងៃ ខ្ញុំអាចលក់កូនកង្កែប និងកង្កែបធំ តិចបំផុត ៣ ម៉ឺនរៀល»។
គួរបញ្ជាក់ថា កាលពីថ្មីៗមកនេះ ក្រុមអ្នកសារព័ត៌មានមកពី១៥ស្ថាប័ន និងមានចំនួន២០នាក់ក្នុងប្រទេសកម្ពុជា បានរៀនវគ្គបណ្តុះបណ្តាល និងចុះទស្សនកិច្ច ដោយផ្ទាល់ដើម្បីពង្រឹងសមត្ថភាព ក្នុងការផ្សព្វផ្សាយបរិស្ថាន ការការពារ និងអភិរក្សធនធានធម្មជាតិ សម្រាប់និរន្តរភាព ជីវភាពប្រជាពលរដ្ឋ ការពង្រឹងបាននូវសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ដែលបានអនុវត្តកម្មវិធី និងយុទ្ធសាស្ត្រនានា ដូចជាកម្មវិធីរេដបូក គម្រោងឥណទានកាបូន និងការអភិវឌ្ឍជីវភាពសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ...៕
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi