ស្វែងយល់ពីរបៀបចិញ្ចឹមមាន់លក្ខណៈគ្រួសារ និងជំងឺដែលកើតលើសត្វមាន់
ការចិញ្ចឹមមាន់លក្ខណៈគ្រួសារជាមុខរបរមួយដែលអាចផ្ដល់ប្រាក់ចំណូលទៀងទាត់ ប្រើប្រាស់ដើមទុនតិច រយៈពេលខ្លីក្នុងការចិញ្ចឹម មានទីផ្សារខ្ពស់ និងសមស្របសម្រាប់ស្ត្រីអាចឆ្លៀតពេលពីការងារផ្ទះ។ ប៉ុន្តែស្របពេលនឹងទទួលបានផលលឿន ការចិញ្ចឹមមាន់ក៏ជួបនូវផលវិបាកដែរ បើសិនចិញ្ចឹមដោយគ្មានបច្ចេកទេសត្រឹមត្រូវ អាចបង្កឲ្យមាន់កើតជំងឺផ្សេងៗ។ នេះបើតាមសៀវភៅបច្ចេកទេសចិញ្ចឹមមាន់ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។កសិករត្រូវរៀបចំសម្ភារចិញ្ចឹមមាន់ដូចជាទ្រុងមាន់ និងទីធ្លាររៀបចំទ្រុងមាន់ ឲ្យបានត្រឹមត្រូវដើម្បីជៀសវាងហានិភ័យ នៃការឆ្លងជំងឺផ្សេងៗ។ បន្ទាប់ពីជ្រើសកន្លែងសម្រាប់ដាក់ទ្រុងហើយ ត្រូវជ្រើសរើសពូជដែលមានសុខភាពល្អ មានមាឌធំ ដែលមានផលិតភាពខ្ពស់។ សម្រាប់មាន់ពូជបា ត្រូវជ្រើសមាន់ស្គួយ មាន់កណ្ដូង មាន់ប្រជល់ និងមាន់បង្កាត់ក្នុងស្រុក។ ដោយឡែកមាន់មេ ត្រូវជ្រើសមាន់សំពៅ មាន់ក្រញាស់ មាន់ចែ និងមាន់បង្កាត់ក្នុងស្រុក។គុណសម្បត្តិនៃការជ្រើសរើសពូជមាន់ក្នុងស្រុក ធន់នឹងជំងឺ និងអាកាសធាតុ។ ងាយស្រួលផ្ដល់ចំណី និងថែទាំ។ មាន់ខ្មែរមានតម្លៃខ្ពស់ ងាយស្រួលលក់ ព្រមទាំងសាច់មាន់មានរសជាតិឆ្ងាញ់ ស្របតាមតម្រូវការក្នុងស្រុក។
ការផ្ដល់ចំណី ត្រូវផ្ដល់ចំណីដែលមានជីវជាតិ និងបរិមាណគ្រប់គ្រាន់ ដើម្បីអាចឲ្យមានសុខភាពល្អ និងធំធាត់លឿន។ កសិករអាចកាត់បន្ថយ និងសន្សំសំចៃក្នុងការចំណាយ ដោយប្រើប្រាស់វត្ថុធាតុដើមដែលងាយរក ធ្វើជាចំណីមាន់ ដូចជា ស្រូវ អង្ករ កន្ទក់ ចុងអង្ករ កូនត្រី ជន្លេន និងគ្រាប់ធញ្ញជាតិជាដើម។ការផ្ដល់ចំណី សម្រាប់កូនមាន់ (អាយុតិចជាង ១០ថ្ងៃ) ត្រូវផ្ដល់ចំណីសម្រេច និងផ្ដល់ចំណី ៣-៤ដង ក្នុងមួយថ្ងៃ ក្នុងបរិមាណ ២៥០ក្រាម។ សម្រាប់មាន់ជំទង់ និងមាន់ធំ គួរផ្ដល់ចំណីប្រភេទសម្រេច ៣០ភាគរយ លាយវត្ថុធាតុដើមក្នុងស្រុក ៧០ភាគរយដូចជា កន្ទក់ ចុងអង្ករ ស្រូវ ពោតជាដើម និងគួរផ្ដល់ចំណី ២-៣ ដងក្នុងមួយថ្ងៃ។ ក្រៅពីការផ្ដល់ចំណី ត្រូវផ្ដល់ទឹកស្អាតឲ្យបានគ្រប់គ្រាន់ទាំងមាន់តូច និងមាន់ធំ ជាមធ្យមសម្រាប់មាន់ជំទង់អាចផឹកទឹកក្នុងបរិមាណ ៤ លីត្រក្នុងមួយថ្ងៃ។ ដើម្បីកាត់បន្ថយការឆ្លងជំងឺនានា កសិករត្រូវសម្អាតទ្រុង សម្លាប់មេរោគក្នុងទ្រុង និងទីធ្លារទ្រុងឲ្យបានទៀងទាត់។ យើងអាចសង្កេតមើលពីសភាពមាន់ដែលមានសុខភាពមិនល្អ តាមរយៈ មាន់មានសភាពស្គម មាន់សំកុក មិនស៊ីចំណី និងស្ពឹកស្រពន់ ឬមាន់អាចក្អក កណ្ដាស់ និងដកដង្ហើមញាប់។ ភាគច្រើនប្រភេទជំងឺដែលកើតមានចំពោះសត្វមាន់ដូចជា ការស្លាប់ស្រួចស្រាវធ្វើឲ្យមាន់ស្លាប់យ៉ាងរហ័ស ជំងឺផ្លូវដង្ហើម ជំងឺរលាកពោះវៀន បញ្ហាប្រព័ន្ធប្រសាទ បញ្ហាលើស្បែក។ ដោយឡែកសម្រាប់វិធានការងារជំងឺទាំងនេះ ត្រូវធ្វើអនាម័យ និងចាក់វ៉ាក់សាំង។សម្រាប់រយៈពេលទទួលផលវាអាស្រ័យលើការថែទាំ និងការចិញ្ចឹម។ មាន់ជាអាហារដ៏ពេញនិយមសម្រាប់កម្ពុជាមិនថា ស៊ុត សាច់ ដែលអាចយកទៅច្នៃធ្វើជាម្ហូបបានយ៉ាងច្រើនមុខ។ ក្រៅពីសាច់ និងស៊ុត អាចធ្វើជាអាហារ លាមកមាន់ជាជីមានអត្ថប្រយោជន៍ច្រើនដល់ដំណាំដាំដុះផ្សេងៗ៕