ការចិញ្ចឹមមាន់តាមបែបធម្មជាតិកំពុងមានទីផ្សារខ្លាំង
ស្របពេលដែលមាន់កសិកម្មដែលគេដឹងជាទូទៅថា មានផ្ទុកសារធាតុគីមី មិនសូវមានរសជាតិឆ្ងាញ់ និងមិនសូវមានការគាំទ្រនៅលើទីផ្សារផងនោះ បុរសខ្មែរម្នាក់បានបោះបង់ការងារក្នុងការិយាល័យ និងបែរមកចិញ្ចឹមមាន់តាមរបៀបធម្មជាតិដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារ។លោក ជួង វៃ កសិករចិញ្ចឹមមាន់តាមរបៀបធម្មជាតិនៅក្នុងភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាងខេត្តកណ្តាល ដែលអាចចាត់ទុកថាជាកសិករគំរូម្នាក់ដែរនោះបានប្រាប់ឱ្យដឹងថា លោកបានចាប់ផ្តើមរបរចិញ្ចឹមមាន់ស្រែនេះជាង3ឆ្នាំមកហើយ និងទទួលបានជោគជ័យគួរជាទីមោទនៈ ព្រោះការចិញ្ចឹមមាន់របស់គាត់នេះលក់មិនទាំងទាន់តាមការបញ្ជាទិញផង ទាំងស៊ុត ទាំងកូនមាន់ ក៏ដូចជាមាន់ធំផងដែរ។
បុរសខាងលើនេះបន្តថា មុននឹងងាកមកធ្វើជាកសិករនេះ លោកធ្លាប់ធ្វើការនៅក្នុងអង្គការក្រៅរដ្ឋាភិបាលមួយ ហើយក៏ធ្លាប់ជានាយកគ្រប់គ្រងក្រុមហ៊ុនមួយផងដែរ ប៉ុន្តែក្រោយមកដោយចាប់អារម្មណ៍លើការងារកសិកម្មខាងលើ លោកក៏ឈប់បម្រើការនៅស្ថាប័ននោះ ដោយបែរមកចិញ្ចឹមសត្វរហូតមកទល់បច្ចុប្បន្ន។ លោកថា ដំបូងក្រុមគ្រួសាររបស់លោកចិញ្ចឹមជ្រូកទេ តែដោយសារតម្លៃជ្រូកមិនមានលំនឹង ហើយសម្លឹងមើលឃើញថាមាន់ស្រែហាក់ដូចជាមានទីផ្សារទូលំទូលាយជាង និងលក់បានថ្លៃផងនោះ ក៏សម្រេចចិត្តងាកមកចិញ្ចឹមមាន់លក់វិញម្ដង។ កសិកររូបនេះបានឱ្យដឹងដែរថា សព្វថ្ងៃលោកចិញ្ចឹមមាន់ស្រែ លក់ស៊ុត កូន និងមាន់សាច់ ដែលបច្ចុប្បន្ននេះចិញ្ចឹមលក់ឱ្យម៉ូយស្ទើរតែមិនទាន់ ហើយលោកក៏មានគម្រោងពង្រីកមុខរបរនេះបន្ថែមទៀតនៅពេលខាងមុខដែរ។