សមាគមចិញ្ចឹមសត្វកម្ពុជា បញ្ជាក់ពីតម្រូវការទីផ្សារ និងការផ្គត់ផ្គង់សាច់មាន់នៅក្នុងស្រុក
ភ្នំពេញ ៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងពីភាពវិជ្ជមាននៃចំណាត់ការរបស់ក្រសួងកសិកម្ម ក្នុងការកាត់បន្ថយចំនួនការនាំចូលមាន់រស់ពីក្រៅស្រុកមកផ្គត់ផ្គង់តម្រូវការទីផ្សារកម្ពុជាបានកាន់តែច្រើន។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់ AMS ថា លោកសូមគាំទ្រ និងកោតសរសើរចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានលើកទឹកចិត្តដល់ផលិតកម្មចិញ្ចឹមមាន់ក្នុងស្រុក ខណៈដែលវិធានការកាត់បន្ថយការនាំចូលមាន់រស់ពីក្រៅស្រុកចូលមកកាន់ទីផ្សារកម្ពុជាត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព។
លោក ស្រ៊ុន ពៅ បានមានប្រសាសន៍ថា ៖«ការកាត់បន្ថយការនាំចូលមាន់រស់ពីបរទេសជាការត្រឹមត្រូវ ហើយក៏ជារឿងសំខាន់ផងដែរ ព្រោះកសិករកម្ពុជាដែលធ្លាប់ប្រកបមុខរបរចិញ្ចឹមត្រី និងសត្វផ្សេងៗ បានងាកមកចិញ្ចឹមមាន់វិញ។ ចំណុចមួយទៀត គឺការចិញ្ចឹមមាន់របស់កសិករបានដំណើរការល្អ មានទីផ្សារ និងរក្សាតម្លៃបានថេរ»
លោកបានបន្តថា ៖«នេះក៏ជាសំណូមពររបស់សមាគមមួយដែរសម្រាប់ការរក្សាតម្លៃមាន់នៅលើទីផ្សារនាពេលបច្ចុប្បន្ន បើយើងឱ្យតម្លៃថ្លៃពេក វាក៏ប៉ះពាល់ដល់អ្នកហូប ឬអ្នកទិញ ប៉ុន្តែបើតម្លៃថោកពេកក៏ប៉ះពាល់អ្នកចិញ្ចឹម។ ដូច្នេះបើអាចរក្សាតម្លៃទីផ្សារបានដូចពេលបច្ចុប្បន្ននេះ នោះវានឹងល្អទាំងអស់គ្នា ទទួលបានផលចំណេញទាំងអ្នកចិញ្ចឹម អ្នកលក់ អ្នកទទួលទាន ក៏ដូចជាផ្តល់ចំណូលដល់សេដ្ឋកិច្ចជាតិដែរ»
តាមការឲ្យដឹងពីលោក ស្រ៊ុន ពៅ បានបញ្ជាក់ថា តម្លៃនៅលើទីផ្សារលក់រាយនាពេលបច្ចុប្បន្ន សម្រាប់មាន់ស្រែមានតម្លៃ ២៨ ០០០រៀលក្នុងមួយគីឡូក្រាម ឬខ្ពស់ជាងនេះបន្តិច ខណៈដែលការចិញ្ចឹមត្រូវប្រើរយៈពេលវែងរហូតដល់ទៅ ៦ – ៧ខែទើបអាចចាប់លក់បាន។ សម្រាប់មាន់សាច់រស់មានតម្លៃ ៧០០០រៀលក្នុងមួយគីឡូក្រាម ហើយការចិញ្ចឹមត្រូវការរយៈពេលតែជិត២ខែប៉ុណ្ណោះ។ ដោយឡែកសម្រាប់តម្រូវការទីផ្សារមាន់រស់នៅក្នុងប្រទេសកម្ពុជាមានប្រមាណ ១៣-១៤ម៉ឺនក្បាលក្នុង ១ថ្ងៃ ហើយការនាំចូលសព្វថ្ងៃមានប្រមាណពី ៥ម៉ឺនក្បាល និងទាបជាងនេះ។ ដូច្នេះបានន័យថា ការផ្គត់ផ្គង់ក្នុងស្រុកបានជាង ៧-៨ម៉ឺនក្បាល។ ប៉ុន្តែសម្រាប់ឱកាសនៃពិធីបុណ្យដាក់បិណ្ឌនេះ តម្រូវការទីផ្សារអាចនឹងកើនឡើងខ្ពស់ជាងនេះ៕