កសិករវ័យក្មេងម្នាក់ ចិញ្ចឹមមាន់យកពង រកចំណូលបានមួយខែ ១ពាន់ដុល្លារ
កសិករវ័យក្មេងម្នាក់ រស់នៅក្នុងស្រុករំដួល ខេត្តស្វាយរៀង ទទួលបានជោគជ័យលើការចិញ្ចឹមមាន់ ដែលអាចរកប្រាក់ចំណូលជាប្រចាំបាន ១ពាន់ដុល្លារអាមេរិកក្នុងមួយខែៗ ហើយអាចឈរជើងផ្គត់ផ្គង់ស៊ុតនៅលើទីផ្សារបានទៅកាន់គ្រប់ ២៥ រាជធានី ខេត្ត។ នេះបើតាមការថ្លែងប្រាប់ពីម្ចាស់កសិដ្ឋានដោយផ្ទាល់ ជាមួយឧកញ៉ា ញូស៍ នៅថ្ងៃនេះ។លោក ភី ទី ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់យកពងលក់ បានលើកឡើងថា កសិដ្ឋានរបស់លោកឈរជើងបានរយៈពេល ២ឆ្នាំហើយ ដោយគិតចាប់ពីឆ្នាំ២០២០ អំឡុងពេលប្រទេសកម្ពុជាកំពុងជួបស្ថានភាពវិបត្តិកូវីដ-១៩ ដែលបណ្ដាលឱ្យលោកបែកគំនិតច្នៃប្រឌិតបើកកសិដ្ឋានចិញ្ចឹមមាន់នេះឡើង ដោយចំណាយទុនត្រឹម ១ពាន់ដុល្លារ ហើយប្រើរយៈពេលតែ ៣ខែប៉ុណ្ណោះ អាចស្រង់ដើមមកវិញបាន។
ម្ចាស់កសិដ្ឋាន វ័យ២៤ឆ្នាំរូបនេះ បានបន្តទៀតថា ក្នុងកសិដ្ឋានរបស់លោកចិញ្ចឹមមេមាន់ចំនួន ១ម៉ឺនក្បាល ដែលក្នុងនោះមេមាន់មួយអាចពងបាន ២គ្រាប់ ហើយក្នុងមួយថ្ងៃប្រមូលស៊ុតបាន ១២០០០គ្រាប់ ខណៈដែលទីផ្សារស៊ុតរាល់ថ្ងៃមានលក្ខណៈល្អ មានតម្រូវការច្រើន និងមានភាពទូលំទូលាយពីឈ្មួញ។ទន្ទឹមនឹងការទទួលបានភាពជោគជ័យ លោកក៏ជួបបញ្ហាខ្លះៗដែរក្នុងការចិញ្ចឹម ដូចជា ផ្គត់ផ្គង់ចំណី ការដាក់ថ្នាំមិនបានដិតដល់ជាដើម។ ទោះយ៉ាងណា លោកបានបង្ហើបទៀតថា កត្តាដែលធ្វើឱ្យលោកជោគជ័យមកដល់សព្វថ្ងៃ គឺភាពស្មោះត្រង់ក្នុងការរកស៊ី ផ្ដល់ដំណោះស្រាយឱ្យភ្ញៀវ មានទំនួលខុសត្រូវខ្ពស់ទៅលើតម្រូវការទីផ្សារ គុណភាពល្អ និងមានតម្លៃសមរម្យ។
បន្ថែមពីនេះ លោកក៏សំណូមពរដល់បងប្អូនប្រជាពលរដ្ឋឱ្យជួយលើកស្ទួយគាំទ្រផលិតផលខ្មែរ ជួយទិញផលិតផលខ្មែរដែលខ្មែរជាអ្នកបង្កើតឡើង ហើយងាកមកចូលរួមចិញ្ចឹមទាំងអស់គ្នាឡើងវិញ ដើម្បីឱ្យជីវភាពប្រសើរឡើង ទីផ្សារខ្មែរកាន់តែមានភាពទូលាយ និងបង្កើនតម្រូវការខ្ពស់ថែមទៀត។សូមបញ្ជាក់បន្តិចថា កសិដ្ឋានចិញ្ចឹមមាន់របស់កសិករវ័យក្មេង លោក ភី ទី មិនត្រឹមតែផ្គត់ផ្គង់ស៊ុតតែប៉ុណ្ណោះទេ ក៏មានទិសដៅចិញ្ចឹមយកកូន ដើម្បីផ្ដល់ជាពូជកូនមាន់ទៅឱ្យប្រជាពលរដ្ឋ ដែលចង់ជាវយកទៅចិញ្ចឹមបន្ត ដែលកន្លងមក លោកបានបណ្ដុះបណ្ដាលកូនសិស្សបានប្រមាណ ១ពាន់នាក់ ហើយកសិដ្ឋាននេះ ក៏ទទួលផ្គត់ផ្គង់សាច់មាន់ និងទានៅពេលមានតម្រូវការច្រើន និងបុណ្យទានផងដែរ៕