Tin tức
បច្ចេកទេសចិញ្ចឹមមាន់យកស៊ុតដែលកសិករគួរយល់ដឹង
ចំណេះដឹង ៖ ការចិញ្ចឹមមាន់ ជាមុខរបរមួយដែលអាចរកចំណួលបានច្រើនគួរសមក្រៅពីការងារប្រចាំថ្ងៃ ឬក៏ការងារធ្វើស្រែចំការ ជាពិសេស ការចិញ្ចឹមមាន់យកស៊ុតដែលរឹតតែចំណេញច្រើន ទាំងការឱ្យផល តម្លៃ និងទីផ្សារ។ ដោយមើលឃើញពីតម្រូវការទីផ្សារក៏ដូចជាសក្ដានុពលនៃការចិញ្ចឹមមាន់យកស៊ុតលក់ អ្នកជំនាញកសិកម្មបានណែនាំពីចំណុចសំខាន់ៗមួយចំនួន ដែលកសិករអាចអនុវត្តបាន។ជាដំបូង ដើម្បីអាចចិញ្ចឹមមាន់បានល្អ និងទទួលបានទិន្នផលខ្ពស់ កសិករចាំបាច់ត្រូវមាននូវចំណេះដឹងមូលដ្ឋានមួយចំនួនជាមុនសិនចៀសវាងការចិញ្ចឹមជួបនូវការខាតបង់។ មុននឹងចិញ្ចឹមសត្វ អ្វីដែលកសិករត្រូវតែដឹងជាចំបាច់នោះគឺ ការជ្រើសរើសពូជ ដែលយើងត្រូវរើសពូជមាន់ដែលល្អ មិនធ្លាប់កើតជំងឺឆ្លង។ ដោយឡែក មាន់ដែលផ្តល់ពងបានល្អមានលក្ខណៈដូចជា សិរធំ មានពណ៌ក្រហម ហើយរលោង ជុំវិញភ្នែក និងចំពុះមានពណ៌ស ដោយអាចលូកម្រាមដៃ៣ចូលទៅចន្លោះឆ្អឹងពុយប៊ីសទាំងពីរបាន។
ដោយឡែកការចិញ្ចឹមមាន់យកស៊ុត ទាមទារមើលថែឲ្យបានដិតដល់និងទាមទារត្រូវផ្តល់ចំណី១ថ្ងៃ៣ដង គឺពេលព្រឹកចន្លោះពីម៉ោង៧ទៅម៉ោង៨កន្លះ ពេលថ្ងៃចន្លោះពីម៉ោង១២ទៅម៉ោង១ថ្ងៃត្រង់ និងពេលល្ងាចចន្លោះពីម៉ោង៣ទៅម៉ោង៤។ ហើយមុនឲ្យចំណីមាន់ ត្រូវធានាថាស្នូកចំណីត្រូវតែស្អាត និងស្ងួតជាប្រចាំ។ កត្តាមួយផ្សេងទៀតដែលមាន់ផលិតពងបានច្រើន គឺតម្រូវឲ្យគេធ្វើការប្រមូលពងរៀងរាល់ថ្ងៃ ។ ឯការប្រមូលស៊ុតនេះទៀតសោត គួរគប្បីប្រមូលឲ្យបានញឹកញាប់ ហើយទុកវានៅកន្លែងត្រជាក់ ដើម្បីការពារកុំឲ្យឆាប់ខូចគុណភាព តួយ៉ាង អ្នកចិញ្ចឹមខ្លះប្រមូលស៊ុតចំនួន ៣ទៅ៥ដង ក្នុងមួយថ្ងៃនៅរដូវក្តៅ ។ ស៊ុតដែលទុកនៅសីតុណ្ហភាព ៣៧អង្សាសេ អាចមានគុណភាពល្អត្រឹមរយៈពេលតែ ៣ថ្ងៃប៉ុណ្ណោះ ប៉ុន្តែគេអាចទុកស៊ុតបានរហូតដល់ ១០០ថ្ងៃ នៅសីតុណ្ហភាព ៣អង្សាសេដែលឈ្មួញអាចរក្សាទុកបាន។
មួយវិញទៀត បើការបន្ថែមពន្លឺឲ្យបានបរិបូណ៌ទៅលើការស់នៅរបស់ជីវិតមាន់ញី ក៏អាចបង្កើតផលិតកម្មពងបានមួយកម្រិតដែរ។ ការបន្ថែមពន្លឺនេះត្រូវធ្វើទៅតាមប្រភេទផ្សេងៗរបស់មេមាន់ ប្រសិនបើយើងបង្កើនការឲ្យពន្លឺឆាប់រហ័សពេក វាបណ្តាលឲ្យស៊ុតមាន់ទំហំតូចផងដែរ ។ សម្រាប់សំបុកដែលរៀបចំ និងកំរាលទ្រុង គេគួរគប្បីរៀបចំឲ្យបានស្រេចមុនពេលមាន់ចាប់ផ្តើមពង។ គេអាចសាងសង់សំបុកនេះអំពីឈើ អំពីបន្ទះលោហៈធាតុ លួសសំណាញ់ ដីឥដ្ឋ កម្ទេចឥដ្ឋ ឬក្រណាត់កន្ទេល ដោយសំបុកនីមួយៗត្រូវធ្វើឲ្យបានទំហំប្រហែល ០.១២ម៉ែត្រគូប ។ ក្រៅពីនេះការជម្រុះចោល ជាវិធីត្រូវបានអនុវត្តន៍ ដើម្បីយកមាន់ណាដែលមិនពងចេញពីហ្វូង។ ការធ្វើបែបនេះធ្វើឲ្យគេសន្សំការចំណាយ ដោយគេអាចសម្គាល់សញ្ញា មាន់ដែលមិនផ្តល់ពងដូចជា សិរមាន់មានភាពស្វិតរួញ របក និងមានភាពស្លេកស្លាំង នៅជុំវិញភ្នែក និងចំពុះមានពណ៌លឿង ណង់មានភាពស្ងួតនិងគគ្រើម រន្ធគូថតូចមានរាងជារង្វង់ខ្ជឹប ហើយមានពណ៌លឿង ចន្លោះឆ្អឹងពុយប៊ីស ទាំងពីរស្មើនឹងម្រាមដៃតែមួយ និងចន្លោះពីឆ្អឹងពុយប៊ីសទៅឆ្អឹងទ្រូងបានត្រឹមតែ២ម្រាមដៃ ។
យ៉ាងណាក៏ដោយ ចំណីជាចំណុចសំខាន់មួយផងដែរ ដោយក្នុងនោះក្រុមអាហារការពារដែលមានក្នុងចំណីធម្មជាតិ ដូចជា ស្លឹកម្រុំ ត្រកួន អង្គាដី កន្ធំថេត និងរុក្ខជាតិបៃតងផ្សេងទៀត នឹងផ្តល់វីតាមីនសំខាន់ៗសម្រាប់មាន់ មានដូចជា វីតាមីនអា (A) វីតាមីនដេ (D) វីតាមីនអឺ (E) និងវីតាមីនសេ (C)។ ជាតិវីតាមីនទាំងនេះ នឹងជួយបង្កើនភាពរឹងមាំ ប្រឆាំងនឹងមេរោគ ជួយក្នុងការរំលាយអាហារ ស្រូបយកសារធាតុចិញ្ចឹម និងជួយដល់ការបន្តពូជ ពិសេសជួយបង្កើនគុណភាពស៊ុតមាន់។ លើសពីនេះ ប្រភេទអាហារជាតិរ៉ែដែលមានក្នុងសម្បកបង្គា ខ្យង លៀស គ្រុំ អំបិល នឹងជួយបង្កើតឆ្អឹង ឈាម រោម និងសម្បកស៊ុត។ ដោយឡែក កន្ទក់ ពោត ស្រូវ និងក្រុមអាហារទ្រទ្រង់ដទៃទៀត នឹងជួយបង្កើតកម្ដៅឲ្យរាងកាយសត្វមាន់កក់ក្តៅ និងសម្រួលដល់ចលនាសកម្មភាពផ្សេងៗរបស់សត្វមាន់។ ជាចុងក្រោយ អ្នកបច្ចេកទេសចិញ្ចឹមសត្វមាន់បានណែនាំដល់កសិករដែលចាប់អារម្មណ៍ការចិញ្ចឹមមាន់យកស៊ុត គួរស្វែងយល់ពីពូជមាន់ បច្ចេកទេស ធនធាននៅជុំវិញផ្ទះ ក៏ដូចជាទីផ្សារជាមុនសិន ចៀសវាងជួបបញ្ហាផ្សេងៗទាំងការចិញ្ចឹម និងការលក់៕
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi