របរចិញ្ចឹមមាន់ទានៅខេត្តតាកែវ កំពុងពេញនិយម និងមានទីផ្សារខ្ពស់
តាកែវ៖ ប្រជាកសិករខេត្តតាកែវកំពុងពេញនិយម ក្នុងការចិញ្ចឹមមាន់ទា ក្រៅពីការធ្វើស្រែចម្ការ ខណៈដែលរបរនេះ មានតម្រូវការទីផ្សារ រកប្រាក់ចំណូលបានច្រើន និងកាត់បន្ថយការនាំចូលពីខាងក្រៅ ។
លោក លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានឱ្យដឹងថា ក្រៅពីការធ្វើស្រែចម្ការ ប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវបានចាប់យករបរចិញ្ចឹមត្រី ជ្រូក មាន់ទា បង្កង និងការចិញ្ចឹមសត្វផ្សេងៗជាច្រើនទៀត ដើម្បីបំពេញតម្រូវការហូបចុករបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាការនាំចេញទៅផ្គត់ផ្គង់តាមបណ្តាខេត្តផ្សេងៗ នៅទូទាំងប្រទេសផងដែរ។
លោកប្រធានមន្ទីរបន្ថែមថា ដោយសារតែរបរនេះងាយស្រួលរកចំណូ បានធ្វើឱ្យកសិកររាប់ម៉ឺនគ្រួសារ បានចាប់យកអាជីព ចិញ្ចឹមមាន់ទានេះ បន្ទាប់ពីការងារធ្វើស្រែចម្ការ។ លោកបន្តថា ក្នុង១គ្រួសារអាចរកចំណូលបានចន្លោះពី៥០០ ទៅ ៨០០ ដុល្លារ ក្នុងមួយខែ ដោយមាន់១គីឡូក្រាម មានតម្លៃ ១៧០០០រៀល ។
លោកបន្ថែមថាជានិច្ចកាលខាងមន្ទីរបានចុះបណ្តុះបណ្តាលពីបច្ចេកទេសក្នុងការចិញ្ចឹមសត្វយកសាច់ ដើម្បីធ្វើយ៉ាងណា ឱ្យទទួលបានទិន្នផលខ្ពស់ មានសុវត្ថិភាពដល់អ្នកបរិភោគ។
« ឥឡូវនេះអ្វីដែលពេញនិយមហើយឆ្ងាញ់ គឺមាន់ស្រែនេះឯងកសិករគាត់ផុលផុស នៅក្នុងការចិញ្ចឹមមាន់នេះខ្លាំង មាន់មានតម្លៃក្នុងទីផ្សារ ហើយងាយក្នុងការចិញ្ចឹមផង ដោយមានការណែនាំបច្ចេកទេសរបស់មន្ទីកសិកម្មខេត្តតាកែវយើងនេះ ក្រៅពីមាន់ ទាក៏កសិករចិញ្ចឹមជាច្រើន បើគិតតាមស្ថិតិទាគឺមានជាង១លានក្បាលផងដែរក្នុងទូទាំងខេត្តយើងនេះ ហើយមាន់ ក៏ជាង២លានក្បាលដែរ នេះយោងតាមស្ថិតិយើងនេះ ហើយយើងចិញ្ចឹមលក់ជាសាច់ លក់ជាពង ហើយនឹងជាកូនផង»។
លោកប្រធានមន្ទីរ បានឱ្យដឹងទៀតថា ក្រោយពីទទួលបានផល ប្រជាពលរដ្ឋមិនបារម្ភចំពោះ ការរកទីផ្សារនោះទេ ខណៈខេត្តតាកែវបានចងក្រងជាបណ្តុំអាជីវកម្ម ដែលមានកុងត្រាច្បាស់លាស់ និងអ្នកម្រមូលទិញច្បាស់លាស់។
សូមបញ្ជាក់ថា ក្នុងមួយថ្ងៃ ខេត្តតាកែវនាំចេញពងទាជាង៧០ម៉ឺនគ្រាប់ដើម្បីផ្គត់ផ្គង់ទីផ្សារនៅតាមបណ្តាខេត្តផ្សេងៗ ពិសេសមកកាន់រាជធានីភ្នំពេញ៕