Tin tức
របរចិញ្ចឹមមាន់ ​ក្លាយជាក្តីសង្ឃឹមរបស់​កសិករនៅតំបន់ឆ្នេរ ក្នុងការបង្កើនសេដ្ឋកិច្ចគ្រួសារ
រយៈពេលជិត២ឆ្នាំហើយដែល អង្គការ អេដ អេ អាកស្យុង តាមរយៈអង្គការហេហ្វឺ បានផ្តល់ដើមទុន សម្ភារៈ និង​បណ្តុះបណ្តាលអំពីបច្ចេកទេសចិញ្ចឹមមាន់ឱ្យបានត្រឹមត្រូវ និងបានផលល្អប្រសើរ ដល់កសិករនៅតំបន់ឆ្នេរសមុទ្រ។ កសិករប្រមាណ ៤០គ្រួសារ ដែលទទួលបានការបណ្តុះបណ្តាលនេះ កំពុងតែរីក​រាយនឹងលទ្ធផលដ៏ប្រសើរពីការចិញ្ចឹមមាន់ ដែលបានផ្លាស់ប្តូរ​​ជីវភាព​គ្រួសារពួកគេឱ្យធូរធារជាងមុន។ កាលពីប្រមាណកន្លះឆ្នាំមុន លោក ញ៉ែត សុភ័ក្រ្ត គឺជាកម្មករសំណង់ ដែលរកប្រាក់ចំណូលបន្ថែម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ប៉ុន្តែពេលនេះ លោក គឺជាអ្នកជំនាញចិញ្ចឹមមាន់យកសាច់ម្នាក់ នៅសង្កាត់អូរក្រសារ ក្នុងក្រុងកែប ខេត្តកែប។ លោក បានឈប់​ធ្វើជាកម្មករសំណង់ និងងាកមកចិញ្ចឹមមាន់ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម ពី​អង្គការ ហេហ្វឺ។ បច្ចេកទេសទាំងនោះ មានដូចជា​​ការរៀបចំទ្រុង ជ្រើសរើស និង​បង្កាត់​ពូជ​, ​ការផ្សំ​ចំណី, ​​ការថែទាំ និងការផ្តល់វ៉ាក់សាំងការពារជំងឺជាដើម។
ផ្តើមដំបូងពីការចិញ្ចឹម​មាន់សាច់​ ៥០ក្បាល សព្វថ្ងៃនេះ លោក សុភ័ក្រ្ត បានពង្រីកការ​ជាបន្តបន្ទាប់ រហូតដល់មានមាន់ពូជប្រ​មាណ​៥០ក្បាល និង​​មាន់សាច់ជាង១៥០ក្បាល។ បុរសវ័យ​៣៩​ឆ្នាំរូបនេះ ​ពិតជារីករាយ ដែលខ្លួនមានឱកាសទទួលបានជំនាញថ្មីសម្រាប់ជីវិត និងជាជំនាញដែល​បាន​ធ្វើ​ឱ្យលោក និងគ្រួសារ លែងខ្វះមុខ ខ្វះក្រោយដូចមុន។ ការចិញ្ចឹមមាន់ទទួលបានទិន្នផលល្អ និងបានកែប្រែជីវភាពគ្រួសាររបស់កសិករនៅតំបន់ឆ្នេររូបនេះ ឱ្យប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ពោលគឺ​លោក ញ៉ែត សុភ័ក្រ អាចចាត់ចែងការចំណាយសប់គ្រប់នៅក្នុងផ្ទះនិងផ្គង់​កូនឱ្យរៀនសូត្រដោយមិនលំបាក។ «ពីមុនលំបាកណាស់ ប៉ុន្តែឥឡូវលក់(មាន់)តែ១ ឬ២ អាចឱ្យកូនទៅរៀនបានដែរ។ របរចិញ្ចឹមមាន់ ធ្វើ​ឱ្យជីវភាពគ្រួសារប្រសើរជាងមុន អាចឱ្យកូនៗរៀនសូត្រគ្រប់គ្រាន់។»។
លោក ញ៉ែត សុភ័ក្រ ក៏គ្រោងពង្រីកការចិញ្ចឹមមាន់របស់ខ្លួន ឱ្យ​កាន់តែធំជាងបច្ចុប្បន្នដែរ។ ទន្ទឹមនឹងនេះ កសិកររូបនេះ ក៏រីករាយក្នុងការចែករំលែកបច្ចេកទេស​ចិញ្ចឹម​មាន់នេះ ទៅដល់​​កសិករ​ដទៃ​ទៀត ដែរ ​ដើម្បីយកទៅធ្វើរបររកប្រាក់ចំណូលបន្ថែមសម្រាប់​គ្រួសារ។ «ខ្ញុំប្ដេជ្ញាថា នឹងខិតខំពង្រីកអា​ជីវកម្ម​ចិញ្ចឹមមាន់នេះ ឱ្យបានធំទូលំទូលាយ ដើម្បីឱ្យកូនបានរៀនសូត្រ»។ លោក ខៀន ជៀន ជាកសិករម្នាក់ទៀត ដែលទទួលបានបច្ចេកទេសចិញ្ចឹមមាន់ស្រែ និងភ្ញាស់កូនមាន់ ពីអង្គការអង្គការហេហ្វឺដែរ។ មានទីលំនៅក្នុងភូមិកោះក្រស្នា ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត លោក ខៀន ជៀន ថាការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមសត្វនេះ គឺពិតជាសារៈសំខាន់ខ្លាំងណាស់​សម្រាប់ប្រជាកសិករ ដែលកំពុងត្រូវការចំណេះដឹងថ្មី ដើម្បីបង្កើតមុខរបរដែលផ្តល់ប្រាក់ចំណូលបន្ថែម​គ្រួសារ ក្រៅពីការងារធ្វើស្រែ ចម្ការ និងនេសាទ។
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi