Tin tức
កសិករគំរូក្នុងស្រុកទឹកផុស ចិញ្ចឹមមាន់ស្រែលក់ រកចំណូលបានរាប់ពាន់ដុល្លារ និងមិនបាច់ចំណាកស្រុក
កំពង់ឆ្នាំង៖ កសិករគំរូឈ្មោះ សយ ចាន់ណា រស់នៅក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បាន​ចិញ្ចឹម​មាន់ស្រែនៅផ្ទះរបស់ខ្លួន រហូតដល់ជាង ២៥០០ក្បាល និងទទួលផលក្នុង១ខែៗ ចាប់​ពី​២៥០០ដុល្លារ ដល់៣០០០ដុលា្លរ។ ការងារនេះ បានធ្វើអោយរូបគាត់មិនបាច់ចំណាកស្រុក រស់​នៅ​ក្បែរប្រពន្ធកូន ហើយការចិញ្ចឹមមាន់នេះគឺទាមទារអោយកសិករប្រឹងប្រែងអត់ធ្មត់ និង​ទទួ​ល​យក​បច្ចេកទេសចិញ្ចឹមពីមន្ទីរកសិកម្មខេត្ត។
កសិករ សយ ចាន់ណា បានបន្ថែមថា កាលពីជិត១០ឆ្នាំមុន ដោយមានការបង្ហាត់​បង្ហាញ​នូវ​របៀប​ចិញ្ចឹម ការមើលថែ ក៏ដូចជាបច្ចេកទេសផ្សេងៗទៀតពីមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង គាត់បានចាប់ផ្តើមចិញ្ចឹមមេមាន់ស្រែចំនួន១៥ក្បាល និង​ឈ្មោល​ចំនួន ៤ក្បាល។ ដោយសារការអនុវត្តតាមបច្ចេកទេសចិញ្ចឹមរបស់មន្ទីរកសិកម្ម រូប​គាត់​បាន​ពង្រីក​ការ​ចិញ្ចឹម​ជា​បន្តបន្ទាប់ រហូតបានធ្វើជា​កសិដ្ឋាន​មួយ​ក្រោយ​ផ្ទះ​មាន​ទំហំ​ប្រមាណ ១០ម៉ែត្រគុណ​នឹង​២០​ម៉ែត្រ​។ រហូតមកដល់សព្វថ្ងៃនេះ កសិករ សយ ចាន់ណា បានចិញ្ចឹម​មាន់​ស្រែ​បាន​រហូត​ដល់​ជាង​២​ពាន់ក្បាល ។
ចំពោះការលក់ចេញវិញ លោកបានកុងត្រា​ជាមួយ​ផ្សារ​ទំនើប​មួយ​នៅ​ទី​ក្រុង​ភ្នំពេញ ដោយអាចលក់ជូនផ្សារទំនើបនោះក្នុង១ខែប្រមាណជាង១០០ក្បាលចំពោះមាន់សាច់ ពង​មាន់​បាន២ពាន់គ្រាប់ ។ ក្រៅពីនេះ លោកបានយកពងមាន់ទៅភ្ញាស់យកកូនផងដែរ ដែល​ក្នុង​១ខែ​ៗ លោកអាចលក់កូនមាន់ទៅអតិថិជនក្នុងសហគមន៍ ក៏ដូចជា​អ្នក​ចិញ្ចឹម​ដទៃ​ក្រៅ​ពី​សហគមន៍​ចាប់ពី២ពាន់ទៅ២៥០០ក្បាល។ ការងារនេះ បានធ្វើអោយ​លោក​រក​ចំណូល​បាន​ចាប់​ពី​២៥០០ដុល្លារ ដល់៣០០០ដុល្លារ ដែលក្រៅពីការផាត់ទូទាត់ការចំណាយទៅ លោកអាច​សល់​ប្រាក់​ចំណេញ​ចាប់ពី១៥០០ដុល្លារ។
កសិករ សយ ចាន់ណា មិនត្រឹមតែចិញ្ចឹមមាន់ស្រែលក់នោះទេ គាត់នៅ​ដាំដំណាំ​បន្លែ​បង្ការ​ផ្សេង​ៗ និងចិញ្ចឹមត្រី កង្កែប លក់អោយប្រជាពលរដ្ឋក្នុងសហគមន៍ទៀតផង ហើយ​ការងារ​កសិកម្ម​ក្នុង​គ្រួសារ​បែប​នេះ បានធ្វើអោយជីវភាពគ្រួសារលោកធូរធារ មិនបានខ្ចីបុលពីធនាគារ ឬ​មីក្រូ​ហិរញ្ញ​វត្ថុ​ណា​ឡើយ។ លោកបានពេញចិត្តនឹងការងារនេះណាស់ លោកក៏មា​ន​មហិច្ឆតា​ពង្រីក​ការ​ចិញ្ចឹម​របស់​លោក​បន្ថែមទៅទៀត ហើយបើប្រជាកសិករណាចង់ចេះចិញ្ចឹមមាន់ស្រែនេះ លោកនឹងអាច​បង្រៀន​ដោយ​មិនគិតប្រាក់ឡើយ តែសូមអោយការចិញ្ចឹមនោះ ត្រូវតែចេះអត់ធ្មត់ និងព្យាយាម៕ អត្ថបទ៖ កាំង ហុងវាស្នា
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi