គម្រោងបង្កាត់ពូជមាន់ស្រែសុទ្ធ បង្កើតអត្ដសញ្ញាណមាន់ខ្មែរដ៏ពិតប្រាកដ
តាកែវ: ស្ថិតក្នុងខ្ទមប្រក់ស្លឹកពេញទៅដោយសំឡេងតុកកាតត និងកុកគីកែកឺត យ៉ាងទ្រហឹង កសិដ្ឋានចិញ្ចឹមមាន់តូចមួយជាទីឋានកំពុងត្រូវបានអភិវឌ្ឍដោយច្របាច់បញ្ចូលគ្នារវាងការចិញ្ចឹមបែបប្រពៃណី និងភាពច្នៃប្រឌិត។
ឈរចំកណ្តាលជួរនៃទ្រុង មាន់ និងដៃម្ខាងកាន់មេមាន់ ១ ក្បាល ដែលទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ លោក យ៉ែម សូនី ដែលគ្រងឈុតអាវក្នុងមន្ទីរពិសោធន៍ពណ៌ស និងម៉ាស់មុខការពារ ហាក់បីដូចជាអ្នកជំនាញពេទ្យ តែលោកគឺជាអ្នកចិញ្ចឹមមាន់តាមក្បួនខ្នាតកសិកម្ម ក្រោមគម្រោងជំនួយរបស់រដ្ឋាភិបាលអូស្ដ្រាលី។
នេះមិនមែនគ្រាន់តែជាកសិដ្ឋានចិញ្ចឹមមាន់ប៉ុណ្ណោះទេ ប៉ុន្ដែវាជាពន្លឺនៃក្តីសង្ឃឹមសម្រាប់អនាគតនៃពូជមាន់ស្កួយរបស់កម្ពុជាផងដែរ។
លោក ភឹម ម៉េងហាក់ អនុប្រធានមន្ទីរពិសោធន៍សេនេទិចពូជសត្វ ក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ថ្វីដ្បិតតែគម្រោងនេះចាប់ផ្ដើមតែ ៣ គ្រួសារយ៉ាងណាក៏ដោយ ក៏នៅពេលទទួលបានពូជល្អ ពួកគេអាចលក់ទៅឱ្យកសិករនៅទូទាំងប្រទេស។ ដូច្នេះ ប្រជាកសិករដទៃហាក់បានទទួលផលពីគម្រោងនេះដូចគ្នា។
មាន់ស្កួយដែលមានរោមពេញខ្លួន សម្បុរពព្លាក់ពណ៌ត្នោត និងប្រផេះទទួលបានការពេញនិយមពីសំណាក់ប្រជាកសិករ ដោយសារតែវាផ្ដល់ទិន្នផលល្អ និងជាចំណូលចិត្ដរបស់អតិថិជន។ ភាពធន់និងគុណភាពនៃសាច់របស់វាបានធ្វើឱ្យវាក្លាយជាជម្រើសដ៏ពេញនិយមក្នុងចំណោមសហគមន៍មូលដ្ឋាន។ គម្រោងគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងចក្ខុវិស័យសម្រាប់អនាគតប្រកបដោយនិរន្តរភាព ដែលមាន់ស្កួយអាចក្លាយជាពូជសុទ្ធប្រចាំកម្ពុជា។
ពូជមាន់ក្នុងស្រុកមាន ៨៤ ភាគរយនៃមាន់នៅអាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជាផងដែរ។ ប៉ុន្តែពួកវាត្រូវបានចិញ្ចឹមក្នុងចំនួនតិចតួចប៉ុណ្ណោះពី ២០ ទៅ ៥០ ក្បាល ក្នុង ១ វដ្តផលិតកម្ម។
មេមាន់ទាំងនេះផ្តល់ពងបានត្រឹមតែ ៦០ គ្រាប់ប៉ុណ្ណោះ ក្នុង ១ ឆ្នាំ ហើយចិញ្ចឹមដើម្បីដល់ទម្ងន់ទីផ្សារត្រូវចំណាយពេល ៦ ខែ។ ផ្ទុយទៅវិញ ពូជពាណិជ្ជកម្មមានអាយុពេញវ័យក្នុងរយៈពេល ៦ សប្តាហ៍ ហើយពងបានប្រហែលពី ២៥០ ទៅ ២៧០ គ្រាប់ ក្នុង ១ ឆ្នាំ។