Tin tức
មុខរបរចញ្ចឹមមាន់ស្រែ កំពុងមានប្រជាប្រិយភាពខ្លាំង និងមានតម្លៃទីផ្សារខ្ពស់
ការចិញ្ចឹមមាន់ គឺជាមុខរបរមួយដែលបងប្អូនកសិករយើងនិយមចិញ្ចឹមជាលក្ខណៈគ្រួសារ ជាពិសេសនៅតាមតំបន់ជនបទ ហើយក្នុងនោះជាការគួរឱ្យកត់សម្គាល់ គេសង្កេតឃើញមានកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែងដែលភាគច្រើនជាប្រភេទមាន់ស្រែដែលមានចំនួនរហូតដល់រាប់ពាន់ក្បាលសម្រាប់លក់ទៅកាន់ទីផ្សារ ជាមួយនឹងការទទួលបានប្រាក់ចំណូលច្រើនគួរសម។
លោក ភាស់ ប្រុស ជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់មួយកន្លែងដែលគេហៅថា «ផ្ទះមាន់ស្រែ» ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ឱ្យដឹងថា ដំបូងឡើយលោកមានចិញ្ចឹមមាន់ស្រែជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ប៉ុន្តែក្រោយមកដោយមើលឃើញពីតម្រូវការទីផ្សារ ហើយមានតម្លៃថ្លៃគួរសម លោកក៏ចាប់ផ្តើមពង្រីកការចិញ្ចឹមបន្តិចម្ដងៗរហូតបានទំហំដូចសព្វថ្ងៃនេះ។
លោកបន្តថា សម្រាប់អតិថិជនដែលមកគាំទ្រ និងទិញជាប្រចាំភាគច្រើនជាឈ្មួញមកពីភ្នំពេញដែលមកចាប់ដល់កសិដ្ឋានតែម្ដង ហើយក្នុងមួយសប្ដាហ៍អាចចាប់បានប្រមាណ ១៥០​ក្បាល។ ចំពោះកូមាន់អាចលក់បានក្នុងតម្លៃចាប់ពី ២៨០០-៥៦០០រៀលក្នុងមួយក្បាល អាស្រ័យលើអាយុរបស់កូនមាន់ចាប់ពី ១២-៣០ ថ្ងៃ។ ចំណែកមាន់សាច់បើភ្ញៀវមកទទួលដល់ទីតាំងចាប់ពី១០០ក្បាលឡើងទៅគឺមានតម្លៃ ​១៦៥០០រៀល ឬទិញរាយមានតម្លៃ ១៧០០០រៀល ក្នុង១គីឡូក្រាម។ ដោយឡែកសម្រាប់ការចិញ្ចឹម និងការឱ្យចំណីប្រចាំថ្ងៃត្រូវបានម្ចាស់កសិដ្ឋានខាងលើប្រាប់ឱ្យដឹងថា ដើម្បីកាត់បន្ថយការចំណាយ អ្នកចិញ្ចឹមគួរតែដាំដំណាំផ្សេងៗដើម្បីឱ្យមាន់ស៊ីចៀសវាងការប្រើចំណីសុទ្ធដែលត្រូវចំណាយច្រើន។ ជាក់ស្ដែងលោកផ្ទាល់ ប្រើចំណីសម្រេចលាយជាមួយនឹងដំណាំដែលលោកដាំបាន ដូចជា ត្រកួន ផ្ទី ជាដើម។ ចំពោះរយៈពេលចិញ្ចឹម ប្រភេទមាន់សាច់គេត្រូវចំណាយពេល ៣-៤ខែ ហើយការថែទាំទៀតសោត ក៏ត្រូវយកចិត្តទុកដាក់ផងដែរ ជាពិសេសនៅរដូវភ្លៀង ឬក៏ក្ដៅខ្លាំងដោយសារវាអាចប៉ះពាល់ដល់សុខភាពមាន់ដែលអាចប្រឈមនឹងជំងឺផ្សេងៗ។ នេះជាអ្វីដែលលោក ភាស់ ប្រុស បានលើកឡើង។
គួរបញ្ជាក់ដែរថា សម្រាប់ការចាប់ផ្ដើមបើកកសិដ្ឋានចិញ្ចឹមមាន់ស្រែ លោក ភាស់ ប្រុស បានចំណាយដើមទុនដំបូងប្រមាណ ២០០០ដុល្លារក្នុងការរៀបចំទ្រង់ ទិញសម្ភារ និងថ្លៃមេមាន់ មាន់ឈ្មោលពូជ។ ដោយឡែកចំពោះផលលំបាក ត្រូវបានម្ចាស់កសិដ្ឋានរូបនេះបន្តថា មានកត្តាប្រឈមជាច្រើន ជាពិសេសទាក់ទងទៅនឹងទីផ្សាររវាងមាន់ស្រែ និងមាន់ផ្សេងៗទៀតដែលនាំចូលពីក្រៅប្រទេសដែលមានតម្លៃទាបជាង ហើយក្រៅពីនេះគឺបញ្ហាថ្នាំសម្រាប់ព្យាបាលមាន់នៅពេលមាន់មានជំងឺជាដើម។ ចំពោះថ្ងៃអនាគត លោកចង់ពង្រីករបរមួយនេះឱ្យកាន់តែធំជាងនេះ ហើយក៏ចង់បានដៃគូសហការផ្សេងៗទៀតក្នុងការចែកចាយបន្តនូវផលិតផលមាន់ស្រែឱ្យមានទីផ្សារធំទូលាយ។ ចុងក្រោយ ម្ចាស់កសិដ្ឋានចិញ្ចឹមាន់ «ផ្ទះមាន់ស្រែ» ក៏សូមអរគុណដល់អតិថិជនដែលតែងតែគាំទ្រ និងសូមអំពាវនាវឱ្យបងប្អូនខ្មែរជួយគាំទ្រមាន់ស្រែបន្តទៀតដែលជាផលិតផលក្នុងស្រុក៕
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi