Tin tức
គុណភាពស៊ុតមាន់ស្ថិតនៅលើពណ៌សម្បកស៊ុតសនិងត្នោតឬយ៉ាងណា?
USDA បញ្ជាក់ថា ពណ៌សម្បករបស់ស៊ុតអាស្រ័យលើពូជ និងហ្សែនរបស់មេមាន់។ ឧទាហរណ៍ ពូជមាន់ White Leghorn, White Rock និង Cornish មានពងពណ៌ស ខណៈដែល Plymouth Rocks, Rhode Island Reds និង New Hampshire ពងមានសម្បកពណ៌ត្នោត។ ពូជមាន់មួយចំនួនទៀតដូចជា Araucana, Lushi, Dongxiang និង Ameraucana សម្បកពងពណ៌ខៀវបៃតង ឬខៀវ។ ជួនកាលពណ៌ស៊ុត អាចប្រែប្រួលនៅក្នុងពូជដូចគ្នាផងដែរ។ កត្តាផ្សេងទៀតដែលធ្វើឱ្យស៊ុតប្រែពណ៌ មានដូចជា របបអាហាររបស់មេមាន់ បរិយាកាស កម្រិតស្ត្រេស និងអាយុក៏អាចជះឥទ្ធិពល លើពណ៌សម្បកស៊ុតដែរ។ ជារឿយៗ មនុស្សជ្រើសរើសស៊ុតដែលមានសម្បកពណ៌ត្នោត ដោយជឿថាវា មានលក្ខណៈធម្មជាតិ និងមានសុខភាពល្អជាងស៊ុតដែលមានសម្បកពណ៌ស។ ទោះយ៉ាងណាក៏ដោយ នោះមិនមែនជាការពិតទេ។ ស៊ុតទាំងអស់ផ្តល់ឱ្យអ្នកនូវអាហាររូបត្ថម្ភស្រដៀងគ្នា ដោយមិនគិតពីពណ៌សម្បករបស់វាឡើយ។ ការស្រាវជ្រាវបញ្ជាក់ថា សមាសភាព ឬគុណភាពស៊ុត មិនត្រូវបានប៉ះពាល់ដោយពណ៌សម្បកទេ។ ស៊ុតដែលមានពណ៌សម្បកត្នោត និងស មានប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ វីតាមីនសំខាន់ៗ និងសារធាតុរ៉ែ។ ដូច្នេះ មិនមានភាពខុសគ្នានៃប្រូតេអ៊ីនសំខាន់ រវាងសម្បកស៊ុតពណ៌ត្នោត និងពណ៌ស ដូចដែលមនុស្សជាច្រើនសន្មត់នោះទេ។ ទោះយ៉ាងណាក៏ដោយ មានកត្តាមួយចំនួនទៀត ដូចជាបរិស្ថានរស់នៅរបស់មេមាន់ និងចំណីរបស់វា ដែលអាចប៉ះពាល់ដល់អាហារូបត្ថម្ភរបស់ស៊ុត។ ឧទាហរណ៍ មេមាន់ដែលរស់នៅមានពន្លឺថ្ងៃគ្រប់គ្រាន់ត្រូវបានគេដឹងថា ផលិតស៊ុតដោយបរិមាណវីតាមីន D ខ្ពស់ ជាងស៊ុតចេញពីមេមាន់ដែលចិញ្ចឹមតាមធម្មតាបង្ខាំងទុកតែនៅក្នុងទ្រុង។ ចំពោះរសជាតិវិញ មនុស្សមួយចំនួនប្រហែលជាជឿជាក់ថាស៊ុតពណ៌ត្នោត មានរសជាតិឆ្ងាញ់ជាងស៊ុតពណ៌ស ប៉ុន្តែនេះគ្រាន់តែជាបញ្ហានៃចំណង់ចំណូលចិត្តផ្ទាល់ខ្លួនប៉ុណ្ណោះ។ ដូចទៅនឹងខ្លឹមសារអាហាររូបត្ថម្ភដែរ ពណ៌សម្បកស៊ុត ពិតជាមិនកំណត់រសជាតិរបស់ស៊ុតនោះទេ។ ទោះជាយ៉ាងណាក៏ដោយ កត្តាផ្សេងទៀតដូចជាប្រភេទចំណី ពូជមាន់ វិធីសាស្ត្រចម្អិនអាហារ និងការបរិភោគស៊ុតថ្មីនិងចាស់ អាចប៉ះពាល់ដល់រសជាតិរបស់ស៊ុត។ មាន់ដែលចិញ្ចឹមតាមផ្ទះ ភាគច្រើនមានសម្បកពងពណ៌ត្នោត ហើយមានរសជាតិឆ្ងាញ់ជាងបន្តិច ឬមានពណ៌លឿងរស់រវើកជាងមុន ដោយសារតែចំណីរបស់វាប៉ុណ្ណោះ ដែលនេះអាចនាំឱ្យមនុស្សមួយចំនួនយល់ថា ស៊ុតពណ៌ត្នោត មានរសជាតិឆ្ងាញ់ជាងស៊ុតពណ៌ស។ ជាញឹកញាប់ អ្នកនឹងឃើញស៊ុតពណ៌ត្នោត មានតម្លៃថ្លៃជាងស៊ុតពណ៌ស ទោះបីជាវាដូចគ្នានៅគ្រប់ទិដ្ឋភាពទាំងអស់ លើកលែងតែពណ៌។ ជារឿយៗ នេះអាចនាំឱ្យមនុស្សជឿថា ស៊ុតពណ៌ត្នោតមានគុណភាព ឬអាហារូបត្ថម្ភខ្ពស់ជាងស៊ុតពណ៌ស។ ទោះជាយ៉ាងណាក៏ដោយ ភាពខុសគ្នា គឺស្ថិតនៅត្រង់ថា មាន់ដែលមានពងពណ៌ត្នោតមានទំហំធំជាង ហើយត្រូវការចំណីបន្ថែមទៀត ដែលធ្វើឱ្យពងវាមានតម្លៃខ្ពស់។ ម្យ៉ាងទៀត ប្រភេទស៊ុត ពិសេសមួយចំនួន ដូចជាសរីរាង្គ ដែលច្រើនតែមានពណ៌ត្នោត ក៏មានតម្លៃខ្ពស់ដែរ។ ដូច្នេះជាជាង សំគាល់ទៅលើពណ៌សម្បកស៊ុត ដែលពិតជាមិនធ្វើឱ្យមានភាពខុសគ្នានៅក្នុងតម្លៃអាហាររូបត្ថម្ភរបស់ស៊ុត អ្នកគួរតែមើលចំណុចទាំងនេះវិញ ដើម្បីជួយអ្នកក្នុងការជ្រើសរើសស៊ុតបានល្អ ដូចជាស៊ុតដែលកើតចេញពីមេមាន់ចិញ្ចឹមដោយគ្រាប់ធញ្ញជាតិ និងរបបអាហារដែលគ្មានថ្នាំសម្លាប់សត្វល្អិត, ស៊ុតដែលចេញពីមេមាន់ចិញ្ចឹមតាមធម្មជាតិ ព្រលែងដើរស៊ីចំណីតាមចិត្ត មិននៅក្នុងទ្រុងនិងស៊ុតពីមេមាន់ដែលមិនត្រូវបានព្យាបាលដោយថ្នាំអង់ទីប៊ីយោទិចណាមួយជាដើម៕
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi