ការចែករំលែកភាពជោគជ័យលើការចិញ្ចឹមមាន់ស្រែ ដល់កសិករមកពីគម្រោងអេមស៍ ក្រោមការសម្របសម្រួលពីគម្រោងអេមស៍
លោក សូរ ផាត ជាកសិករគំរូរស់នៅភូមិភារកិច្ច ឃុំប៉ាលហាល ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលលោកទទួលបាន ជោគជ័យក្នុងការភ្ញាស់មាន់លក់ និងចិញ្ជឹមមាន់យកសាច់។
នៅក្នុងការចែករំលែកចំណេះដឹងជាមួយកសិករមកពីខេត្តសៀមរាប ក្រោមកម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ និងរៀនសូត្រគំរូអាជីវកម្ម ដែលសម្របសម្រួលដោយគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) សូរ ផាត បាននិយាយថា ស៊ុតមាន់ទាំងអស់ដែលលោកយកមកភ្ញាស់គឺ ទិញមកពីខេត្តព្រៃវែង ក្នុងតម្លៃ ១ ៣០០រៀល ក្នុងមួយគ្រាប់ ដោយសារលោកខ្វះកម្លាំងពលកម្ម ដើម្បីថែទាំមេបា ទើបត្រូវទិញស៊ុតមាន់ ពីគេមកភ្ញាស់បែបនេះ។
សូរ ផាត បានបង្ហាញពីបទពិសោធន៍របស់គាត់ក្នុងការភ្ញាស់កូនមាន់ ដោយលោកធ្វើការពិនិត្យមើលការបង្កកំណើតចំនួន ០២លើក៖ លើកទី១៖ នៅថ្ងៃទី៧ ពីថ្ងៃដាក់ស៊ុតចូលទូភ្ញាស់ ដើម្បីពិនិត្យការបង្កកំណើតកូនមាន់ និងដកស៊ុត ដែលមិន បង្កកំណើតចេញពីទូភ្ញាស់។ លើកទី២៖ នៅថ្ងៃទី១៤ លើកទី២ នេះ គឺដើម្បីពិនិត្យមើល រកកូនដែលបង្កកំណើតហើយ ស្លាប់ក្នុងស៊ុត ដើម្បីយកចេញពីទូម្តងទៀត ព្រោះបើមិនធ្វើដូច្នេះទេ វាអាចបង្កមេរោគ និងក្លិនមិនល្អនៅក្នុងទូ ធ្វើឱ្យប៉ះពាល់ ដល់ស៊ុតដទៃទៀត
សូរ ផាត បាននិយាយបន្ថែមថា ការធ្វើវ៉ាក់សាំងសម្រាប់កូនមាន់ ត្រូវធ្វើចំនួន ០៤ដង មានដូចជា ជុះអុត ញ៉ូកាស អាសន្នរោគ និងកុំបូរ៉ូ ជាចាំបាច់ ចំពោះការផ្ដល់ចំណីឱ្យកូនមាន់ ត្រូវកិនចំណីបន្ថែមឱ្យម៉ត់ជាងមុន ហើយដាក់ម្ដងបន្តិចៗ ចំនួន ០៥ ទៅ ០៦ដង ក្នុងមួយថ្ងៃ ធ្វើបែបនេះមានប្រយោជន៍ណាស់ ព្រោះចំណីមិនសល់ខ្ជះខ្ជាយនាំឱ្យមានសត្វរុយ មករោម ធ្វើឱ្យឆ្លងមេរោគ ចំណីនៅរក្សាក្លិន និងគុណភាពបានល្អ។
ចំពោះការថែរក្សាមាន់សាច់វិញ សូរ ផាត បាននិយាយថា ដោយសារលោកជាអ្នកភ្ញាស់កូនមាន់ខ្លួនឯង លោកបានធ្វើ វ៉ាក់សាំងបានត្រឹមត្រូវ ទើបមិនសូវមានបញ្ហាប្រឈមកើតឡើង។ លោកបានក៏បានណែនាំកសិករផលិតមាន់ធ្វើវ៉ាក់សាំងមុន ប្រសើរជាងចាំព្យាបាល ពេលមាន់មានជំងឺ ព្រោះវានាំឱ្យខាងបង់ប្រាក់ថ្លៃថ្នាំច្រើន ហើយនឹងមាន់ធំយឺត។
សូរ ផាត បាននិយាយបន្ថែមថា ការចិញ្ចឹមមាន់សាច់ គឺចិញ្ចឹមលើទ្រុងរហូតដល់មាន់ធំ មានទម្ងន់ ០.៨គីឡូក្រាម ហើយប្តូរទៅប្រើទ្រុងទូលាយលើដីម្ដង ដើម្បីឱ្យមាន់បានកាយដីខ្លះទើបមាន់មានសាច់ណែនល្អ ត្រូវតម្រូវការទីផ្សារ។