កសិករមួយរូបនៅក្នុងខេត្ត សៀមរាបមានលទ្ធភាពភ្ញាស់កូនមាន់ចន្លោះពី២៥០០ទៅ ៣៥០០កូនក្នុងមួយខែ ដើម្បីលក់ទៅកាន់ទីផ្សារ
កសិករមួយរូបរស់នៅឃុំចាន់ស ស្រុកសូទ្រនិគម ខេត្ត សៀមរាប មានលទ្ធភាពបញ្ចេ ញកូនមាន់លក់ចាប់ពី២៥០០ ទៅ៣៥០០កូនក្នុងមួយខែ ដោយកូនមាន់មួយក្បាលមាន តម្លៃចាប់ពី៥០០០រៀលឡើងទៅដែលជាជួយផ្គត់ផ្គងជីវ ភាពបានកាន់តែល្អ។ លោកឈឿម វ៉យ កសិកររស់នៅភូមិថ្នល់ ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀម រាប បានឱ្យដឹងថា លោកបានចាប់យកមុខរបរចិញ្ចឹមមាន់ភ្ញាស់យកកូនលក់រយៈពេលជាង៦ឆ្នាំមកហើយ ក្រោមការជួយជ្រោមជ្រែងដំបូងពីគម្រោងបឹងទន្លេសាប របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បន្ទាប់ មកក៏មានគម្រោងអង្គការដៃគូជាច្រើនចុះមកជួយជាបន្ត បន្ទាប់។លោកបន្តថា បច្ចុប្បន្នលោកមានមាន់មេពូជជាមេបា សរុបចំនួន៧០០ក្បាល ដោយក្នុងមួយថ្ងៃអាចផ្តល់ពង បានចាប់ពី២២០ទៅ ២៥០ គ្រាប់ សម្រាប់ភ្ញាស់យកកូនលក់។ លោកបន្តទៀតថា មុខរបរភ្ញាស់កូនមាន់លក់ អាចជួយឱ្យជីវភាពគ្រួសារលោកល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះក្នុងមួយខែលោកមាន លទ្ធភាពលក់កូនមាន់ទៅកាន់អតិថិជន បានចន្លោះពី ២៥០០ទៅ៣៥០០កូន ដោយកូនមាន់មួយក្បាលមានតម្លៃចាប់ពី៥០០០រៀលទៅ៥៥០០រៀល ដូច្នេះក្នុងមួយខែប្រាក់ចំណូលសរុបទទួលបានចាប់១២លានរៀលទៅ១៧លានរៀល និងអាចសល់ប្រាក់ចំណេញចាប់ ពី៤លានរៀល ក្នុងមួយខែ។ កសិករភ្ញាស់កូនមាន់លក់រូបនេះបានបន្តទៀតថា កូនមាន់ដែលត្រូវលក់ទៅឱ្យអតិថិជន យកទៅចិញ្ចឹមបន្ត លោកបានធ្វើការថែទាំរយៈពេល២១ថ្ងៃ ជាពិសេសបានផ្តល់វ៉ាក់សាំងគ្រប់គ្រាន់ហើយ ដើម្បីឱ្យមាន់មានសុខភាពល្អ។ ពេលវេលាដែលយើងដាក់ចូលក្នុងទូ រយៈ ពេល២១ថ្ងៃអាចកើតចេញជាកូនបាន ចាប់ពីញាស់ដល់ ២១ថ្ងៃ យើងត្រូវតាមដាន ដាក់អំពូលកម្តៅឱ្យវា យើងធ្វើវ៉ាក់សាំង ផ្តល់វីតាមីន និងចំណីឱ្យវា កូនមាន់ពេលយក ចេញពីទូឱ្យមានសុខភាពល្អ ពេលបញ្ចេញមកយើងត្រូវមានធុងសម្រាប់ដាក់កូនមាន់ មានក្រាលអង្កាមសម្រាប់ផ្តល់កម្តៅ និងអំពូល និងបន្តដាក់វីតាមីន និងថ្នាំផ្សះ ឱ្យផឹក ដើម្បីមានកម្លាំងផ្សះពោះវៀន ហើយក្រោយមករយៈពេល ៣០ ម៉ោងបានយើងដាក់ចំណី ។ កសិករឈឿម វ៉យ បានឱ្យដឹងទៀតថា កសិដ្ឋានលោកមានលទ្ធភាពបញ្ចេញកូនមាន់លក់នៅរៀងរាល់មួយសប្តាហ៍ម្តង ទៅតាមការបញ្ជាទិញរបស់អតិថិជន ទំាងនៅក្នុងខេត្ត និងតាមបណ្តា ខេត្តផ្សេងៗទៀត ខណៈការចិញ្ចឹមមាន់បានជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ៕
កសិករចិញ្ចឹមមាន់ស្រែនៅក្នុងខេត្តសៀមរាប បង្ហាញបទពិសោធន៍នៃការចិញ្ចឹមមាន់ទទួលបានទិន្នផលខ្ពស់
កសិករចិញ្ចឹមមាន់ស្រែ រយៈពេលជាង១០ឆ្នាំរស់នៅស្រុកសូទ្រនិគម ខេត្តសៀមរាប ចែករំលែកបទពិសោធន៍ នៃការចិញ្ចឹមមាន់បែបធម្មជាតិ តាមរយៈការឱ្យចំណី និងផ្តល់ទឹកផឹក ដោយប្រើប្រាស់តែរុក្ខជាតិដែលដាំដុះបាន នៅជុំវិញផ្ទះប៉ុណ្ណោះ ធ្វើឱ្យមាន់មានសុខភាពល្អ ចៀសផុតពីជំងឺ និងទទួលបានទិន្នផលខ្ពស់។
លោក អ៊ាម ផាន កសិករចិញ្ចឹមមាន់ស្រែ រស់នៅឃុំដានរុន ស្រុកសូទ្រនិគម នៃខេត្តសៀមរាប បានប្រាប់អ្នក យកព័ត៌មាន វិទ្យុជាតិកម្ពុជាថា លោកចិញ្ចឹមមាន់ស្រែប្រមាណ១០០ក្បាលក្នុងនោះ មាន់មេជាង ២០ក្បាល និងមាន់យកសាច់ខ្លះ ដោយក្នុងមួយខែលោកអាចលក់មាន់សាច់ បានចន្លោះពី១០ទៅ២០គីឡូក្រាម ។
លោកបន្តថា តាមរយៈបទពិសោធន៍នៃការចិញ្ចឹមមាន់រយៈពេលជាង១០ឆ្នាំមកនេះ លោកអនុវត្តតាមវិធីសាស្ត្រពីបុរាណ ដោយឱ្យមាន់ផឹកទឹករុក្ខជាតិនានាដូចជា បណ្តូលពេជ្រ ស្លឹកគ្រៃ ស្លឹកស្តៅ ដើម្បីកុំឱ្យមាន់ងាប់ និងការចិញ្ចឹមឱ្យចំណីប្រភេទ រុក្ខជាតិជុំវិញផ្ទះ ដូចជា៖ត្រកួន ស្លឹកបាស ក្ទម្ពទេស លាយជាមួយពោត កន្ទក់ជាប្រចាំ ធ្វើឱ្យមាន់មានភាពធំធាត់ល្អ និង ទិន្នផលក៏ទទួលបានខ្ពស់។
លោកបន្តថា ចំពោះបញ្ហាទីផ្សារលក់ចេញ ក៏ពុំសូវប្រឈមប៉ុន្មានឡើយ ព្រោះថា មាន់ដែលចិញ្ចឹមបែបនេះ ពេញនិយម ទទួលទានពីសំណាក់ប្រជាពលរដ្ឋ។
សំឡេង៖មាន់ស្រែបើយើងចិញ្ចឹមចាប់ពីភ្ញាស់ បើមានចំណីត្រឹមត្រូវ ប្រាំខែបានលក់ ពីមុនខ្ញុំចិញ្ចឹមជាមួយអង្គការហ្គ្រេត ខ្ញុំចាក់វ៉ាក់សាំងដែរ តែដល់សព្វថ្ងៃខ្ញុំដាក់តែថ្នាំបុរាណ មានដើមឈើ ទីមួយភ្ញាស់ចេញពីទូមកយើងដាក់បណ្តូលពេជ្រឱ្យផឹក រហូតដល់ធំឡើងយើងដាក់ស្តៅ បណ្តូលពេជ្រ ស្លឹកគ្រៃតាមរដូវ នេះរដូវក្តៅ តែដល់ខែភ្លៀងត្រជាក់មក យើងដាក់ជីឆ្អាប លាយទឹកឱ្យផឹក ដល់ចំណីអាតូចយើងឱ្យស៊ីត្រឹមមួយខែទេចំណីទិញគេ ចាប់ពីមួយខែឡើងយើងឱ្យចំណីធម្មជាតិទាំងអស់ ត្រកួន ស្លឹកបាស ក្ទម្ពទេស ដាក់បបរជាមួយ ពោត ត្រី កន្ទក់ឱ្យស៊ី។គុណភាពដាក់ថ្នាំបុរាណ គ្រប់គ្រងបានជាងចាក់វ៉ាក់សាំង បទពិសោធន៍ខ្ញុំប្រើជាង១០ឆ្នាំថ្នាំខ្មែរពូកែជាងច្រើនអត់សូវងាប់។
លោកអ៊ាម ផាន កសិករចិញ្ចឹមមាន់ស្រែបានរំលឹកដល់ប្រជាពលរដ្ឋ ដើម្បីឱ្យមាន់ចៀសផុតពីជំងឺផ្សេងៗនិងឆាប់ធំធាត់ល្អ កសិករត្រូវយកចិត្តទុកដាក់ក្នុងថែទាំជាពិសេស ត្រូវតែធ្វើការបោសសម្អាតទ្រុងមាន់ជារៀងរាល់ថ្ងៃ និងត្រូវសម្អាតទ្រុង ដោយទឹកសាប៊ូយ៉ាងហោចណាស់មួយសប្តាហ៍ម្តង។
សូមជម្រាបផងដែរថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានបំផុសប្រជាកសិករនៅតាមមូលដ្ឋាន ដែលមាន សក្តានុពលផលិតកម្មកសិកម្ម ឱ្យធ្វើការដាំដុះស្បៀង ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ស្របតាមបច្ចេកទេសកសិកម្មបែបទំនើប ដើម្បីបង្កើនផលិតកម្មស្បៀងប្រកបដោយគុណភាព និងសុវត្ថិភាព សំដៅរួមចំណែកបង្កើតនូវឱកាសការងារ និងប្រាក់ចំណូល ដល់ប្រជាពលរដ្ឋនៅជនបទ៕