ការចិញ្ចឹមមាន់ស្រែនៅតាកែវ មានកសិករចូលរួមជាង ៣០០ គ្រួសារ ខណៈអង្គការ ១ ចងក្រងជាសហគមន៍តាមខេត្តចំនួន ១១ នៅកម្ពុជា
កន្លងមកនៅតាមកសិដ្ឋានមួយចំនួនគេឃើញមានការចិញ្ចឹមមាន់យកសាច់និងយកពងដោយឱ្យចំណីផលិតតាមបច្ចេកទេសកសិកម្ម ហើយមាន់ចិញ្ចឹមប្រភេទនេះគេតែងហៅថាមាន់កសិកម្ម ប៉ុន្តែមានអង្គការមួយឈ្មោះហេហ្វឺអន្តរជាតិកម្ពុជា បានចងក្រងប្រជាកសិករនៅតាមខេត្តចំនួន ១១ ដើម្បីចិញ្ចឹមមាន់ស្រែ។ក្នុងនោះមានស្រុក២ក្នុងខេត្តតាកែវមានប្រជាកសិករជាង ៣០០ គ្រួសារ កំពុងទទួលបានការគាំទ្រខ្លាំងលើទីផ្សារពីការចិញ្ចឹមមាន់ស្រែនេះ។
លោក ជា ទី ជាសមាជិក ១ រូប ក្នុងចំណោមសមាជិកជាង ៣០០ នាក់ នៃសហគមន៍រនាមសាមគ្គីចិញ្ចឹមមាន់ស្រែរស់នៅភូមិជ្រៃនាង ឃុំស្រែរនោង ស្រុកត្រាំងកក់ ខេត្តតាកែវ បានឱ្យភ្នំពេញប៉ុស្តិ៍ដឹងថា លោកចាប់ផ្តើមចូលជាមាជិកក្នុងសហគមន៍៤ទៅ៥ឆ្នាំមកហើយ ហើយការចិញ្ចឹមមាន់ស្រែរបស់លោកគឺចាប់ផ្ដើមពីការចិញ្ចឹមកូនមាន់រហូតដល់មាន់ពេញសាច់គ្រប់អាយុលក់តែម្តង។
លោកបានឱ្យដឹងទៀតថា បច្ចុប្បន្ននេះលោកបានចិញ្ចឹមកូនមាន់ស្រែដែលមានអាយុចាប់ពី២៨ថ្ងៃឡើង ចន្លោះពី ៥០០ ទៅ ៦០០ ក្បាល ខណៈមាន់ធំៗលោកបានចាប់លក់ឱ្យសហគមន៍អស់ហើយប៉ុន្តែការចិញ្ចឹមកូនមាន់ស្រែនេះក៏ត្រូវការបច្ចេកទេសមើលថែខ្លាំងណាស់ដែរ រាប់ចាប់តាំងពីឱ្យចំណី និងការព្យាបាលដោយចាក់វ៉ាក់សាំង ព្រោះបើមិនមានការថែទាំឱ្យបានដិតដល់ទេ កូនមាន់នឹងឈឺងាប់ដោយសារជំងឺផ្សេងៗ។
លោកបានបន្តថា លោកក៏មានទូអគ្គិសនីសម្រាប់ភ្ញាស់កូនមាន់ស្រែដែរ ដែលជាការផ្តល់ពីអង្គការហេហ្វឺអន្តរជាតិកម្ពុជា ហើយខាងអង្គការក៏ជួយទំនុកបម្រុងជាថវិកាក្នុងការធ្វើដើមទុនផងដែរ។ចំពោះទូ១គ្រឿងអាចផ្ទុកពងមាន់បាន ១ ៨៨០ពង និងប្រើរយៈពេលភ្ញាស់២១ថ្ងៃគឺញាស់ចេញជាកូនមាន់ស្រែតែម្តង។
ក៏ប៉ុន្តែលោកថា ក្នុងពងមាន់ទាំង១ ៨៨០ពងនោះ វាមិនញាស់បានទាំងអស់ទេ ព្រោះមានពងខ្លះមិនអាចបង្កកំណើតបាន តែមានភាគតិចប៉ុណ្ណោះដែលខូច ហើយក្រៅពីនោះលោកទទួលផលជាកូនមាន់បានច្រើន។ការភ្ញាស់ពងមាន់ស្រែនេះវាមិនពឹងផ្អែកតែកម្ដៅនៅក្នុងទូទេ តែវាអាស្រ័យលើអាកាសធាតុប្រែប្រួលនៅខាងក្រៅដែរ ដូចជា ក្តៅខ្លាំងឬត្រជាក់ខ្លាំងជាដើម។
លោកបន្តទៀតថា ក្រោយពីញាស់បានជាកូនមកហើយ យើងត្រូវចាក់ថ្នាំព្យាបាលឱ្យវាជាសះផ្ចិតវាជាមុនសិន បន្ទាប់មកយើងឱ្យចំណីសម្រាប់សត្វឱ្យវាស៊ីសិន។ក្រោយចិញ្ចឹមបានអាយុ២១ថ្ងៃគឺយើងឱ្យចំណីដែលលាយផ្សំពីធម្មជាតិឱ្យកូនមាន់ស៊ី រហូតដល់មាន់ធំធាត់លូតលាស់ល្អយើងត្រូវបន្ថយចំណីវា។ចំពោះការចិញ្ចឹមវិញ គឺលោកធ្វើជាទ្រុងលើផ្ទៃដីរាងធំទូលាយលែងឱ្យកូនមាន់ដើរ និងដើម្បីឱ្យវាទទួលបានខ្យល់អាកាសល្អ ពោលគឺនៅកន្លែងទ្រុងចិញ្ចឹមមាន់នេះ ត្រូវមានបរិស្ថានល្អ។
លោកថ្លែងថា៖ «ខ្ញុំសប្បាយចិត្តដែលបានចូលរួមក្នុងសហគមន៍ចិញ្ចឹមមាន់ស្រែនេះ ព្រោះរបរនេះវាបានជួយដល់ជីវភាពគ្រួសារខ្ញុំបានប្រសើរមួយកម្រិតដែរ។ខ្ញុំព្យាយាមកៀរគរបងប្អូនដើម្បីចាប់របរនេះដែរ ព្រោះយើងធ្វើស្រែផងចិញ្ចឹមមាន់ជាសហគមន៍ផងធ្វើឱ្យជីវភាពយើងបានរុងរឿង»។
ដោយឡែកលោក សោម គឹមសាន ជាអនុប្រធានសហគមន៍រនាមសាមគ្គីនិងជាអ្នកដែលកំពុងចិញ្ចឹមមាន់ស្រែម្នាក់ដែរនោះបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅក្នុងកសិដ្ឋានរបស់លោកមានចិញ្ចឹមកូនមាន់ស្រែប្រមាណជា៤០០ទៅ៥០០ក្បាល។ក្រោយពីមាន់ស្រែធំៗលក់អស់ទៅ លោកក៏មានភ្ញាស់ពងមាន់ស្រែដែរ ហើយពងមាន់ដែលលោកភ្ញាស់នេះ នៅពេលដែលវាញាស់ចេញជាកូនមាន់ វានឹងផ្តល់ពងមកវិញនៅខែមិថុនា ឆ្នាំ២០២៣។
ចំពោះទីផ្សារលក់មាន់វិញ កាលពីសម័យជំងឺកូវីដហាក់ធ្លាក់ចុះខ្លាំង តែបច្ចុប្បន្ននេះហាងឆេងលក់មាន់មានទីផ្សារល្អវិញហើយ។សម្រាប់មាន់រស់អាចលក់ឱ្យសហគមន៍ហើយសហគមន៍គិតក្នុងតម្លៃទីផ្សារទូទៅគឺក្នុង១គីឡូក្រាម តម្លៃ១ម៉ឺន៦ពាន់រៀលទៅ១ម៉ឺន៧ពាន់រៀល ប៉ុន្តែសម្រាប់មាន់មេចិញ្ចឹមវាមានទម្ងន់មិនដល់២គីឡូក្រាមទេ ខណៈមាន់បោចហើយ លក់ក្នុង១គីឡូក្រាមថ្លៃ២ម៉ឺន៦ពាន់រៀល។
លោកបានឱ្យដឹងទៀតថា ចំពោះទ្រុងសម្រាប់ចិញ្ចឹមកូនមាន់វិញគឺជាទ្រុងសំណាញ់ដែក ប៉ុន្តែសម្រាប់លោកវិញគឺធ្វើទ្រុងសំណាញ់ដែលមានទទឹងប្រវែង២ម៉ែត្រ បណ្តោយ៥ម៉ែត្រ ដាក់កូនមាន់៥០ក្បាល។ទ្រុងបែបនេះគឺអាចឱ្យកូនមាន់ដើរលេងបាននៅក្នុងទ្រុងដែលមានលក្ខណៈទូលាយមិនចង្អៀតដែលវាអាចដើរលេងក្នុងទ្រុងបានរហូតដល់ចាប់លក់តែម្តង។ចំពោះបញ្ហាចំណីមាន់វិញគឺគេមិនអាចប្រើចំណីសត្វទាំងស្រុងទេ គ