Tin tức
ពូជមាន់អូណាកាដូរិ របស់ជប៉ុនមានកន្ទុយវែងដល់១០ម៉ែត្រប្រឈមនឹងការផុតពូជ
ប្រទេសជប៉ុន ៖ អូណាកាដូរិ គឺជាសត្វមាន់កន្ទុយវែង ដែលមានពិតប្រាកដនៅលើពិភពលោក ហើយវាមិនមែនជាមាន់ក្នុងរឿងនិទានទេ ។ បើទោះជារូបរាងរបស់វាពុំខុសប្លែកពីសត្វមាន់ផ្សេងទៀត ប៉ុន្តែកន្ទុយវាវែងជាសត្វក្ងោក ខណៈអ្នកបានឃើញមាន់កន្ទុយវែងនេះ គិតថា វាគ្រាន់តែជារូបភាពកាត់តប៉ុណ្ណោះ ។ មាន់អូណាកាដូរិ គឺជាពូជកម្រលើពិភពលោក ដែលវាមានកន្ទុយវែងយ៉ាងពិសេស ហើយកន្ទុយមាន់អូណាកាដូរិ ខ្លះអាចវែងរហូតដល់១០ម៉ែត្រឯណោះ ។ មាន់ចំនួន១០ពូជត្រូវបានចាត់ទុកថា ជាសម្បត្តិជាតិរបស់ជប៉ុន ក្នុងនោះមានតែពូជមាន់អូណាកាដូរិ មួយប៉ុណ្ណោះ ដែលទទួលបានសិទ្ធិពិសេសនៅឆ្នាំ១៩៥២ ។ តាំងពីពេលនោះមក ជប៉ុនហាមនាំចេញមាន់ប្រភេទនេះ និងស៊ុតរបស់វាទៅក្រៅប្រទេស ទើបយើងពុំធ្លាប់ឃើញមាន់កន្ទុយវែងនៅប្រទេសផ្សេង ក្រៅពីជប៉ុន ។
ចំណែកមូលហេតុធ្វើឱ្យមាន់នេះមានកន្ទុយវែង ដោយសារវាមិនជ្រុះរោម និងធ្វើឱ្យកន្ទុយរបស់វាវែងខ្លាំងពុំគួរឱ្យជឿ ។ បើពួកវាត្រូវបានគេចិញ្ចឹមនៅកន្លែងមានបរិយាកាសល្អ នឹងធ្វើឱ្យកន្ទុយវាកាន់តែដុះវែងខ្លាំងឡើងរហូតដល់វាងាប់ ។ ប្រវត្តិរបស់មាន់កន្ទុយវែង ត្រូវបានពលរដ្ឋជប៉ុនរៀបរាប់បន្តគ្នាតាំងពីរាប់ពាន់ឆ្នាំមុនមកម្ល៉េះ ។ ពលរដ្ឋជប៉ុនជឿថា ពូជមាន់អូណាកាដូរិ ទើបតែងបង្កើតឡើងនៅសតវត្សទី១៧ ក្នុងទីក្រុងថូសាក់ លើកោះឈីកូគុ ប្រទេសជប៉ុន ។ ប៉ុន្តែគ្មានអ្នកណាដឹងច្បាស់ថា កន្ទុយវែងរបស់វាមានដើមកំណើតមកពីណាទេ ។ រីឯអ្នកជំនាញជឿថា មាន់អូណាកាដូរិ មានកន្ទុយវែង ដោយសារវាមានតំណរពូជមកពីពូជមាន់កន្ទុយវែងផ្សេងទៀត ដូចជា ៖ ពូជឆូកូកុ, ថូថេនកុ និងមីណូហ៊ីគិ ។ មាន់អូណាកាដូរិ មានកន្ទុយវែងយ៉ាងស្រស់ស្អាត គឺបណ្តាលមកពីការហ្សែនដែលជួយឱ្យរោមរបស់វាមិនជ្រុះ ព្រមទាំងមានហ្សែនផ្សេងទៀតជួយឱ្យរោមដុះវែង ។
អ្វីគួរឱ្យចាប់អារម្មណ៍ គឺកន្ទុយមាន់អូណាកាដូរិ មិនជ្រុះពីខ្លួននេះ កើតឡើងតែលើមាន់ឈ្មោលប៉ុណ្ណោះ ប៉ុន្តែរោមនៅផ្នែកផ្សេងទៀតនឹងជ្រុះក្នុងរយៈពេល៣ឆ្នាំម្តង ។ នេះជាមូលហេតុដែលអ្នកបង្កាត់ពូជមាន់នៅអឺរ៉ុបពុំចូលចិត្តមាន់នេះទេ ដោយសារកន្ទុយវែងរបស់វានឹងនៅជាប់ខ្លួនរយៈពេលយូរ ។ ក្រៅពីនេះ មាន់អូណាកាដូរិ ពិបាករស់នៅតំបន់អឺរ៉ុប ព្រោះតែអាកាសធាតុ ។ ហេតុនេះ អ្នកបង្កាត់ពូជមាន់នៅអឺរ៉ុបបានយកពូជមាន់អូណាកាដូរិ ទៅបង្កាត់ពូជជាមួយមាន់អឺរ៉ុប ដើម្បីឱ្យវាអាចរស់នៅតំបន់អឺរ៉ុបបាន ។ ក្រោយពេលបង្កាត់ពូជរួច ពួកគេក៏ទទួលបានពូជមាន់ថ្មីឈ្មោះ «យឺរ៉ាម៉ាន់ ហ្វីនិក» ដែលមានលក្ខណៈស្រដៀងនឹងមាន់អូណាកាដូរិយ៉ាងខ្លាំង ប៉ុន្តែវាជ្រុះរោមញឹកញាប់ ។ ពូជមាន់អូណាកាដូរិ សុទ្ធនឹងមានកន្ទុយវែងយ៉ាងហោចណាស់១ម៉ែត្រកន្លះ ហើយបើគេចិញ្ចឹមវានៅកន្លែងមានបរិយាកាសល្អ កន្ទុយរបស់វានឹងដុះវែងជិត១ម៉ែត្រក្នុង១ឆ្នាំ ។ ហេតុនេះ មាន់អូណាកាដូរិ កន្ទុយវែងបានក្លាយជារឿងធម្មតានៅជប៉ុន ខណៈទិន្នន័យមាន់មានកន្ទុយវែងបំផុត គឺស្មើនឹង១១.៣ម៉ែត្រ ។
ក្រៅពីមាន់អូណាកាដូរិ មានកន្ទុយវែងហើយ វានឹងមានតម្លៃខ្ពស់តាមចំនួនរោមពិសេសនៅលើកន្ទុយ ដែលរោមនេះហៅថា «Kawaro-Honge» គឺមានរោមចាប់ពី១ ទៅ៤រោមលើកន្ទុយ ។ បើមាន់ណាមានរោម Kawaro-Honge ចំនួន៤ វានឹងក្លាយជាតម្រូវការរបស់អ្នកបង្កាត់ពូជមាន់ និងមានតម្លៃខ្ពស់ ។ បច្ចុប្បន្ន មាន់អូណាកាដូរិ ត្រូវបានចាត់ទុកថា ជាសត្វប្រឈមនឹងការជិតផុតពូជ ហើយនៅសល់ត្រឹមតែ២៥០ក្បាលប៉ុណ្ណោះ ។ មូលហេតុមួយក្នុងចំណោមមូលហេតុធ្វើឱ្យវាជិតផុតពូជ គឺដោយសារវាពងត្រឹមតែ២៥ ប៉ុណ្ណោះក្នុង១ឆ្នាំ ៕
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi