ខ្លីៗពីបច្ចេកទេសចិញ្ចឹម និងថែបំប៉នមាន់ស្រុកដែលកសិករគួរយល់ដឹង
ចិញ្ចឹមមាន់ ជាមុខរបរមួយដែលបងប្អូនប្រជាកសិករនិយមចូលចិត្តចិញ្ចឹម ទាំងការចិញ្ចឹមទ្រុងទ្រាយតូចជាលក្ខណៈគ្រួសារ ទាំងការចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងទ្រង់ទ្រាយធំរហូតឈានទៅដល់លក្ខណៈកសិដ្ឋាន។ យ៉ាងណាក៏ដោយ មិនថាទោះជាការចិញ្ចឹមក្នុងទ្រង់ទ្រាយបែបណានោះទេ ដើម្បីឱ្យការចិញ្ចឹមឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានផលល្អ អ្នកចិញ្ចឹមគួរតែយល់ដឹងពីចំណុចសំខាន់ៗមួយចំនួនក្នុងការចិញ្ចឹម និងថែបំប៉នមាន់ជាមុនសិន។
បច្ចេកទេសក្នុងការចិញ្ចឹមមាន់ស្រុក គឺមិនខុសសគ្នាប៉ុន្មាននោះទេ ប៉ុន្តែប្រសិនបើកសិករចេះពីរបៀបក្នុងការថែបំប៉នត្រឹមត្រូវ វានឹងធ្វើឱ្យគុណភាពសាច់មាន់កាន់តែល្អប្រសើរ កាត់បន្ថយរយៈពេលចិញ្ចឹម អាចពង្រីកការចិញ្ចឹមតាមតម្រូវការទីផ្សារ ពោលគឺអាចបង្កើនប្រាក់ចំណូលផ្ទាល់តែម្ដង។
តួយ៉ាងការចិញ្ចឹម និងថែបំប៉នមាន់សម្រាប់ទីផ្សារ កសិករត្រូវយកចិត្តទុកដាក់ទៅលើការជ្រើសរើសពូជមាន់ដែលល្អ និងត្រូវតាមតម្រូវការទីផ្សារ ដូចជា កូនមាន់ដែលជាមាន់គក មាន់សំពៅ មាន់កណ្ដូង មាន់ចែ មាន់ខ្មៅ មាន់ក្លឹងជាដើម ដែលមានអាយុចន្លោះពី ២១-៣០ថ្ងៃ ត្រូវចាក់វ៉ាក់សាំងការពារជំងឺឱ្យបានត្រឹមត្រូវ ទើបកូនមាន់មានសុខភាពល្អ លូតលាស់លឿន និងចៀសពីជំងឺសាហាវផ្សេងៗ ដូចជា ជំងឺញូវកាស កំបូរ៉ូ និងអុត។ ក្នុងជ្រើសរើសកូននេះផងដែរ កសិករអាចធ្វើឡើងតាមរយៈការរើសកូនមាន់ដែលមានស្រាប់ និងការទិញពីកសិដ្ឋានភ្ញាស់កូនមាន់ដែលងាយស្រួលដឹងពីស្ថានភាព ឬអាចទិញពីអ្នកភូមិណាដែលស្គាល់ប្រវត្តិច្បាស់លាស់ ចៀសវាងប៉ះពូជណាដែលមានជំងឺ។
ចំពោះលក្ខណៈកូនមាន់ដែលកសិករគួរទិញយកទៅចិញ្ចឹម ត្រូវមានរាងល្អ ក្លៀវក្លា ជើងលឿង មានចាក់វ៉ាក់សាំងយ៉ាងតិច ២មុខ និងចៀសវាងរើសយកកូនមាន់ដែលមានរោមស្អិតគ្នា ពោះធ្លាក់ ឬរឹង និងមានពណ៌ខៀវ។
ចំណុចសំខាន់មួយទៀតនោះគឺ ការសាងសង់ទ្រុងដែលធ្វើយ៉ាងណាងាយស្រួលសម្រាប់អ្នកចិញ្ចឹមក្នុងការគ្រប់គ្រង ងាយក្នុងការឱ្យចំណី ថែទាំ អាចការពារកូនមាន់ពីចោរកម្ម និងសត្វកាចសាហាវស៊ី ថែមទាំងអាចទប់ទល់នឹងការប្រែប្រូលអាកាសធាតុថែមទៀតផង។ ជាក់ស្ដែងទ្រុងសម្រាប់មាន់អាយុចន្លោះ ១-៣០ថ្ងៃ ត្រូវវធ្វើផុតពីដីកន្លះម៉ែត្រ បាតទ្រុង និងជញ្ជាំងអាចធ្វើពីឫស្សី ឬសំណាញ់ដែក ឬនីឡុងដោយជញ្ជាំងអាចយកបាវព័ទ្ធ ឯបាតទ្រុងត្រូវក្រាលអង្កាម ឬអាចម៍រណាដើម្បីរក្សាកម្ដៅឱ្យកូនមាន់។
បន្ទាប់ពីនោះ គេត្រូវបំបែកកូនមាន់ចេញពីទ្រុងកូន ដោយដាក់ទៅក្នុងទ្រុងបំប៉ន ឬទ្រុងមាន់សាច់ ដោយការសាងសង់ទ្រុងមាន់បំប៉នត្រូវមានខ្យល់ចេញចូលបានល្អ មិនលិចទឹក មានសម្រាប់មាន់ដេក អាចយកស្បូវ ឬស្លឹកត្នោតធ្វើជាដំបូលក៏បាន។ ចំណែកចំណី ក៏ត្រូវបែងចែកចំណីសម្រាប់កូនមាន់ ដែលត្រូវការសារធាតុចិញ្ចឹមខ្ពស់ ពិសេសប្រូតេអ៊ីនដែលត្រូវប្រើលាយចំណីកែច្នៃ ជាមួយចំណីសម្រេច ឯចំណីសម្រាប់មាន់ជំទង់ និងមាន់ធំ គេត្រូវការចំណីដែលមានផ្ទុកនូវប្រូតេអ៊ីនតិចជាងកូនមាន់ តែត្រូវការចំណីផ្ដល់ថាមពលពីគ្រាប់ធញ្ញជាតិដូចជាកន្ទក់ ស្រូវត្រាំ កម្ទេចពោត និងបន្ថែមបន្លែដូចជា កន្ធំថេត ត្រកួន ចកបាយទា ស្លឹកដំឡូងមីស្ងួតជាដើម។
ក្នុងការឱ្យចំណីនេះទៀតសោត សម្រាប់មាន់ជំទង់ ឬមាន់ធំ ត្រូវផ្ដល់ចំណីឱ្យបាន ២-៣ដងក្នុងមួយថ្ងៃដោយលាយជាមួយចំណីបាវ ៥០ភាគរយ និងចំណីដែលមានក្នុងភូមិដូចជាកន្ទក់ ចុងអង្ករ ស្រូវជាដើម ៥០ភាគរយទៀត។ ថែមលើនេះ អ្នកចិញ្ចឹមក៏ត្រូវហាន់ ឬចិញ្ច្រាំត្រកួន ចំណីបន្លែបៃតងផ្សេងទៀតសម្រាប់លាយជាមួយចំណីគ្រាប់ឱ្យមាន់ស៊ីបន្ថែមទៀតឆាប់ធំ។ ក្រៅពីនេះ ជន្លេនក្រហមក៏ជាប្រភពចំណីដ៏មានប្រូតេអ៊ីនសម្រាប់ការចិញ្ចឹមមាន់ផងដែរ។
ចំណុចសំខាន់ដែលគេមិនអាចមើលរំលងនោះគឺការធ្វើអនាម័យនៅកន្លែងចិញ្ចឹម ដែលជាផ្នែកមួយសំខាន់ដើម្បីការពារមាន់ពីការឆ្លងជំងឺកាចសាហាវ។ ចំណែកចំណី និងទឹក ក៏ត្រូវតែយកចិត្តទុកដាក់ពីរឿងអនាម័យផងដែរ ដោយដាក់ទឹកស្អាតឱ្យមាន់ផឹក និងផ្លាស់ប្ដូរទឹកថ្មីរៀងរាល់ថ្ងៃ ហើយចំណីត្រូវយកចំណីដែលមានគុណភាព ចៀសវាងចំណីមានផ្សិត ឬផ្អូម៕