មាន់ជល់ ៣ក្បាលលក់បានជាង ៧ម៉ឺនដុល្លារនៅថៃ
អ្នកម៉ៅការសាងសង់អគារម្នាក់ក្នុងប្រទេសថៃ បានជះលុយ ២,៥លានបាត (ប្រហែល៧៤៤០៣ដុល្លារ) ទិញមាន់ជល់បីក្បាល ពីកសិដ្ឋានមួយនៅខេត្ត Roi Et ដែលជាតម្លៃថ្លៃបំផុតក្នុងឆ្នាំនេះ។
បើតាមសារព័ត៌មាន Bangkok Post បានចុះផ្សាយថា កាលពីថ្ងៃពុធម្សិលមិញនេះ បុរសវ័យ ៤២ឆ្នាំឈ្មោះ Payungsak Saengchan រស់នៅខេត្ត Nonthaburi បានចំណាយលុយ ២,៥លានបាត ទិញមាន់ជល់បីក្បាលពីកសិដ្ឋាន Kittisak ស្រុក Muang ខេត្តRoi Et។ មាន់ជល់នីមួយៗ មានអាយុ ២ឆ្នាំ ហើយមាន់ឈ្មោះ Vanorn បានប្រកួតឈ្នះ ៨ដង មាន់ឈ្មោះ Chao Mafueng បានប្រកួតឈ្នះជាប់គ្នា ៣ដង និងមាន់មួយទៀតឈ្មោះ Chao Si Nor។
ម្ចាស់កសិដ្ឋានឈ្មោះ Kittisak Chanthong បានកំណត់ថ្លៃមាន់របស់ខ្លួនទាំងបីក្បាលក្នុងតម្លៃកប់ពពក ដោយក្នុងមួយក្បាលមានតម្លៃ ១លានបាត។ ក្រោយមកបុរសវ័យ ៣៦ឆ្នាំនេះ បានយល់ព្រមលក់មាន់ទាំងបីក្បាលរបស់ខ្លួនទៅឲ្យលោក Payungsak ក្នុងតម្លៃ ២,៥លានបាត។
លោក Payungsak បាននិយាយថា ខ្លួនធ្វើដំណើរទៅដល់កសិដ្ឋាន បន្ទាប់ពីឮដំណឹងមានពូជមាន់ជល់ល្អ។ លោកចង់បានមាន់ទាំងបីនេះ ដើម្បីបង្កាត់ពូជនៅឯកសិដ្ឋានរបស់ខ្លួនក្នុងខេត្ត Nonthaburi។ បន្ទាប់មក លោកនឹងលក់កូនមាន់ដែលមានអាយុ ២ ទៅ ៣ខែ ក្នុងតម្លៃពី ២៥០០ ទៅ ៥០០០បាតក្នុងមួយគូ។
លោក Kittisak ដែលជាម្ចាស់កសិដ្ឋាន បាននិយាយថា មានទាំងបីនេះ បង្កាត់ពូជមកពីមាន់ជល់ម្ចាស់ជើងឯក Chao Kheng Khao ដែលលក់បានតម្លៃ ១ ០៥៩ ៩៩០បាត កាលពីឆ្នាំ២០០៨។ សព្វថ្ងៃនេះ កសិដ្ឋានរបស់លោកមានមាន់ជល់ជាង ២០០០ក្បាល៕