ព័ត៌មានបក្សី
កសិដ្ឋានចិញ្ចឹមពូជមាន់ខ្មៅនៅខេត្តមណ្ឌលគិរីកំពុងមានទីផ្សារល្អនៅក្នុងខេត្ត
ម្ចាស់កសិដ្ឋាន៤០០ នៅខេត្តមណ្ឌលគិរី រីករាយនឹងមុខរបរចិញ្ចឹមពូជមាន់ខ្មៅដោយសារលក់បានតម្លៃខ្ពស់ និងមានទីផ្សារល្អ ។ លោក ហាច ឆន ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ខ្មៅ ស្ថិតនៅក្នុងភូមិអូរណា ឃុំស្រែភ្ជុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានបញ្ជាក់ថា កសិដ្ឋានរបស់លោក បានចិញ្ចឹមពូជ មាន់ខ្មៅ រហូតដល់ជាង១ពាន់ក្បាល ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់សាច់ និងពងមាន់ខ្មៅ នៅក្នុងខេត្ត និងការនាំចេញទៅក្រៅខេត្ត។ លោកបញ្ជាក់ថា មុខរបរចិញ្ចឹមពូជមាន់ខ្មៅនេះ គឺត្រូវយល់ឱ្យបានច្បាស់ពីបច្ចេកទេសនៃការចិញ្ចឹម ដើម្បីមាន់មានសុវត្ថិភាព ពិសេសគឺត្រូវសិក្សាស្វែងយល់ពីរបៀប ថែទាំ ការឱ្យចំណី ការដាក់ថ្នាំ និងការព្យាបាល ដើម្បីឱ្យមាន់ធំធាត់ល្អ តម្រូវទីផ្សារ លោកបន្តថា ការចិញ្ចឹមមាន់ខ្មៅ មានផលចំណេញច្រើន ដោយអាចលក់ទាំងសាច់ ទាំងពង បានតម្លៃល្អ ព្រោះមានទីផ្សារ ហើយ ។ លោក ហាច ឆន បានឱ្យដឹងពីផលដែល ទទួលបានពីការចិញ្ចឹមមាន់ខ្មៅនេះថា ពងមាន់ខ្មៅ ខ្លះគេលក់បានមួយ១០ដុល្លារ រហូតដល់១៥ដុល្លារ ឬក៏១០០០០រៀល ។ចំពោះអត្ថប្រយោជន៍របស់វាគឺ សម្បូរទៅ ដោយពពួកខលឡាជែនធម្មជាតិច្រើន ខលឡាជែនគឺជំនួយដល់សុខភាពច្រើន ។ ម្ចាស់កសិដ្ឋានរូបនេះក៏បានអំពាវនាវឱ្យប្រជាកសិករដទៃទៀត មុននឹងចង់ចិញ្ចឹមពូជមាន់ខ្មៅនេះ គួរតែចិញ្ចឹមមាន់ស្រែ ឱ្យបានជោគជ័យសិន ដោយសារយើងត្រូវស្វែងយល់ពីរបៀបចិញ្ចឹម ការប្រើប្រាស់ថ្នាំ ការព្យាបាលឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យខុសបច្ចេកទេស ធ្វើឱ្យខាតបង់ថវិកា ជាពិសេសសូមឱ្យប្រជាពលរដ្ឋទាំងអស់ ជួយគាំទ្រមាន់ក្នុងស្រុក ដើម្បីលើកស្ទួយជីវភាពពលរដ្ឋយើង ក៏ដូចជាលើកស្ទួយវិស័យកសិកម្មក្នុងខេត្តផងដែរ។ សូមបញ្ជាក់ថា កសិដ្ឋាន៤០០ មានទីតាំងស្ថិតនៅក្នុងភូមិអូរណា ឃុំស្រែភ្ជុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ លោកបានចាប់យកមុខរបរនេះ អស់រយ:ពេលបីឆ្នាំមកហើយ ដោយមានពូជមាន់ខ្មៅចំនួន៤ប្រភេទ ហើយក្នុងនោះ ពូជមាន់ខ្មៅនេះមានតម្លៃចាប់ពី៣០ដុល្លារដល់រហូតដល់ជាង១០០ ដុល្លារ ក្នុងមួយក្បាលទៅតាមប្រភេទមាន់៕
ចូលទៅកាន់ ក្រុមតេលេក្រាម
ចូលទៅកាន់ ហ្វេសបុកផេកពួកយើង