Tin tức
មុខរបរចិញ្ចឹមមាន់ស្រែនៅខេត្តបន្ទាយមានជ័យ មានទីផ្សារល្អ
មុខរបរចិញ្ចឹមមាន់ស្រែរបស់ប្រជាកសិករក្នុងខេត្តបន្ទាយមានជ័យ កំពុងទទួលបានលទ្ធផលនិងមានទីផ្សារល្អ ដែលអាចជួយលើកកម្ពស់ជីវភាពគ្រួសាររបស់បងប្អូនបានមួយកម្រិត ។ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តបន្ទាយមានជ័យ បានប្រាប់វិទ្យុជាតិកម្ពុជាថា មានកសិករជាច្រើនគ្រួសារនៅក្នុងខេត្ត បានងាកមកប្រកបរបរចិញ្ចឹមមាន់ស្រែវិញ ដើម្បីរកចំណូលបន្ថែម សម្រាប់ ផ្គត់ផ្គង់ក្នុងគ្រួសារផង និងតម្រូវការក្នុងស្រុកផង ។ លោកបានបន្តថា ប្រជាកសិករយើង បានចិញ្ចឹមជាលក្ខណៈគ្រួសារ ដោយក្នុងមួយគ្រួសារៗ ចិញ្ចឹមចាប់ពី៣០ទៅ៥០ក្បាល ហើយសម្រាប់មាន់សាច់ អាចលក់ចេញបានក្នុងតម្លៃ១៨,០០០រៀល ទៅ២០,០០០រៀល ក្នុងមួយគីឡូក្រាម។ ចំណែកកូនមាន់ អាចលក់បានក្នុងតម្លៃពី២០០០រៀល ទៅ៣៥០០រៀល តាមអាយុរបស់វា។លោកបានបន្តទៀតថា មន្ទីរ បានចុះជំរុញនិងណែនាំ ដល់ប្រជាកសិករ ឱ្យយល់ដឹងកាន់តែច្បាស់ ពីបច្ចេកទេសក្នុងការចិញ្ចឹមមាន់ ប្រើរយៈពេលខ្លី និងឆាប់ទទួលបានផល ។ ឥឡូវនេះ យើងកំពុងតែបណ្ដុះបណ្ដាលគាត់ ហើយយើងនឹងជ្រើសរើសកសិករគំរូម្នាក់ បង្ហាញនៅក្នុងបណ្ដុំហ្នឹង ហើយកសិករគំរូហ្នឹង យើងបានផ្គត់ផ្គង់ជាសម្ភារឱ្យគាត់ ដើម្បីធ្វើការបង្ហាញពីរបៀបក្នុងការចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់លក់ ហើយសព្វថ្ងៃនេះ គឺការចិញ្ចឹមនិងភ្ញាស់កូនមាន់ គឺត្រូវភ្ញាស់នៅក្នុងទូភ្ញាស់មិនមែនឱ្យក្រាបដូចពីមុននោះទេ គឺភ្ញាស់ដោយប្រើ ប្រព័ន្ធអគ្គិសនី ចឹងមួយកន្លែងមួយកន្លែង គាត់អាចភ្ញាស់កូនមាន់បានរាប់ពាន់ក្បាល និងអាចយកទៅលក់នៅទីផ្សារបាន។ លោកប្រធានមន្ទីរ ក៏បានអំពាវនាវឱ្យកសិករដទៃទៀត គួរតែចាប់អារម្មណ៍ពីមុខរបរ ចិញ្ចឹមមាន់បែបនេះ ដើម្បីបង្កើនចំណូល ក្នុងគ្រួសារ និងជួយលើកស្ទួយដល់វិស័យកសិកម្ម ក្នុងនៅកម្ពុជា ៕
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi